Image

លោកប្រធានាធិបតីចិន ស៊ី ជីនពីងធ្លាប់បាននិយាយថា៖

កាលខ្ញុំនៅក្មេង ខ្ញុំជាមនុស្សអាត្មានិយមខ្លាំងណាស់ហើយខ្ញុំតែងតែទាមទារអ្វីដែលល្អបំផុតសម្រាប់ខ្លួនខ្ញុំ។ នៅទីបំផុតមនុស្សនៅជុំវិញខ្លួនខ្ញុំបានចាកចេញពីខ្ញុំម្តងមួយៗសូម្បីតែមិត្តភក្តិរបស់ខ្ញុំ។

ខ្ញុំមិនដែលបន្ទោសថាមកពីខ្លួនឯងទេហើយតែងតែទម្លាក់កំហុសទៅអ្នកដទៃ ហើយថែមទាំងរិះគន់ទៅលើពួកគេទៀត។ ប៉ុន្តែឪពុកខ្ញុំបានបង្រៀនខ្ញុំនូវគោលការណ៍មួយដែលខ្ញុំចងចាំជានិច្ច។

ថ្ងៃមួយគាត់បានធ្វើមី ២ចានហើយដាក់វានៅលើតុ។ ចានមួយមានពងមាន់១គ្រាប់នៅពីលើ ហើយចានមួយទៀតមិនមានពងមាន់នោះទេ។បន្ទាប់មកគាត់បានឱ្យខ្ញុំរើសយកចានមួយ។ នៅគ្រានោះពងមាន់គឺជារបស់មិនងាយបានញ៉ាំទេនៅក្នុងគ្រួសារខ្ញុំ!ទាល់តែមានបុណ្យទាន ឬចូលឆ្នាំថ្មី ទើបយើងបានញ៉ាំវា។ ខ្ញុំក៏បានជ្រើសរើសយកចានដែលមានពងមាន់នៅពីលើ! នៅពេលចាប់ផ្តើមញ៉ាំខ្ញុំគិតក្នុងចិត្តថាខ្លួនឯងឆ្លាតណាស់ និងមានមោទនភាពជាខ្លាំងចំពោះជម្រើសនិងការសម្រេចចិត្តដ៏ឈ្លាសវៃរបស់ខ្ញុំ ហើយថែមទាំងញ៉ាំពងមាន់យ៉ាងសប្បាយទៀតផង។

តែខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលចានឪពុកខ្ញុំមានពងមាន់ដល់ទៅ២គ្រាប់នៅពីក្រោមពីរបស់គាត់! ខ្ញុំសោកស្តាយខ្លាំងណាស់!ហើយខ្ញុំបានស្តីបន្ទោសខ្លួនឯងចំពោះការសម្រេចចិត្តខុសរបស់ខ្ញុំ។

ឪពុកខ្ញុំញញឹមហើយនិយាយមកកាន់ខ្ញុំថា៖”កូនសំលាញ់! កូនត្រូវតែចងចាំថា អ្វីដែលភ្នែកយើងអាចមើលឃើញមិនប្រាកដថាវាជាការពិតនោះទេ។ ប្រសិនបើកូនចង់កេងយកប្រយោជន៍ពីមនុស្សដទៃនោះកូននឹងចាញ់!”

នៅថ្ងៃបន្ទាប់ ឪពុកខ្ញុំបានធ្វើមីចំនួន២ចានទៀត គឺមួយចានដាក់ពងមាន់មួយគ្រាប់នៅពីលើ និងចានមួយទៀតគ្មានពងមាន់នៅពីលើដដែល។ ជាថ្មីម្តងទៀតគាត់បានដាក់ចានទាំងពីរនៅលើតុ ហើយនិយាយមកខ្ញុំថា៖”កូនពុក!កូនរើសទៅ! តើកូនចង់បានចានមួយណា?” ពេលនោះខ្ញុំគិតថាខ្ញុំឆ្លាតជាងមុន។ ខ្ញុំបានរើសយកចានដែលគ្មានពងនៅពីលើ។ ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលខ្ញុំញែកមីរបស់ខ្ញុំទៅ មិនមានសូម្បីតែងពងមាន់មួយគ្រាប់នៅបាតចាន។

ឪពុកខ្ញុំញញឹមហើយនិយាយមកខ្ញុំថា៖ “កូនអើយ! កូនមិនអាចពឹងផ្អែកទៅលើបទពិសោធន៍ដែលកូនធ្លាប់មានជារៀងរហូតនោះទេព្រោះពេលខ្លះជីវិតអាចបោកប្រាស់ ឬលេងសើចជាមួយយើងបាន។ ប៉ុន្តែកូនក៏មិនត្រូវខូចចិត្តពេកនោះដែរ។ កូនគួរចាត់ទុកវាថាគ្រាន់តែជាមេរៀនដែលបានរៀនទៅចុះ។ វាជាអ្វីដែលកូនមិនអាចរៀនវាពីសៀវភៅរៀននោះទេ។”

ថ្ងៃទី៣ ឪពុកខ្ញុំបានធ្វើមីចំនួន២ចានម្តងទៀតដូចលើកមុនដែរ ដោយមួយចានដាក់ពងមាន់១គ្រាប់នៅពីលើនិងចានមួយទៀតគ្មានពងនៅពីលើដដែល។

គាត់បានដាក់ចានទាំង២ នៅលើតុហើយនិយាយមកខ្ញុំម្តងទៀតថា៖ “កូនអើយ! កូនជ្រើសរើសចុះ។ តើកូនចង់បានចានមួយណា?”

ពេលនោះខ្ញុំបានប្រាប់ឪពុកខ្ញុំថា៖ “ពុកគួរតែជាអ្នកត្រូវជ្រើសរើសមុនគេ។ ពុកគឺជាមេគ្រួសារហើយពុកបានលះបង់ច្រើនណាស់ដល់គ្រួសារមួយនេះ។”

ឪពុកខ្ញុំមិនបានបដិសេធទេហើយក៏បានជ្រើសរើសយកចានមួយដែលមានពងមាន់ដាក់នៅពីលើ។ នៅពេលខ្ញុំញ៉ាំមីរបស់ខ្ញុំខ្ញុំប្រាកដក្នុងចិត្តណាស់ថា ចានរបស់ខ្ញុំគ្មានពងមាន់នៅខាងក្នុងចានទេ។តែខ្ញភ្ញាក់ផ្អើលនៅពេលដែលឃើញពងមាន់ដល់ទៅ២គ្រាប់នៅបាតចាន!

ឪពុកខ្ញុំញញឹមដាក់ខ្ញុំដោយក្តីស្រលាញ់នៅក្នុងក្រសែភ្នែករបស់គាត់ហើយនិយាយថា៖”កូនអើយ! កូនត្រូវតែចងចាំណា! នៅពេលដែលកូនគិតពីប្រយោជន៍អ្នកដទៃមុន នោះរឿងល្អនឹងកើតឡើងចំពោះកូនជានិច្ច!”

ចាប់ពីពេលនោះមកខ្ញុំបានប្រើប្រាស់ជីវិតរបស់ខ្ញុំដោយឈរលើគោលការណ៍នេះ។ ទោះខ្ញុំធ្វើអ្វីក៏ដោយទោះបីវាជាបញ្ហាផ្ទាល់ខ្លួន ឬបញ្ហាផ្សេងៗ ខ្ញុំតែងតែប្រាប់ខ្លួនឯងថាត្រូវគិតដល់អ្នកដទៃមុនជានិច្ច។

អត្ថបទសម្រង់ និងកែសម្រួល៖ ismilemaz;