លោក នីក (Nick Vujicic) សញ្ជាតិអូស្រ្តាលី ដែលមានឈ្មោះពេញថា Nicholas James Vujicic ប្រិយមិត្តខ្លះប្រាកដជាធ្លាប់ដឹង ធ្លាប់បានឮពីលោក ដែលជាបុរសដែលកើតមកពុំមានដៃជើងគ្រាប់គ្រាន់ ប៉ុន្តែលោកនៅតែរស់នៅប្រកបដោយក្តីសង្ឃឹមក្នុងជីវិត ហើយជាបុគ្គលនិយាយបំផុសគំនិត(Motivational Speaker) ដ៏ល្បីមួយរូបទៀតផង។ ទោះបីជួបឧបសគ្គជីវិតលំបាកពិការដៃជើងយ៉ាងណាក្តី ក៏បុរសរូបនេះនៅតែជម្នះឧបសគ្គបាន ហើយខាងក្រោមនេះ ជាចំណុចដែលជាមេរៀនអាចឱ្យមនុស្សគ្រប់គ្នាអាចរៀនសូត្រពីលោកបាន៖
១.យល់និងទទួលស្គាល់ថាជីវិតមានឧបសគ្គ
Nick ទទួលស្គាល់ថាវាពុំមែនជារឿងងាយស្រួលឡើយដែលកើតមកមានពិការភាពដូចលោក។ លោកតែងតែមិនសប្បាយចិត្ត ហើយក៏ធ្លាប់បម្រុងនឹងបញ្ចប់ជីវិតខ្លួនឯងទៅទៀតកាលនៅជាកុមារ។ ប៉ុន្តែនៅពេលដែលលោកបានយល់ ហើយទទួលយកស្ថានភាពរបស់គាត់ លោកបានផ្លាស់ប្តូរការគិត និងក្លាយខ្លួនជាមនុស្សគិតវិជ្ជមានរហូតមក។ដូច្នេះ ក្នុងជីវិតរស់នៅ គឺមានរឿងខ្លះដែលជាឧបសគ្គធំក្នុងជីវិតរបស់យើង ដែលតម្រូវឱ្យយើងរៀនទទួលស្គាល់ប៉ុន្តែវាពុំមែនមានន័យថា វាអាចធ្វើឱ្យដំណើរជីវិតជាប់គាំងរហូតនោះទេ ពោលគឺអ្នកអាចទទួលក្នុងដំណើរជីវិតហើយធ្វើអ្វីដែលអាចធ្វើបាន។
២. អ្នកជាអ្នកកំណត់សមត្ថភាពរបស់អ្នក
ទោះបី Nick កើតមកគ្មានដៃជើងប៉ុន្តែលោកមិនដែលឱ្យពាក្យថា “គ្មាន” នោះមកកំណត់អ្វីដែលលោកអាចធ្វើបាននោះទេ។ ផ្ទុយនឹងពិការភាពដៃជើង Nick នៅតែអាចធ្វើអ្វីបានដូចមនុស្សទូទៅដែលមានកាយសម្បទាគ្រប់គ្រាន់ដែរ សូម្បីតែការហែលទឹកឬជិះក្តាររលកជាដើម ក៏លោកអាចជម្នះហើយធ្វើបាន។ លោកដឹង អ្វីដែលលោកអាចធ្វើបាននិងអ្វីដែលលោកមិនអាច ហើយសម្រេចបានអ្វីដែលលោកអាចធ្វើបាន។ វាជាជម្រើសក្នុងការកំណត់សមត្ថភាពរបស់ខ្លួនហើយវាជាអ្វីដែល Nick ជឿជាក់។
៣. អ្នកតែងតែមានជម្រើស
នៅក្នុងជីវិត យើងតែមានជម្រើសច្រើន។រៀងរាល់ថ្ងៃយើងធ្វើការសម្រេចចិត្ត ហើយសម្រាប់ជម្រើស ដែលយើងជ្រើសរើសអាចធ្វើឲ្យជីវិតយើងធ្លាក់ចុះ ប្រសិនបើយើងបណ្តែតបណ្តោយតាម។ ដូចនេះ Nick តែងតែនិយាយថា លោកតែងមានជម្រើស គឺថាលោកគួរមិនសប្បាយនឹងជីវិតរបស់លោកដែលជួបស្ថានភាពពិការភាពប៉ុន្តែលោកបានជ្រើសរើសនូវអ្វីដែលលោកមាន ហើយរីករាយនឹងអ្វីដែលលោកអាចធ្វើបាននោះ។
៤. អនុវត្តសកម្មភាព
Nick ជាមនុស្សម្នាក់ដែលគាំទ្រការមានក្តីសុបិនធំប៉ុន្តែគាត់ពុំគ្រាន់តែចង់ឱ្យគ្រប់គ្នាមានក្តីស្រមៃធំនោះទេ គឺលោកជម្រុញឱ្យគ្រប់គ្នាធ្វើអនុវត្តជាសកម្មភាពផងដែរ។ ពួកយើងអាចបណ្តែតបណ្តោយតាមស្ថានភាពដែលកំណត់មកលើយើង ប៉ុន្តែយើងមិនដឹងអ្វីដែលយើងអាចជម្នះនិងសម្រេចបាន ដរាបណាយើងអនុវត្តសកម្មភាព។ ពួកយើងចង់ធ្វើការផ្លាស់ប្តូរហើយបួងសួងសម្រាប់ការផ្លាស់ប្តូរនោះ ប៉ុន្តែបើយើងមិនមានសកម្មភាព ក៏គ្មានអ្វីទៅផ្លាស់ប្តូរបានដែរ។
៥.កុំបោះបង់
នៅក្នុងជីវិត យើងតែងមានក្តីសុបិននិងគោលដៅដែលយើងចង់សម្រេចបាន។ តែយ៉ាងណាក្តីយើងច្រើនតែបោះបង់ក្តីសុបិននោះចោលត្រឹមពាក់កណ្តាលផ្លូវ ដោយសារវាពិបាកពេកឬមួយយើងមិនជឿជាក់លើខ្លួនឯងថាអាចសម្រេចបាន។ ពេលខ្លះយើងបានបោះបង់ចោលវានៅត្រឹមចំណុចមួយដែលត្រូវការឱ្យយើងព្យាយាមម្តងទៀតហើយមិនបោះបង់ប៉ុណ្ណោះ។
“បើខ្ញុំបរាជ័យ ខ្ញុំព្យាយាមម្តងទៀតហើយម្តងទៀត និងម្តងទៀត” លោក Nick បានលើកឡើង។មុនពេលមានឱកាសអាចនិយាយ និងជម្រុញទឹកចិត្តមនុស្សជាច្រើនលាននាក់លើពិភពលោក Nickធ្លាប់បានគេបដិសេធជាង៥០ដង ប៉ុន្តែតែលោកនៅតែជម្នះបាន។
៦. ពួកយើងល្អគ្រប់គ្រាន់
ភាគច្រើន យើងអនុញ្ញាតឱ្យកាលៈទេសៈជុំវិញខ្លួនមកកំណត់ជីវិតខ្លួន។នៅពេលដែលយើងដាក់គោលដៅថាទៅសម្រេចអ្វីំមួយ គឺតែងមានសម្លេងខ្លះមកថា “អ្នកនៅមិនទាន់ល្អគ្រប់គ្រាន់ទេ” ឬ “អ្នកក្មេងពេក ចាស់ពេក”។ ប៉ុន្តែងាកមកមើល Nickលោកបានជម្នះឧបសគ្គជាច្រើន យើងអាចឃើញថា លោកមិនអាចឱ្យពិការភាពមកជម្នះលើគាត់បាននោះទេ។
“ឧបសគ្គក្នុងជីវិតរបស់យើង គឺដើម្បីពង្រឹងជំនឿជឿជាក់លើខ្លួនឯងនិងពុំមែនដើម្បីឱ្យយើងចុះចាញ់នោះទេ…វាជាការកុហកដែលគិតថាអ្នកមិនល្អគ្រប់គ្រាន់ហើយវាជាការកុហកដែលគិតថាអ្នកមិនមានតម្លៃអ្វីនោះ” Nick បានលើកឡើង។
៧.ហ៊ានទទួលបរាជ័យ
ដើម្បីទទួលជោគជ័យក្នុងជីវិត យើងត្រូវតែទទួលយកហានិភ័យខ្លះព្យាយាមបន្ថែម និងទទួលស្គាល់ថាបរាជ័យគឺជាផ្នែកមួយនៃភាពជោគជ័យ។ ប្រសិនបើ យើងជួបឧបសគ្គឬដំណើរថយក្រោយនៃជីវិត អ្នកអាចប្រើប្រាស់នូវចំណុចទាំងនោះ ដើម្បីរកមើលថាអ្វីជាកំហុសហើយអ្នកអាចព្យាយាមកែប្រែវាជាថ្មីនៅលើកក្រោយ៕
ប្រភព៖ Talkpersonalgrowth, Wealthmastery