មានមូលហេតុច្រើនណាស់ដែលគ្រប់គ្នាកើតមុន ហើយវាជារឿងដ៏សំខាន់ដែលយើងត្រូវដឹងពីដើមហេតុនិងទម្រង់ខុសគ្នានៃមុនទាំងនោះ។ រាងកាយមនុស្សយើងផលិតជាតិប្រេងម្យ៉ាងដែលមានឈ្មោះថា Sebum។ វាត្រូវបានផលិតនៅក្នុងក្រពេញដែលភ្ជាប់ទៅនឹងឫសសក់របស់អ្នក។ Sebum រំកិលឫសសក់ឱ្យឡើងលើដើម្បីបន្ថែមសំណើមដល់ស្បែកនិងសក់របស់អ្នក។

មុនកើតឡើងនៅពេលដែលមាន Sebum ច្រើនលើស ហើយនិងកោសិកាស្បែកងាប់កកើតឡើង ។ ការកកើតនេះបានធ្វើឱ្យទៅស្ទះរន្ធញើសនិងបាក់តេរីស្បែក។ នៅពេលដែលជញ្ជាំងឫសសក់ហើម វានឹងបង្កើតជាមុនក្បាលស។នៅពេលដែលរន្ធញើសស្ទះត្រូវបានប៉ះពាល់នឹងខ្យល់ នោះ​មុនក្បាលខ្មៅនឹងកើតឡើង។

មូលហេតុទូទៅដែលនាំឱ្យកើតមុន៖

-តំណពូជ

-ការប្រើថ្នាំពេទ្យ

-បម្រែបម្រួលអរម៉ូន ជាពិសេសសម្រាប់យុវវ័យ ក្នុងពេលមករដូវ និងពេលមានផ្ទៃពោះ

-ការបែកញើសជាពិសេសពេលស្លៀកពាក់រឹបតឹងពេក

-ស្ត្រេស

-ការបរិភោគអាហារដែលមានជាតិហឹរខ្លាំងពេកឬគ្មានវីតាមីនគ្រប់គ្រាន់

ការព្យាបាលមុនខ្នង

១. ងូតទឹកសម្អាតខ្លួន ក្រោយពីហាត់ប្រាណ ឬបញ្ចេញញើសរួច

ការទុកឱ្យញើសនៅតោងស្អិតជាប់ស្បែកយូរ ក្រោយពីហាត់ប្រាណឬធ្វើសកម្មភាពបញ្ចេញកម្លាំងគឺជាកត្តាមួយដ៏ធំដែលនាំឱ្យកើតមុន ជាពិសេសនៅលើខ្នង។ ដូច្នេះអ្នកត្រូវងូតទឹកសម្អាតខ្លួនក្រោយពីហាត់ប្រាណរួច ហើយបោកសម្លៀកបំពាក់ឱ្យបានស្អាតផងដែរ។

២. ប្រើស្ក្រាប់ខាត់ស្បែក

ប្រើស្ក្រាប់ខាត់ស្បែកដោយដុសថ្នមៗលើស្បែករបស់អ្នកដើម្បីជម្រុះកោសិកាចាស់ដែលងាប់លើស្បែកចោលឱ្យអស់។ អ្នកគួរជ្រើសរើសផលិតផលស្ក្រាប់ដែលមានគ្រឿងផ្សំធម្មជាតិ ឬមិនប៉ះពាល់ស្បែកដើម្បីកុំឱ្យស្ទះរន្ធញើសឬបង្កគ្រោះថ្នាក់សើស្បែកផ្សេងៗ។

៣. ស្លៀកពាក់រលុងៗ

ស្រដៀងគ្នានឹងចំណុចខាងលើ ការស្លៀកពាក់តឹងពេកសម្រាប់ពេលហាត់កីឡា ឬកាលៈទេសៈផ្សេងទៀតគឺជាហេតុដែលនាំឱ្យកើតមុនបានដោយងាយ។ ចូរស្លៀកសម្លៀកបំពាក់ណាដែលងាយឱ្យស្បែករបស់អ្នកបានដកដង្ហើមស្រួលនិងមានខ្យល់ចេញចូល មិនហប់ណែនដែលបណ្ដាលឱ្យបែកញើស។

៤. លើកសក់ឡើងឱ្យផុតក

អ្នកដែលមានសក់វែង និងឧស្សាហ៍ឡើងប្រេងច្រើនតែមានបញ្ហាមុនខ្នងជៀសមិនផុតព្រោះប្រេងនេះហើយដែលប៉ះនឹងស្បែកខ្នង ហើយបើអ្នកមិនបានសម្អាតត្រឹមត្រូវ វានឹងនាំឱ្យស្ទះរន្ធញើសបង្កជាមុននេះឯង។ ចូរកក់សក់ឱ្យបានញឹកញាប់ និងលើកសក់ចងឱ្យបានផុតស្រឡះពីក។ ម្យ៉ាងទៀត ចូរកុំឱ្យថ្នាំបន្ទន់សក់ឬសាប៊ូកក់សក់នៅជប់នឹងកយូរពេក ឬមិនបានសម្អាតចេញត្រឹមត្រូវព្រោះគ្រឿងផ្សំនៃផលិតផលទាំងនេះអាចបង្កើតជាមុនខ្នងរបស់អ្នកបាន។

៥. ញ៉ាំអាហារណាដែលមានជីវជាតិល្អ

ការញ៉ាំអាហារមិនមានវីតាមីនគ្រប់គ្រាន់អាចជះឥទ្ធិពលដល់សុខភាពរបស់អ្នករួមទាំងការកើតមុនផងដែរ។ មិនត្រឹមតែមុនខ្នង តែមុននៅកន្លែងផ្សេងលើដងខ្លួនក៏ងាយនឹងកើតឡើងដែរ។ គួរជៀសវាងអាហារដែលមានជាតិស្ករច្រើនដូចជា បាយស នំប៉័ង ដំឡូងសជាដើម។ អ្នកគួរងាកមកញ៉ាំអាហារល្អចំពោះសុខភាពដូចជា បន្លែ ផ្លែឈើ ស្រូវសាឡីប្រូតេអ៊ីនដែលគ្មានជាតិខ្លាញ់ជាដើម៕