បទពិសោធន៍ និងចំណេះដឹងគឺជាកត្តាសំខាន់ដែលធ្វើឲ្យមនុស្សជោគជ័យចំពោះការងារ។ ហើយពួកយើងខ្លះ ក៏មានចំណុចខ្វះខាតមួយចំនួនក្រៅពីចំណុចខាងលើដែលធ្វើឲ្យប៉ះពាល់ដល់ជោគជ័យផងដែរ។ ដូច្នេះអត្ថបទនេះនឹងបង្ហាញពីចំណុចមួយចំនួនដែលអ្នកគួរដឹងនិងចៀសវាង។
១/ ខ្វះភាពក្លាហាន
ភាពភ័យខ្លាចអាចជាកត្តាជម្រុញចិត្តដ៏សំខាន់មួយសម្រាប់អ្នក។ នៅកន្លែងធ្វើការប្រសិនបើអ្នកអាចជម្នះភាពភ័យខ្លាច ដើម្បីបន្តការងាររបស់អ្នកបានអ្នកនឹងទទួលបានលទ្ធផលល្អប្រសើរ។ ហើយភាគច្រើនមនុស្សកំសាកតែងតែជម្រុញច្រានកំហុសរបស់ខ្លួនឯងទៅកាន់អ្នកដទៃ។ ដូច្នេះអ្នកគួរតែមានភាពក្លាហានឲ្យបានច្រើនក្នុងការងារ។
២/ ភាពរអ៊ូច្រើន
ការរអ៊ូទ្រាំច្រើនធ្វើឲ្យមនុស្សបាត់បង់តម្លៃ ហើយលទ្ធផលការងារក៏មិនអាចទទួលបានជោគជ័យ។ មនុស្សរអ៊ូច្រើនជាមនុស្សដែលមានតែគំនិតអវិជ្ជមានធ្វើឲ្យបរិយាកាសការងារអាប់អ៊ួរ ហើយវាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ខ្លួនឯងទេថែមទាំងប៉ះពាល់មនុស្សដែលនៅជុំវិញខ្លួនទៀតផង។
៣/ ក្រអឺតក្រទម
មនុស្សក្រអឺតក្រទម តែងតែធ្វើឲ្យខ្ជះខ្ជាយពេលវេលារបស់ខ្លួនឯងនិងអ្នកដទៃពីព្រោះពួកគេ មើលឃើញអ្វីគ្រប់យ៉ាងជាចំណុចខ្លាំងរបស់ពួកគេ។ ហើយមនុស្សបែបនេះតែងតែបានតែសម្តីប៉ុន្តែទង្វើ និងសកម្មភាពគឺមិនបានលទ្ធផលល្អនោះទេ។
៤/ ការផ្លាស់ប្តូរឆាប់រហ័ស
ប្រសិនបើអ្នកមានការផ្លាស់ប្តូរលឿនពេក វាធ្វើឲ្យអ្នកខ្វះឪកាសហើយក៏ធ្វើឲ្យលទ្ធផលរបស់អ្នកមានការថយចុះដែរ។ ដូច្នេះគួរតែព្យាយាមបំពេញការងារអ្វីមួយក្នុងរយៈពេលមួយដែលអាចទទួលយកបានចំពោះបទពិសោធន៍ និងការអភិវឌ្ឍន៍ខ្លួនរបស់អ្នកផងដែរ។
៥/ ឆាប់ឆេវឆាវ
មនុស្សខ្លះពិតជាមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបានទេ។ប្រសិនបើអ្នកឆាប់ខឹង ឆាប់ឆេវឆាវ វាពិតជាធ្វើឲ្យមានផលអវិជ្ជមានសម្រាប់អ្នកព្រោះពេលខ្លះអ្នកនឹងអាចសម្រេចចិត្តខុស សម្រេចចិត្តលឿនពេក ព្រោះតែអារម្មណ៍របស់អ្នក វាក៏ធ្វើឲ្យអ្នកមានកំហុសការងារកើតឡើងផងដែរ។
៦/ ចូលចិត្តនិយាយពាក្យសុំទោស
ជាធម្មតានៅពេលដែលយើងបង្កើតកំហុសអ្វីមួយ យើងតែងតែប្រើពាក្យសុំទោសប៉ុន្តែ សម្រាប់មនុស្សមួយចំនួនទៀតពាក្យសុំទោស គឺអាចនិយាយបានគ្រប់ពេល។ មនុស្សដែលខ្វះទំនុកចិត្តលើខ្លួនឯងតែងតែសុំទោសទុកជាមុន ចំពោះអ្វីដែលគេបានធ្វើ។ ប៉ុន្តែវាជាការបង្ហាញថា អ្នកមិនមានទំនុកចិត្តលើខ្លួនឯងហើយវាក៏ធ្វើឲ្យប៉ះពាល់ដល់ភាពជោគជ័យរបស់អ្នកផងដែរ៕