ក្នុងបរិយាកាសការងារដែលមមាញឹក តើអ្នកនឹងផ្តោតអារម្មណ៍បានយ៉ាងដូចម្ដេច? ទូរស័ព្ទរោទិ៍ សារអ៊ីម៉ែល សាររំលឹកពីបណ្ដាញសង្គម Breaking news និងសំលេងពីក្រុមការងារជុំវិញជាដើម បើអ្នកជួបបញ្ហាបែបនេះសូមពិនិត្យមើលគន្លឹះ៥ យ៉ាងដើម្បីជួយកាត់បន្ថយការរំខានទាំងនេះនិងទាញអ្នកឲ្យផ្តោតអារម្មណ៍ឡើងវិញ។

1. បំបែកកិច្ចការដែលធំឲ្យចេញជាតូច

ការងារធំៗមួយចំនួន ធ្វើឲ្យអ្នកពិបាកយល់និងដោះស្រាយដែលវាអាចមានវិសាលភាពធំពេក ធ្វើឲ្យពិបាកដល់ការរកដំណោះស្រាយ ប្រើពេលវេលាច្រើន នាំឱ្យមានការរំខានអារម្មណ៍និងការកាត់បន្ថយផលិតភាពការងារផ្សេងទៀត។

ការបែងចែកគម្រោងការងារដែលធំៗនេះទៅជាកិច្ចការតូចៗដែលត្រូវការពេលវេលាតិច អាចនាំឲ្យអ្នកមានអារម្មណ៍ថា ងាយនឹងសម្រេចបានងាយនឹងដោះស្រាយ និងនាំអារម្មណ៍នៃការផ្ដោត កាន់តែច្រើនឡើង ដែលទំនងជានឹងឆាប់សម្រេចបាន។

2. បិទការរំខានតាមអ៊ិនធឺណេត

ប្រព័ន្ធផ្សព្វផ្សាយ បណ្ដាញសង្គមតែងតែនាំមកនូវ សាររំលឹកជូនដំណឹង (notification) ដែលទាញអ្នកឲ្យចង់មើល ចង់កាន់ទូរស័ព្ទមែនទេ? ពិចារណាលើការប្រើពេលវេលាទាំងនេះដោយបិទនូវសាររំខានដែលឥឡូវនេះមានដូចជាកម្មវិធីរាំងខ្ទប់ មិនឲ្យមាននៅម៉ោងធ្វើការឬពេលវេលាកំណត់មួយ។

ការរំខានតូចតាចនេះ មើលទៅដូចជាមិនបង្កបញ្ហាអ្វីទេបើបន្ទាប់ពីការសម្រាកពីការងារត្រឹមតែ២នាទីមែននោះតែការរំខានញឹកញាប់អាចកាត់បន្ថយផលិតភាពរបស់អ្នក និងប៉ះពាល់ដល់គុណភាពការងារទាំងស្រុង។

3.ធ្វើការជាមួយមិត្តរួមការងារដែលមានផលិតភាពខ្ពស់

នេះជាចំនុចពិតប្រាកដ ប្រសិនបើនៅជុំវិញខ្លួនអ្នកជាមួយមនុស្សដែលមានផលិតភាពច្រើននៅកន្លែងធ្វើការ វាទំនងជានាំអ្នកឲ្យមានផលិតភាពការងារច្រើនជាងមុនដែរ។ប្រសិនបើអ្នកអង្គុយក្បែរឬធ្វើការនៅក្បែរអ្នកដែលឧស្សាហ៍ព្យាយាម វានឹងជម្រុញឱ្យអ្នកធ្វើដូចគ្នានិងកាត់បន្ថយឱកាសនៃការរំខានដោយមិនចាំបាច់។

4. កំណត់ព្រំដែនជាមួយមិត្តរួមការងារដែលរំខានអ្នក

ប្រសិនបើអ្នកឃើញថា ខ្លួនអ្នកកំពុងធ្វើការជាមួយនរណាម្នាក់ដែលតែងរំខានក្នុងម៉ោងការងារងាយបែកការផ្ដោតអារម្មណ៍ អ្នកអាចនិយាយដោយត្រង់និងកំណត់ព្រំដែនខ្លះជាមួយគាត់ពីពេលវេលាដែលអ្នកត្រូវផ្តោតអារម្មណ៍លើកិច្ចការដែលអ្នកត្រូវធ្វើការ។

អ្នកអាចប្រាប់គាត់ដោយការអធ្យាស្រ័យថាអ្នកត្រូវសម្រេចការងារឲ្យទាន់ក្នុងពេលវេលាជាក់លាក់ជៀសវាងប៉ះពាល់ដលអារម្មណ៍របស់ពួកគេ ហើយប្រាប់នូវពេលវេលា ដែលអ្នកអាចឆ្លងឆ្លើយទៅវិញបាន។

5. ឆ្លៀតពេលសំរាក

ការសំរាករយៈពេលខ្លី ដែលទៀងទាត់គឺមានសារៈសំខាន់ដល់ផ្នែកស្មារតីដើម្បីផ្តល់ឱ្យខួរក្បាលបានសម្រាក ក៏ដូចជាការបញ្ចូលថ្មក្នុងខ្លួន។ ពេលសម្រាកនេះអាចជាពេលដែលត្រូវចូលក្នុងបណ្ដាញសង្គម មើលអ្វីដែលស្រស់ស្រាយ ដើម្បីបន្ថែមថាមពលនិងចំណេះដឹងថ្មីនិងជាការលើកទឹកចិត្តខ្លួនឯងសម្រាប់ភារកិច្ចបន្ទាប់។ អ្នកអាច ពិចារណាទៅកន្លែងហាត់ប្រាណដើរលេងកម្សាន្ត ឬជួបមិត្តភក្ដិជជែកជាដើម ៕