តពីអត្ថបទចាស់ដែលនិយាយពី លោក ប៉ោយ ឈុនលី ម្តងនេះក្រមា ប៉ុស្ដិ៍​ សូមបង្ហាញ មនុស្សមានទេពកោសល្យផ្នែកផាត់ព៌ណគំនូរ គំនូរជីវចល ជំនាញ Design ការតាំងពិព័ណ៌ ផ្នែកផាត់មុខសិល្បៈក្នុងភាពយន្តនិងជាអតីតនិស្សិត  ​រូប​ភាព​គំនូរ​ ឬ Illusion Painting នៅ​សាកល​វិទ្យា​ល័យ Ecole Pivaut University នៅ​ប្រទេស​បារាំង ទី​ក្រុង​ប៉ារីស​។

  • សូមទាញយកកម្មវិធី Krama Post ទូរសព្ទដៃ Android សូមចុច https://bit.ly/2QiVDk8 
  • សម្រាប់ទូរសព្ទដៃ Apple (iOS) សូមចុច https://apple.co/33dkMTr 
  • អ្នកស្រី មានឈ្នោះថា គៀម កុលាប មានវ័យ ជាង ៣០ឆ្នាំ ហើយរូបគាត់ក៏ជាកូនកសិករអ្នកខេត្ត បាត់ដំបង រស់នៅខេត្តបាត់ដំបងព្រមទាំងជា ភរិយារបស់លោក ប៉ោយ ឈុនលី តែម្តង។ បច្ចុប្បន្ន សិល្បកររូបនេះក៏​ជាគ្រូ​បង្រៀន​ផ្នែក​គំនូរ​ផាត់​ពណ៌នៅ​អង្គ​ការ ហ្វារ​ពន្លឺ​សិល្បៈ​ខេត្ត​បាត់​ដំបង​ និង​ជា​អ្នក​ជំនាញ​លើ​ការ​ផាត់​មុខ ​របៀប​រន្ធត់ ​របួស របៀប​ជា​ខ្មោច។

    អ្នកស្រី កុលាប បន្ថែម​ថាការផាត់មុខក្នុងកុននេះ ​ជា​ជំនាញ​បន្ទាប់​បន្សំ​ដែល​រៀន​សូត្រ​ដោយ​ខ្លួន​ឯង​បន្ថែម​ពីយូ​ធូប​ និង​ស្រាវ​ជ្រាវ​ ដោយ​យោង​តាម​មូល​ដ្ឋាន​គ្រឹះនៃ​ចំណេះដឹង​លាយ​ពណ៌ ផាត់​ពណ៌ និង​សង្កេត​មើល​របួស​ស្នាម​ពិត​ៗ ​និង​រៀន​អនុវត្ត​ដោយ​ខ្លួន​ឯង​ផ្ទាល់​។

    ដូចគ្នា និងតំណាលគ្នាជាមួយ សិល្បករ វិចិត្រករ ផលិតករគំនូរជីវចល លោក ប៉ោយ ឈុនលី កាល​ពី​ឆ្នាំ២០១១ សិល្បករ​រូប​នេះ​ ក៏បានទទួល​អាហា​រូប​ករណ៍ រយៈ​ពេល ​៣​ឆ្នាំ​ដើម្បី​ទៅ​រៀន​ឲ្យ​បាន​លម្អិត កាន់​តែ​ច្បាស់និង​ស្វែង​យល់​កាន់​តែ​ស៊ី​ជម្រៅ​ទៅ​លើ​ការ​ប្រើ​ប្រាស់​ពណ៌​លើ​រូប​ភាព​គំនូរ​ ឬ Illusion Painting នៅ​ប្រទេស​បារាំង។

    មុន​ត្រលប់​មក​កម្ពុជា​កាល​ពី​ឆ្នាំ២០១៤ អ្នក​ស្រី​បាន​ទៅ​ធ្វើ​ទស្សនៈកិច្ច​ក្នុង​សារ​មន្ទីរ និង​ជា​រោង​សិប្បកម្ម​ផលិត​សម្ភារៈ​កុន​ខ្នាត​អន្តរ​ជាតិ​មួយ ​ដែល​មាន​ឧបករណ៍​គ្រប់​ប្រភេទ​សម្រាប់​ផ្តល់​ និង​លក់​ជា​សេវា​កម្ម​ដល់​ផលិត​ករ​ភាពយន្ត​ផ្សេង​ៗនៅប្រទេសបារាំង។​ បទ​ពិសោធន៍​ទាំង​នេះ​បាន​ជម្រុញ​ទឹក​ចិត្ត​អ្នកស្រី​ឲ្យ​ចូលចិត្ត​លើ​ការងារ​សិល្បៈ​តុប​តែង​ផាត់​មុខ​របៀប​ភ័យ​ញាប់​ញ័រ​បែប​នេះ​ទៀត ម្យ៉ាងដោយនឹកឃើញថាវិស័យភាពយន្តនៅស្រុកខ្មែរ ក៏ត្រូវការជំនាញនេះខ្លាំងណាស់ដែរ។

    ងាកត្រឡប់ទៅនិយាយពីកុមារភាពរបស់អ្នក​ស្រីវិញ គាត់ពិតជាចូល​ចិត្ត​លើ​ការ​ផាត់​ពណ៌​ និង​ការ​គូ​ររូប​ជា​ខ្លាំង​រហូត​សុំ​ឪពុក​របស់អ្នកស្រីឈប់​រៀន​ពី​សាលា​រដ្ឋ ដែល​រឿង​នេះ​ធ្វើ​ឲ្យ​លោក​ឪពុក​ ខឹងមួរម៉ៅស្ដីបន្ទោសយ៉ាងខ្លាំងដល់អ្នកស្រី។ ដោយមិនខ្វល់នឹងការសម្រេចចិត្ត ឬការពន្យល់របស់គ្រួសារ ​អ្នកស្រីនៅស្ងៀម  តែ​មិន​បោះ​បង់​ក្តី​ស្រមៃ​របស់ខ្លួនអ្នកស្រីក៏​ឈប់​ទៅ​សាលារៀន​ដោយ​ខ្លួន​ឯង​ ហើយ​គិត​តែពីរឿង​គូររូប​តែ​មួយ​មុខ​ដោយ​មិន​ខ្វល់​ជួយ​ធ្វើ​ការងារ​ផ្ទះ​អ្វី​ទាំង​អស់​។

    ការធ្វើខ្លួនមានះ និងបោះបង់ការសិក្សា បែបនេះ អ្នកស្រីក៏យល់ថា ជាគំនិតមិនល្អនោះទេ ពិសេសការដែល បោះបង់ការសិក្សាតាំងពីនៅក្មេងបែបនេះទៀតពិតជាផ្តល់នូវបញ្ហាជីវិតជាច្រើន។ អ្នកស្រី ពន្យល់ថា ការនោះ ព្រោះតែនៅក្មេង គាត់បានឃើញគេអត់ទៅរៀនគ្រប់គ្នាក៏មើលមិនឃើញពីតម្លៃនៃការរៀនសូត្រ។

    ជាក់ស្តែងធំឡើងគាត់ត្រូវត្រឡប់ទៅរៀន ចំនេះដឹងទូទៅឡើងវិញ ដែលជាការតាំងចិត្តកាន់តែលំបាកជាថ្មីដើម្បីរៀនសូត្រពីជំនាញទន់ជាច្រើនផ្សេងទៀត ដូចជាការអាន សរសេរ និង គិតលេខនន្ធជាដើម ដែលជំនាញទាំងនេះវានឹងជួយសម្រួលដល់ការរស់នៅរបស់គាត់ក្នុងពេលបច្ចុប្បន្នអ្នកស្រី គៀម កុលាបបន្ថែម។

    យ៉ាងណាមិញដោយសារឱកាសដ៏ល្អមួយដែល អ្នកស្រីបាន​រៀន​សូត្រ​ពី​សិល្បៈគំនូរ ជាមួយ​គ្រូ​មាន​ជំនាញ​នៅ​សាលា​ហ្វា​ពន្លឺ​សិល្បៈហើយ​ស្នាដៃ​គំនូររបស់​អ្នកស្រី​ក៏​ត្រូវ​បាន​បរទេស​ចូលចិត្ត និង គាំទ្រច្រើនក៏ប៉ុន្តែតម្លៃគំនូរពិតជាមិនច្រើនគ្រប់គ្រាន់នោះទេ ដូចនេះលោកស្រី និង ស្វាមីព្យាយាមបន្ថែម ទាំងការរៀនភាសាអង់គ្លេស ភាសាបារាំង និងចំនេះទូទៅបន្ថែមទៀតដើម្បីពង្រឹងសម្ថភាព និងត្រៀមខ្លួនសម្រាប់ការផ្លាស់ប្ថូរ។

    ចាំរហូតដល់ឆ្នាំ ២០១១ក៏មាន​គ្រូបរទេស​ម្នាក់​មក​ពី​ប្រទេស​បារាំង​ ពេលនោះហើយអ្នកស្រី គៀម កុលាប និង លោកប៉ោយ ឈុនលី ក៏​ទទួល​បាន​អាហា​រូប​ករណ៍​ទៅ​រៀន​ជំនាញសិល្បៈគំនូរ​នេះ​បន្ត​នៅ​សាលា​របស់​ជន​ជាតិ​បារាំង​ម្នាក់​នោះ​រហូត​ដល់​ទៅ​៣​ឆ្នាំ​ដោយ​ជោគ​ជ័យ​។

    សម្រាប់​ថ្ងៃ​អនាគត​ អ្នកសិល្បៈគំនូរគៀម កុលាប ​ចង់​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ​ដើម្បី​រៀន​បន្ថែម​លើ​របៀប​ធ្វើ​ Prop និង​ការ​ Make up តួរ​បែប​ខ្មោច​ ឬ​របួស​ស្នាម​នានា​ ហើយ​អ្នកស្រី​ក៏មាន​បំណង​ចែក​រំលែក​ចំនេះ​ដឹង​របស់​ខ្លួន​ជួន​ដល់​យុវជន​ជំនាន់​ក្រោយ​ដោយ​បើក​ក្រុម​ហ៊ុន​ផ្ទាល់​ខ្លួន​ដើម្បី​ផ្តល់​ជា​សេវា​កម្ម​នានា​នៅ​ក្នុង​វិស័យ​ផលិត​ភាព​យន្ត​៕