Image

នៅ​ ពេលខ្លះគេអាចសម្គាល់ឃើញមិត្ត ឬមនុស្សណាម្នាក់នៅ សាលា នៅកន្លែងធ្វើការនិយាយតែជាមួយខ្លួនឯងពីរឿងអ្វីមួយ។ តើវាជាទម្លាប់មិនល្អឬ? តាមរយៈអ្នកជំនាញចិត្តសាស្រ្តបរទេសជាច្រើនបានបង្ហាញហេតុផលធំៗមួយចំនួនថាអ្នកដែលចូលចិត្តនិយាយជាមួយខ្លួនឯងគឺមានប្រយោជន៍ច្រើន៖

. បង្កើនការចងចាំ

នៅពេលនិយាយឮៗជាមួយខ្លួនឯងវាជួយដាស់តឿនឱ្យមនុស្សចងចាំអ្វីមួយជាជាងអារម្មណ៍គិតក្នុងចិត្ត។ ពេលខ្លះគេអាចឮសំឡេងខ្លួនឯងប្រាប់មកកាន់ខ្លួនឯងផ្ទាល់ដោយមិនចាំបាច់ព្យាយាមនឹកឱ្យឃើញពីអ្វីមួយ។

. ជួយបង្កើនសមត្ថភាពខួរក្បាល

ពេលនរណាម្នាក់និយាយជាមួយខ្លួនឯងវាជួយឱ្យមនុស្សនោះផ្ចង់អារម្មណ៍សំខាន់លើកិច្ចការងារណាមួយ។ ក្រៅ ពីនោះវាក៏អាចជួយបង្កើនសមត្ថភាពស្វែងយល់របស់ពួកគេផងដែរ។តាមការស្រាវជ្រាវធ្វើឡើងដោយអ្នកជំនាញចិត្តសាស្រ្តពីររូបគឺ GaryLupyan និង Daniel Swingley មកពីសកលវិទ្យាល័យWisconsin-Madison និង សាកលវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិក បានឱ្យដឹងថា មនុស្សដែលឧស្សាហ៍និយាយទៅកាន់ខ្លួនឯងជួយឱ្យពួកគេឆាប់រករបស់ដែលបាត់បានដោយងាយ។

. ហាត់សមជាមុន

ប្រសិនបើនរណាម្នាក់ត្រូវទៅ ធ្វើបទបង្ហាញឬទៅ សម្ភាស ការនិយាយទៅ កាន់ខ្លួនឯងផ្ទាល់ជួយឱ្យពួកគេចេះរៀបពាក្យក្នុងការនិយាយ មិនភ្លេចចំណុចសំខាន់និងជាការហាត់សមមុន ព្រមទាំងកាត់បន្ថយភាពភ័យខ្លាចផងដែរ។

. លើកទឹកចិត្តខ្លួនឯង

ពាក្យមួយឃ្លាដែលលើកឡើងថា“ខ្ញុំអាចធ្វើបាន” អាចមានឥទ្ធិពលធ្វើឱ្យមនុស្សមួយចំនួនសម្រេចកិច្ចការណាមួយបានស្របនឹងការខំប្រឹងប្រែងព្យាយាមរបស់ពួកគេ។

. ជួយបង្កើនទំនុកចិត្ត

ការនិយាយទៅ កាន់ខ្លួនឯងប្រៀបដូចជាការជួយត្រួសត្រាយពីបំណងរបស់អ្នកចង់ធ្វើអ្វីមួយបានច្បាស់លាស់។ ឧទាហរណ៍ អ្នកត្រូវសម្រេចចិត្តថាធ្វើរឿងអ្វីមួយភ្លាមៗពេលនោះអ្នកត្រូវធ្វើរឿងនោះដោយខ្លួនឯង ដោយពុំនរណាជួយបង្ហាញមតិយោបល់ឡើយដូចនេះស្ថានការណ៍ខ្លះអ្នកអាចវិភាគ និងសម្រេចចិត្តដោយខ្លួនឯងដោយមានប្រសិទ្ធភាព៕