ភេសជ្ជៈផ្អែមៗកំពុងតែពេញនិយមសម្រាប់យុវវ័យបច្ចុប្បន្នព្រោះតែរសជាតិឆ្ងាញ់ និងមានច្រើនជម្រើស ហើយភេសជ្ជៈខ្លះថែមទាំងជួយប៉ូវកម្លាំងទៀតផង។ ប៉ុន្តែការផឹកវាជាប្រចាំញឹកញាប់ពេក វាអាចបង្កគ្រោះថ្នាក់ដល់សុខភាពទៅវិញពោលគឺប្រៀបដូចបំផ្លាញតម្រងនោមដោយមិនដឹងខ្លួនដូច្នោះដែរ។

១. តែទឹកដោះគោ

តែទឹកដោះគោមានផ្ទុកជាតិស្ករច្រើនលើសប្រមាណដូច្នេះហើយប្រសិនបើអ្នកផឹកវាច្រើនពេក វាអាចធ្វើឱ្យអ្នកងាយនឹងធាត់បង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម។

មិនត្រឹមតែប៉ុណ្ណឹងទេ ជាតិ Fructose នៅក្នុងតែទឹកដោះគោក៏ជួយបង្កើនអាស៊ីតអ៊ុយរិកផងដែរ ដែលវាធ្វើឱ្យតម្រងនោមត្រូវធ្វើការលើសម៉ោងរយៈពេលយូរ ហើយបង្កជាជំងឺផ្សេងៗដែលប៉ះពាល់ដល់សុខភាព និងជីវិតរស់នៅប្រចាំថ្ងៃ។

២. កាហ្វេដែលមានគុណភាពអន់

កាហ្វេខ្មៅពិតជាល្អសម្រាប់រាងកាយ ប្រសិនបើអ្នកផឹកវាក្នុងកម្រិតសមស្របប៉ុន្តែកាហ្វេទឹកដោះគោ ឬកាហ្វេដែលបន្ថែមគ្រីមផ្សេងៗពីលើ និងកាហ្វេដែលមានគុណភាពអន់មួយចំនួនដែលលក់នៅតាមទីផ្សារគឺជាគ្រោះថ្នាក់ដ៏ធំមួយសម្រាប់សុខភាព។

យោងតាមការសិក្សាមួយចំនួនបានបង្ហាញថា នៅក្នុងកាហ្វេដែលមានគុណភាពអន់មានផ្ទុកសារធាតុ Ochratoxin ដែលជាសារធាតុបំផ្លាញថ្លើមនិងតម្រងនោម។ អ្វីដែលគ្រោះថ្នាក់ជាងនេះទៅទៀត វាអាចបណ្តាលឱ្យរលាកស្រទាប់ខាងក្នុងនៃពោះវៀន និងសូម្បីតែទៅជាដំបៅរលួយជាលិកានៃពោះវៀន​ថែមទៀតផង។

៣. ភេសជ្ជៈផ្អែមៗឬភេសជ្ជៈប៉ូវកម្លាំង

ភេសជ្ជៈប្រភេទទាំងនេះគឺជាភេសជ្ជៈដែលមនុស្សជាច្រើនចូលចិត្តរហូតដល់ថ្នាក់ញៀនក៏មាន ហើយអ្នកខ្លះផឹកជំនួសទឹករាល់ពេលស្រេកក៏មាន។

ទោះបីជាវាអាចធ្វើឱ្យរាងកាយចុះត្រជាក់ភ្លាមៗក៏ដោយ ប៉ុន្តែជាតិសូដាទាំងនោះមានផ្ទុកនូវសារធាតុគ្រោះថ្នាក់ជាច្រើនដែលធ្វើឱ្យតម្រងនោមរបស់អ្នកត្រូវធ្វើការធ្ងន់ធ្ងរ៕