បញ្ញាវុឌ្ឍ បានទៅដល់អូស្ត្រាលីដំបូង ដោយចូលរៀនវិទ្យាល័យ ក្នុងថ្នាក់ទី១១ ដោយមានការជួយជ្រោមជ្រែងពីគ្រួសារ តាមរយៈការស្នើសុំសិទ្ធិទៅរស់នៅស្របច្បាប់។ តែក្រោយការយកចិត្តទុកដាក់ ខិតខំរៀនសូត្រ ដើម្បីបានពិន្ទុខ្ពស់ ក្នុងវិទ្យាល័យនៅទីនោះនិងការមានជំនឿចិត្តលើខ្លួនឯងបានធ្វើឲ្យលោក អាចទទួលបានអាហារូបករណ៍ ចូលរៀននៅសាកលវិទ្យាល័យក្នុងអូស្ត្រាលី ផ្នែកទន្តសាស្ត្រ។
បញ្ញាវុឌ្ឍបានរៀបរាប់ថា«វាពិតជាមានការលំបាកខ្លះដែរ ពីព្រោះមានមុខវិជ្ជាច្រើនដែលត្រូវសិក្សា និងមានមុខវិជ្ជាខ្លះ គឺលោកមិនដែលបានរៀនពីមុនមក ដូចនេះគឺត្រូវចំណាយពេល រៀនច្រើនដើម្បីទទួលបានជោគជ័យក្នុងការរៀនសូត្រ»។
ក្រៅពីការសិក្សាដ៏មមាញឹកបញ្ញាវុឌ្ឍ បានឆ្លៀតពេលធ្វើជាអ្នកបង្រៀនសិស្សឆ្នាំទីមួយក្រៅម៉ោង (Tutor)នៅសាកលវិទ្យាល័យ ដែលលោកកំពុងសិក្សាផ្ទាល់តែម្តង ដោយបានប្រាក់កម្រៃ ៥០ដុល្លាក្នុងមួយម៉ោង។
រៀនផង ធ្វើការងារផង លោកក៏នៅតែអាចគ្រប់គ្រង ការរៀនសូត្ររបស់លោកអោយនៅល្អដោយធ្វើការបែងចែក ពេលវេលាអោយបានត្រឹមត្រូវ ច្បាស់លាស់ ថាពេលណាត្រូវរៀន ពេលណាត្រូវធ្វើការនិងពេលណាត្រូវសំរាកបន្ធូរអារម្មណ៍។
លោកបានពោលថា៖«គឺយើងត្រូវមានជីវិតឯករាជ្យរៀនរស់នៅដោយខ្លួនឯង ធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ។ នៅពេលដែលរៀនផងធ្វើការផងចឹង វាតែងតែមានការហត់នឿយបន្តិចហើយប៉ុន្តែអ្វីដែលយើងទទួលបានគឺការរៀនរស់ដោយខ្លួនឯង ក្លាយទៅជាមនុស្សដែលរឹងមាំជាងមុន ចេះដោះស្រាយបញ្ហាដែលកើតមានលើខ្លួនមិនថារឿងធំឬតូច»។
ជាងនេះទៅទៀតលោកបានកំណត់គោលដៅ សម្រាប់ខ្លួនលោកថា គឺនៅពេលដែលមករៀននៅទីនោះគឺលោកដាក់ចិត្តដាក់កាយរៀនព្យាយាមសម្របខ្លួនរស់នៅទីនោះ និង ធ្វើចិត្តអោយសប្បាយៗ ដោយគិត «យើងមករៀននៅស្រុកគេនេះមិនមែនមករៀនអោយតែមានឈ្មោះរៀន នៅស្រុកគេទេ គឺយើងខំរៀនគឺដើម្បីខ្លួនឯងមិនមែនដើម្បីគ្រួសារ មិនមែនដើម្បីមិត្តភក្តិ មិនមែនដើម្បីអួតគេអីទេគឺដើម្បីខ្លួនឯង ដើម្បីអនាគតខ្លួនឯង ចឹងយើងត្រូវដាក់ចិត្តដាក់កាយ រៀនសូត្រអោយបានពូកែ»។
ស្របពេលជាមួយគ្នានេះដែរការរស់នៅរបស់លោកនៅទីនោះ គឺមិនមានបញ្ហាអ្វីខ្លាំងឡើយ គឺគ្រាន់តែពេលដំបូង លោកមានការពិបាកក្នុងការនិយាយជាមួយ ជនជាតិអូស្រ្តាលី ក៏ព្រោះថាវប្បធម៌និងរបៀបនៃការនិយាយភាសាអង់គ្លេសមានភាពខុសប្លែកគ្នានឹងខ្មែរ ដូចនេះវាពិបាកនឹងយល់ពេលដំបូង។ ប៉ុន្តែក្រោយមកលោកព្យាយាមស្វែងយល់ពីមិត្តភក្តិបរទេស និងសម្របខ្លួនអស់រយៈពេលជាងបីខែ ទើបលោកអាចរស់នៅចុះសម្រុងនិងមានអារម្មណ៍ថា លោកជាផ្នែកមួយនៃសហគមន៍ ដែលលោកកំពុងរស់នៅផងដែរ។
លោកបានអះអាងថា៖«ប្រសិនបើខ្មែរទៅរស់នៅស្រុកគេ សូមកុំនៅតែម្តុំខ្មែរ ព្យាយាមសេពគប់មិត្តភក្តិបរទេសនិងរៀនពីពួកគេដើម្បីអភិវឌ្ឍខ្លួនឯងជាពិសេសការនិយាយភាសាអង់គ្លេស»។ លោកបន្តទៀតថា មិត្តភាពគឺជារឿងសំខាន់សម្រាប់លោក ដូចនេះលោកគិតថា ការសេពគប់ជាមួយមិត្តភក្តិបរទេសនៅទីនោះគឺជារឿងជោគជ័យសម្រាប់លោក ព្រោះលោកបានយល់ដឹងពី របៀបរបបនៃការរស់នៅរបស់ពួកគេ រស់នៅចុះសម្រុងជាមួយនឹងពួកគេដែលមានលក្ខណៈដូចជា ប្រជាជនអូស្រ្តាលីផងដែរ។
លោកបានសង្កត់ធ្ងន់ថា ពេលបញ្ចប់ការសិក្សា លោកមានបំណងចង់មកបង្រៀនសិស្សនៅស្រុកខ្មែរលើជំនាញផ្នែកទន្តសាស្រ្ដ និងមួយទៀត លោកចង់ធ្វើជាពេទ្យស្មគ្រ័ចិត្ត មើលជំងឺមាត់ធ្មេញនៅប្រទេសកម្ពុជាតែលោកក៏ចង់ធ្វើការនៅប្រទេសអូស្រ្តាលីផងដែរ។
ជាទីបញ្ចប់ លោកក៏បានផ្ដល់ក្ដីសង្ឃឹមចំពោះយុវជនថា៖«បើយើងចង់បានជោគជ័យ មិនចាំបាច់តែមករៀននៅស្រុកគេទេ សំខាន់គឺមានគំនិតខ្លួនឯងថា យើងចង់បានអ្វីចង់ធ្វើអ្វីអោយពិតប្រាកដ ក្នុងពេលអនាគត។ រៀនផ្គាប់ចិត្តខ្លួនឯងមិនមែនផ្គាប់ចិត្តគេ។បើយើងស្រឡាញ់លើជំនាញអ្វីមួយហើយ នៅពេលដែលយើងធ្វើការគឺយើងមិនគិតថា យើងកំពុងតែធ្វើការទេគឺយើងសប្បាយជាមួយនឹងអ្វីដែលយើងធ្វើ ( When you love your job you don't really know if you are working )»៕
អត្ថបទដោយ៖ចាន់ ជីវ៉ា