ការងារគ្រប់គ្រង មិនមែនជារឿងងាយនោះទេ វាត្រូវការទាមទារឱ្យអ្នកដឹកនាំយល់ច្បាស់ពីផែនការសកម្មភាព ចិត្តសាស្រ្តលើកទឹកចិត្តបុគ្គលិក និងការប្រើប្រាស់ភាសាជាដើម។ ក្នុងចំណោមផ្នែកសំខាន់ៗដើម្បីសម្រេចជោគវាសនានៃការដឹកនាំ ការប្រើប្រាស់ភាសាត្រូវបានគេមើលឃើញថា ជាផ្នែកយ៉ាងសំខាន់មួយដែលអាចមិនអាចខ្វះបាន។
លោក Franklin R. Covey អ្នកនិពន្ធសៀវភៅ ទម្លាប់ល្អទាំង ៧ យ៉ាងសម្រាប់បុគ្គលមានប្រសិទ្ធភាពខ្ពស់ឬ 7 Habits of Highly Effective People បានលើកឡើងថាចំណុចសំខាន់មួយ ក្នុងចំណោមចំណុចសំខាន់នានាដើម្បីសម្រេចជោគជ័យទាំងកម្រិតបុគ្គលនិងកម្រិតក្រុមការងារគឺ ការប្រើប្រាស់ភាសាម្ចាស់ការ (proactive language)។ លោកថា នៅក្នុងការរស់នៅមានមនុស្សជាច្រើនប្រភេទ តែក្នុងចំណោមនោះភាសាដែលគេនិយមប្រើប្រាស់ មាន២ប្រភេទ គឺភាសាម្ចាស់ការ (proactive language) និងភាសាគ្មានភាពម្ចាស់ការ (reactive language)។
សម្រាប់មនុស្សដែលចូលចិត្តប្រើភាសាគ្មានភាពម្ចាស់ការ (reactive language) ភាគច្រើនចូលចិត្តនិយាយពីបញ្ហា ឧបសគ្គ និងអ្វីដែលធ្វើឱ្យទឹកចិត្តប្រឈមនឹងបញ្ហា។ ជាឧទាហរណ៍ ចំពោះមុខឧបសគ្គក្នុងជីវិតគេតែងតែនិយាយថា វាជារឿងលំបាក គេមិនអាចធ្វើបាន វាជារឿងដែលមិនអាចទៅរួច ឬបណ្តោយឱ្យវាប្រែប្រួលតាមព្រេងវាសនាចុះ។ ភាសាទាំងអស់នេះ មិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបាននោះទេ តែវាថែមទាំងអាចជំរុញឱ្យស្ថានការណ៍កាន់តែអាក្រក់ថែមទៀត ព្រោះជាធម្មតាសម្តីដែលនិយាយចេញទៅដដែលៗ អាចនឹងធ្វើឱ្យគំនិតរបស់គេទទួលយកហើយជឿថាគេពិតជាមិនអាចធ្វើបាន។ ទីបំផុត ខ្លួនគេក៏ទទួលរងនូវផលអវិជ្ជមាន មនុស្សជុំវិញខ្លួនក៏នឹងធ្លាក់ទឹកចិត្តទៅតាមនោះដែរ។
ផ្ទុយមកវិញ ចំពោះមុខបញ្ហាប្រឈមឬទម្លាប់រស់នៅប្រចាំថ្ងៃមួយចំនួន មនុស្សដែលមានភាពម្ចាស់ការតែងតែចូលចិត្តប្រើប្រាស់ភាសាប្រកដោយភាពម្ចាស់ការ (proactive language)។ ភាសាដែលគេប្រើគឺសុទ្ធតែជាភាសាដែលធ្វើឱ្យយើងមានសង្ឃឹម និងមានកម្លាំងសម្រាប់ការខិតខំប្រឹងប្រែង។ ចាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃ គេមិនដែលនិយាយថាគេធ្វើមិនបានទេតែគេអាចនិយាយថា គេនឹងខំអស់លទ្ធភាពដើម្បីសម្រេចវា។ បន្ថែមពីលើនេះ នៅពេលជួបឧបសគ្គជំនួសឱ្យពាក្យថាខ្ញុំអស់ផ្លូវហើយ គេអាចនឹងនិយាយថាពួកយើងប្រហែលជារកផ្លូវត្រូវមិនទាន់ឃើញ ហេតុនេះខំបន្តទៀតយើងអាចនឹងរកដំណោះស្រាយល្អប្រសើរជាងនេះ។
ភាសាទាំងអស់នេះ នៅពេលដែលប្រើប្រាស់វាដដែលៗនិងយូរទៅ វាអាចបង្កើតបានជាវប្បធម៌ប្រកបដោយភាពម្ចាស់ការក្នុងក្រុមការងារ។ នៅពេលនោះក្រុមការងារទាំងមូល នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ដែលរក្សាថាមពលបានខ្លាំងក្លារហូតគ្រប់កាលៈទេសៈ៕