ជាទូទៅលេខទាំងពីរនេះ មានសារៈសំខាន់សម្រាប់ក្រុមហ៊ុនលក់រាយដែលត្រូវតែចេះច្បាស់ តែសម្រាប់អតិថិជនដែលជាអ្នកប្រើប្រាស់វិញ មិនសូវជាមានការចាប់អារម្មណ៍លើការប្រើប្រាស់លេខនេះទេ។ ខណៈពេលដែល SKUs និង UPCs មើលទៅស្រដៀងគ្នា ដោយសារតែទាំងពីរនេះគឺមានទម្រង់ជាលេខកូដនិងអក្សរ តែការពិតណាស់លេខ SKU និង UPC ត្រូវបានប្រើក្នុងវិធីពីរផ្សេងគ្នា។
តើលេខ SKU ជាអ្វី?
ក្រុមការងារយើងធ្លាប់បានធ្វើការបកស្រាយម្ដងរួចហើយពីលេខ SKU។ ខាងក្រោមនេះជាការពន្យល់ដោយខ្លីថា លេខ SKU ( Stock Keeping Unit) វាគឺជាលេខ (ជាធម្មតា ៨ខ្ទង់ ទៅ១២ខ្ទង់ ) ដែលអ្នកលក់រាយកំណត់ឱ្យផលិតផល ដើម្បីតាមដានកម្រិតនៃស្ដុក សម្រាប់ផ្ទៃក្នុងក្រុមហ៊ុន។ ប្រសិនបើផលិតផលមានពណ៌ និងទំហំខុសៗគ្នា ការប្រែប្រួលនីមួយៗមានលេខ SKU តែមួយគត់។
តើលេខ UPC ជាអ្វី?
UPC (Universal Product Code) ឬលេខកូដផលិតផលជាសកល គឺជាលេខកូដ ដែលមាន 12ខ្ទង់ ដែលត្រូវបានភ្ជាប់ជាមួយផលិតផល ទៅគ្រប់ទីកន្លែងដែលត្រូវលក់ សម្រាប់ជាការប្រើប្រាស់ផ្នែកខាងក្រៅ និងចេញដោយក្រុមហ៊ុនអ្នកផលិត។ ក្នុងន័យនេះ បើហាងពីរផ្សេងគ្នា លក់ផលិតផលដូចគ្នា ផលិតនៅរោងចក្រតែមួយ នោះអ្នកនឹងអាចឃើញផលិតផល លេខ UPC នេះដូចគ្នា។
យើងអាចឃើញពីភាពខុសគ្នារបស់វា លើផលិតផលតែ១ថា៖
- លេខ SKU ប្រើជាផ្ទៃក្នុងក្រុមហ៊ុននីមួយ ដើម្បីសំគាល់ផលិតផល១, ដោយឡែកលេខ UPC គឺត្រូវបានប្រើជាសកល ដើម្បីសំគាត់ផលិតផល១ ដែលលេខនេះមានដូចគ្នានៅគ្រប់ទីកន្លែង។
- លេខ SKU ជាទូទៅអាចមានដល់ ៨ខ្ទង់ទៅ១២ខ្ទង់, តែចំពោះលេខ UPC គឺមាន ១២ខ្ទង់គត់
- SKU អាចមានជា អក្សរ លាយជាមួយលេខ, ឯលេខ UPC គឺមានជា លេខសុទ្ធ
- លេខ SKU កំណត់ពីលក្ខណៈរបស់ផលិតផល, លេខ UPC កំណត់ពីក្រុមហ៊ុនផលិត និងផលិតផលក្រុមហ៊ុន
- លេខ SKU កំណត់ដោយអ្នកលក់រាយនិងខុសគ្នាពីមួយកន្លែងទៅមួយកន្លែងទៀត, លេខ UPC ចេញដោយស្ថាប័នដែលទទួលស្គាល់ជាសកល៕
លេខ UPC និង BarCode
BarCode (បាកូដ) គឺជាបណ្តុំនៃបន្ទាត់ខ្មៅ ដែលអាចអានបានដោយម៉ាស៊ីន។ អ្នកអាចឃើញនៅពេល អ្នកលក់ស្កេនលើទំនិញ ដោយប្រើម៉ាស៊ីនដើម្បីអានវា ហើយសព្វថ្ងៃនេះ សូម្បីតែស្មាតហ្វូនរបស់អ្នកក៏អាចអានទិន្នន័យនេះបានដែរ។
បាកូដ ជាធម្មតាត្រូវបានអមដោយលេខផងដែរ។ ដែលលេខនេះគេហៅថាលេខ UPC ។ ដូច្នេះ ប្រសិនបើ Barcode មិនអាចអានបាន ដោយម៉ាស៊ីន គេក៏អាចបញ្ចូលលេខកូដអាដោយដៃជំនួសវិញ។ កូដទាំងនេះអាចមានព័ត៌មានសំខាន់ៗដូចជា ឈ្មោះក្រុមហ៊ុនផលិត ប្រភេទអត្ថបទ តម្លៃជាដើម៕