នៅក្នុងជីវិតជាអ្នកសិក្សា អ្នកណាម្នាក់ក៏យកចិត្តទុកដាក់ និងបារម្ភពីអនាគតនៃការងារបស់ខ្លួនដែរ តែ​ការបារម្ភខ្លាំងពេកអាចធ្វើឱ្យយើងមុជមិនជ្រៅ ទៅមិនឆ្ងាយឬរហូតដល់ធ្វើឱ្យខ្លួនឯងក្រិនក្នុង​ជីវិតដែលគ្មានការអភិវឌ្ឍក៏មាន។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក រិន រ៉ាវុធ សាស្រ្តាចារ្យផ្នែកគ្រប់គ្រងបានលើកឡើង គ្មានមាត្រាណាមួយក្នុងរដ្ឋធម្មនុញ្ញចែងថា កូនអ្នកក្រមិនអាចថ្កុំថ្កើងនោះទេ ហេតុនេះ​អ្វីដែលយើងត្រូវផ្តោតសំខាន់បំផុតគឺ​យើងត្រូវអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យបានខ្លាំងឬឱ្យក្លាយជាមនុស្សដែលគេត្រូវការ។​ ប្រសិនបើយើងមានសមត្ថភាពពិតប្រាដកក្នុងការបំពេញការងារលើអាជីពណាមួយច្បាស់លាស់ យើងប្រាកដជាមិនខ្វះឱកាសការងារល្អនោះទេ។ 

ការដើរចូលក្នុងសាកលវិទ្យាល័យ គឺជាការចូលក្នុងសមរភូមិនៃការអភិវឌ្ឍខ្លួនឯង ឬជាការធ្វើដំណើរ​ឆ្ពោះទៅរកភាពជាអ្នកជំនាញ តែប្រសិនបើយើងបារម្ភ និងគិតអវិជ្ជមានខ្លាំងពេក នោះយើងនឹងមិនអាចមានកម្លាំងចិត្តខំនោះទេ។ ការធ្វើបែបនេះជាវដ្តមួយ ឆ្ពោះទៅរកភាពខាតបង់សម្រាប់ជីវិតខ្លួនឯង ព្រោះយើងអាចសង្កេតបានថានៅពេលយើងមិនមានទឹកចិត្តខំ នោះខ្លួនយើងនឹងមិនអាចអភិវឌ្ឍបានល្អ ហើយនៅពេលយើងគ្មានសមត្ថភាពខ្លាំងច្បាស់ណាស់ថាយើងនឹងបាត់បង់ឱកាសក្នុងការចាប់យកការងារល្អ។

លោក រិន រ៉ាវុធ បាននិយាយថា៖«​ ការបារម្ភខ្លាំងពេកពីទីផ្សារការងារ ពេលកំពុងសិក្សាហាក់បីដូចជាយើងកំពុងធាក់កង់យ៉ាងខ្លាំង តែចាប់ហ្វ្រាំងជាប់មិនឱ្យទៅមុខ។ ហេតុនេះកាន់តែធាក់ យើងកាន់តែហត់»។

សាស្ត្រាចារ្យខាងលើបានលើកឡើងថា បញ្ហាបច្ចុប្បន្នសម្រាប់សិស្សនិស្សិតមួយចំនួន គឺបារម្ភខ្លាំងពេកចំពោះរឿងដែលមិនទាន់មកដល់ ឬបារម្ភហួសស្ថានភាពជាក់ស្តែងដែលកើតមាន។ បើប្រៀបធៀប ពួកគេជាអ្នកលក់ផលិតផលលើទីផ្សារវិញ ភាគច្រើនគេបារម្ភខ្លាចអតិថិជនមិនទិញផលិតផលដែលគេមាន តែនៅពេលដែលគេត្រូវការហើយសួរថា គាត់មានផលិតផលអ្វីខ្លះដើម្បីលក់ គាត់បែរជាគ្មានអ្វីយកទៅលក់ឱ្យគេទៅវិញ។ ហេតុនេះយុវជន គួរពិចារណាឡើងវិញ! ចំណុចសំខាន់ដំបូងដែលត្រូវធ្វើគឺ បណ្តុះចិត្តស្រឡាញ់អាជីពការងារណាមួយដែលខ្លួនពេញចិត្តពិតប្រាកដហើយខិតខំប្រឹងប្រែងរហូតក្លាយជាមនុស្សម្នាក់ដែលគេទទួលស្គាល់។ នៅពេលនោះទោះយើងមិនអាចឈានដល់តំណែងខ្ពស់ជាងគេក្នុងស្ថាប័ន ក៏យើងអាចឈានទៅចាប់ឱកាសល្អណាមួយដើម្បីរួមចំណែកអភិវឌ្ឍស្ថាប័នបានដែរ។ ពេលខ្លះទៀតសម្រាប់អ្នករកស៊ីខ្លះ ដែលគិតគូរខ្លាំងពីអនាគតនៃស្ថាប័នដែលខំបង្កើតយ៉ាងលំបាកគេអាចមិនយកកូនចៅគេ តែផ្តល់ឱកាសអ្នកជំនាញពិតប្រាកដដើម្បីគ្រប់គ្រងក៏មានដើម្បីឱ្យ​អាជីវកម្មរបស់គេអាចអភិវឌ្ឍប្រកបដោយនិរន្តរភាព៕