បញ្ហាការងារជាន់កធ្វើមិនអស់ អាចកើតឡើងសម្រាប់គ្រប់មនុស្ស និងគ្រប់ឋានៈតួនាទី ព្រោះមិនថាតែកម្រិតថ្នាក់ដឹកនាំដែលមានការងារច្រើននោះទេ សូម្បីតែបុគ្គលិកសាមញ្ញក៏អាចជួបបញ្ហានេះដែរ ប្រសិនបើពួកគេគ្រប់គ្រងការងារមិនបានល្អ។
លោក Brian Tracy អ្នកនិពន្ធសៀវភៅ Eat that frog បានលើកឡើងថា បើគ្រប់គ្រងពេលវេលាមិនបានល្អ ជីវិតរបស់យើងនឹងវិលវល់ជាមួយនឹងបញ្ហាដដែលៗ មិនចេះចប់មិនចេះហើយ ដែលធ្វើឱ្យយើងជាប់ផុងជាមួយនឹងការងារដែលគ្មានការអភិវឌ្ឍ។ ហេតុនេះអ្វីដែលយើងអាចធ្វើបាន គឺរៀបចំការងារឱ្យបានល្អ ដើម្បីឱ្យយើងមានពេលវេលាគ្រប់គ្រាន់សម្រាប់បន្តធ្វើរឿងសំខាន់ៗ និងអភិវឌ្ឍរាល់ថ្ងៃ។ ជាចំណុចសំខាន់ដំបូង លោកលើកទឹកចិត្តឱ្យយើងត្រៀមខ្លួនជារៀងរាល់ថ្ងៃ ចំពោះអ្វីដែលយើងត្រូវធ្វើ ដោយកំណត់ពីរឿងលំបាកបំផុតមកមុន។
តាមធម្មតា មនុស្សជាច្រើនតែងតែចង់គេចវេសពីរឿងដែលគួរឱ្យបារម្ភគួរឱ្យខ្លាច ឬស្មុគស្មាញ តែលោកថា ប្រសិនបើយើងមិនចាប់ផ្តើមធ្វើវាទេ វានឹងតាមលងយើងរាល់ថ្ងៃ ហើយអារម្មណ៍នៃការព្រួយបារម្ភនឹងនៅតែដក់ជាប់ក្នុងចិត្តរបស់យើងរាល់ថ្ងៃ។ ហេតុនេះជាដំណោះស្រាយ យើងគួរចាប់ផ្តើមធ្វើវាឱ្យចប់មុនគេបំផុត។
ឆ្លើយតបនឹងបញ្ហានេះដែរ លោក Stephen Covey អ្នកនិពន្ធសៀវភៅ 7 habits of highly effectives people បានលើកឡើងថា យើងម្នាក់ៗមានពេល ២៤ម៉ោងដូចគ្នា ហេតុនេះអ្នកដែលរៀបចំពេលវេលាបានល្អ ប្រាកដជាទទួលជោគជ័យ ជាងអ្នកដែលមិនចេះរៀបចំពេលវេលា។ ចំណុចដែលលោកណែនាំឱ្យរៀបចំពេលវេលាបានល្អ គឺត្រូវចេះបែងចែកខ្លួនឯង ក្នុងប្រភេទការងារ 4សំខាន់ៗគឺ ការងារសំខាន់ហើយបន្ទាន់ ការងារសំខាន់តែមិនបន្ទាន់ការងារបន្ទាន់តែមិនសំខាន់ និងការងារមិនសំខាន់ហើយមិនបន្ទាន់។
លោកបន្តថា ជាទូទៅមនុស្សជាច្រើនតែងតែផុងខ្លួនជាមួយនឹងការងារសំខាន់និងបន្ទាន់ ខណៈមនុស្សមួយចំនួនទៀតជាប់ខ្លួនជាមួយនឹងការងារបន្ទាន់តែមិនសំខាន់។ ប្រសិនបើយើងស្ថិតក្នុងស្ថានភាពបែបនេះ យើងនឹងមិនអាចមានពេលវេលាគ្រប់គ្រាន់ ដើម្បីបញ្ចប់វាបានល្អនោះទេព្រោះការងារបន្ទាន់ នឹងចូលមកក្នុងជីវិតរបស់យើងរាល់ថ្ងៃ។
ហេតុនេះលោកណែនាំថា យើងគួរស្វែងរកវិធីឆ្លាតវៃមួយចំនួនដើម្បីដោះស្រាយបញ្ហាចាស់ៗឱ្យអស់ ឬខិតខំបញ្ចប់វាឱ្យអស់ ដើម្បីប្រើប្រាស់ជីវិតឱ្យបានភាគច្រើន លើការងារសំខាន់តែមិនបន្ទាន់។ នៅពេលយើងចំណាយពេលវេលាលើផ្នែកនេះច្រើន យើងនឹងក្លាយជាមនុស្សដែលមានការអភិវឌ្ឍខ្ពស់ ព្រោះទន្ទឹមនឹងមនុស្សជាច្រើនរវល់ជាមួយនឹងការងារដ៏រញ៉េរញ៉ៃ និងគ្មានសណ្តាប់ធ្នាប់ យើងអាចបញ្ចប់ការងារដូចគេដូចឯងក្នុងរយៈពេលខ្លីហើយថែមទាំងមានពេលសម្រាប់អភិវឌ្ឍចិត្ត កាយ បញ្ញា និងស្មារតីដើម្បីបង្កើនផលិតភាពការងាររបស់យើងឱ្យកាន់តែខ្លាំងបាន។លោកថាការងារដែលធ្វើឱ្យយើងត្រូវធ្វើបន្ទាន់ជារៀងរាល់ថ្ងៃភាគច្រើនកើតឡើងដោយសារតែទម្លាប់ខ្ជីខ្ជារនិងមិនចេះបែងចែកភាពសំខាន់របស់វា។
ប្រសិនបើយើងចេះបែងចែក ភាពសំខាន់ហើយចេះរកពេលអភិវឌ្ឍសមត្ថភាពខ្លួនឯងបន្ថែម នោះយើងនឹងរកឃើញវិធីឆ្លាតវៃក្នុងគ្រប់គ្រងវាប្រកបដោយប្រសិទ្ធភាពខ្ពស់ ចំណាយពេលវេលាតិច និងធ្វើឱ្យជីវិតរបស់យើងសល់ពេលដើម្បីអភិវឌ្ឍកាន់តែច្រើន៕