ម៉ាក់ៗដែលមានផ្ទៃពោះមួយចំនួន ពិបាកក្នុងការញ៉ាំទឹកដោះគោព្រោះតែអាការចាញ់កូន និងបញ្ហាសុខភាពផ្សេងៗ ដែលធ្វើឱ្យពួកគេបារម្ភ អំពីការលូតលាស់របស់គភ៌នៅក្នុងផ្ទៃ។ ប៉ុន្តែសូមកុំបារម្ភអី ព្រោះអ្នកអាចជ្រើសរើសការញ៉ាំវីតាមីនបំប៉នបន្ថែមជាពិសេសកាល់ស្យូម ឬអាចញ៉ាំផ្លែឈើទាំងប៉ុន្មានមុខខាងក្រោមនេះបាន។
១. ផ្លែត្របែក
ផ្លែត្របែកមិនត្រឹមតែសម្បូរដោយជាតិកាល់ស្យូមប៉ុណ្ណោះទេ តែថែមទាំងជាប្រភពនៃវីតាមីនច្រើនប្រភេទដូចជា វីតាមីន A, C, E កាកសរសៃ និងសារធាតុរ៉ែដូចជាប៉ូតាស្យូមជាដើម។ ក្នុងអំឡុងពេលមានផ្ទៃពោះ ម៉ាក់ៗអាចញ៉ាំផ្លែត្របែកស្រស់ឬទឹករបស់វាដើម្បីបំពេញវីតាមីន C សម្រាប់រាងកាយក្នុងការប្រឆាំងជំងឺផ្សេងៗ។ ម្យ៉ាងទៀតជាតិកាកសរសៃដែលមានក្នុងផ្លែត្របែកល្អចំពោះប្រព័ន្ធរំលាយអាហារ។ ជាតិកាល់ស្យូមល្អចំពោះឆ្អឹង និងធ្មេញរបស់គភ៌។
២. ផ្លែសារី
ផ្លែសារីសម្បូរជាតិទឹកច្រើន ព្រមទាំងជាតិកាកសរសៃ និងវីតាមីនសំខាន់ៗដូចជា A, C,E, K, និងវីតាមីន B។ មិនតែប៉ុណ្ណោះវាក៏សម្បូរទៅដោយអាស៊ីតហ្វូលិក និងសារធាតុរ៉ែដូចជា កាល់ស្យូម ប៉ូតាស្យូម ទង់ដែងស័ង្កសី និងជាតិដែក។
៣. ផ្លែគីវី
ផ្លែគីវីមានផ្ទុកនូវអាស៊ីតហ្វូលិកវីតាមីន B, A, C, A និងសម្បូរជាតិទឹក។ ក្រៅពីនេះទៅទៀតគីវីមានផ្ទុកជាតិរ៉ែសំខាន់ៗដូចជា ម៉ាញេស្យូម ប៉ូតាស្យូម ទង់ដែង ជាតិដែក ស័ង្កសីនិងម៉ង់ហ្កាណែស។ អ្វីដែលសំខាន់ គីវីគឺជាប្រភពនៃជាតិកាល់ស្យូមដែលក្នុងមួយខាំនៃផ្លែគីវី មានផ្ទុកកាល់ស្យូម ៣៤ម.ក្រ។ សម្រាប់អ្នកមានផ្ទៃពោះអាចញ៉ាំផ្លែគីវីរាល់ថ្ងៃដែលមិនត្រឹមតែជួយបំពេញជាតិកាល់ស្យូមប៉ុណ្ណោះទេ តែថែមទាំងល្អចំពោះប្រព័ន្ធរំលាយអាហារ ពង្រឹងប្រព័ន្ធភាពស៊ាំទប់ស្កាត់អាការទល់លាមកជាដើម។
៤. ស្ត្រូបឺរី
ស្ត្រូបឺរីមានផ្ទុកជាតិទឹកដល់ទៅ 90% ។ ក្រៅពីនេះផ្លែឈើប្រភេទនេះក៏សម្បូរជាតិកាកសរសៃ វីតាមីន A, C,E, K និងវីតាមីន Bដែលល្អចំពោះការលូតលាស់របស់គភ៌ក្នុងផ្ទៃ៕