មីគឺជាអាហារដ៏ពេញនិយមសម្រាប់អ្នកមានជីវិតរវល់ មិនមានពេលគ្រប់គ្រាន់ក្នុងការធ្វើម្ហូបជាពិសេសសម្រាប់យុវវ័យ។ ​ប៉ុន្តែគ្រឿងផ្សំសំខាន់នៃប្រភេទអាហារទាន់ចិត្តនេះគឺកាបូអ៊ីដ្រាតហើយសារធាតុចិញ្ចឹមផ្សេងទៀតគឺគ្មានឡើយ។កង្វះសារធាតុចិញ្ចឹម និងសារធាតុដើម្បីរក្សារសជាតិវាទុកឱ្យបានយូរបែបនេះ អាចបង្កផលប៉ះពាល់ច្រើនដល់សុខភាពមនុស្សរហូតបង្កជាជំងឺធ្ងន់ធ្ងរប្រសិនបើញ៉ាំក្នុងបរិមាណច្រើននិងញឹកញាប់។

១. ធ្វើឱ្យធាត់ ដុះក្បាលពោះ

តាមទម្លាប់ មនុស្សជាច្រើនតែងចម្អិនមីតាម​ចំណូលចិត្តរបស់ខ្លួនដោយអ្នកខ្លះមិនបានលាងសម្អាតសារធាតុគីមីដែលមាននៅក្នុងនោះចេញ ឬចម្អិនវាមិនបានឆ្អិនល្អនិងបណ្តាលឱ្យរាងកាយផ្ទុកកាបូអ៊ីដ្រាតនិងខ្លាញ់ច្រើនពេក នាំឱ្យសារជាតិខ្លាញ់និងកាឡូរីកើនឡើងខ្ពស់ដែលជាហេតុធ្វើឱ្យអ្នកចូលចិត្តញ៉ាំមីទៅជាកើតជំងឺធាត់។ ​ក្រៅពីនេះ វាអាចបង្កើនហានិភ័យនៃជំងឺដែលទាក់ទងនឹងភាពធាត់មួយចំនួន ដូចជាជំងឺបេះដូង ទឹកនោមផ្អែមឡើងកូលេស្តេរ៉ុលខ្ពស់ជាដើម។

២. មានប្រូតេអ៊ីន និងជាតិកាកសរសៃទាប

ទោះបីជាប្រភេទអាហារដែលមានជាតិកាឡូរីទាបប៉ុន្តែមីកញ្ចប់មានជាតិកាកសរសៃ និងប្រូតេអ៊ីនទាបបំផុតដែលមិនមែនជាជម្រើសដ៏ល្អឡើយសម្រាប់អ្នកចង់សម្រកទម្ងន់។ ប្រូតេអ៊ីនត្រូវបានគេដឹងថាជាអ្នកដែលធ្វើឱ្យមនុស្សមានអារម្មណ៍ឆាប់ឆ្អែតនិងកាត់បន្ថយអារម្មណ៍ឃ្លាន ចំណែកជាតិកាកសរសៃធ្វើចលនាយឺតៗតាមរយៈដំណើរការរំលាយអាហារដែលជាហេតុនាំឱ្យមនុស្សមានអារម្មណ៍ឆ្អែតដែរ។ ដូច្នេះការញ៉ាំមីកញ្ចប់ជាប្រចាំនឹងមិនបានធ្វើឱ្យក្រពះរបស់អ្នកសប្បាយចិត្តឡើយ ព្រោះវាត្រូវធ្វើការច្រើនយ៉ាងដំណំដើម្បីរំលាយអាហារប្រភេទនេះ។ ក្រៅពីនេះមីកញ្ចប់អាចបង្កហានិភ័យខ្ពស់នៃស្ថានភាពពិបាករំលាយអាហារដូចជា ជំងឺទល់លាមកនិងជំងឺរលាកពោះវៀនធំជាដើម។

៣.​ មីកញ្ចប់មានជាតិសូដ្យូមខ្ពស់

ការញ៉ាំមីមួយកំប៉ុង ឬមួយកញ្ចប់មានផ្ទុកជាតិសូដ្យូមចន្លោះពី397 ទៅ 3678 ម.ក្រ។ ខណៈដែលសូដ្យូមគឺជាសារជាតិខនិជដ៏សំខាន់សម្រាប់ធ្វើឱ្យដំណើរការក្នុងរាងកាយដើរល្អក៏ដោយប៉ុន្តែការទទួលទានជាតិសូដ្យូមច្រើនលើសលប់ពេកក៏មិនល្អចំពោះសុខភាពដែរ។ វាអាចចូលរួមបង្កើនហានិភ័យចំពោះជំងឺមហារីកក្រពះជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ សម្រាប់អ្នកដែលមានប្រតិកម្មជាមួយជាតិអំបិលការទទួលទានអាហារដែលមានជាតិសូដ្យូមច្រើនអាចនាំឱ្យមានហានិភ័យនៃជំងឺសម្ពាធឈាមឡើងខ្ពស់ដែលជាហេតុបង្កឱ្យមានផលអវិជ្ជមានចំពោះសុខភាពបេះដូង និងតម្រងនោម។

៤. មានជាតិប៊ឺចេងខ្ពស់

គ្រឿងផ្សំចម្បងរបស់មីកញ្ចប់គឺប៊ឺចេងដែលជាគ្រឿងផ្សំត្រូវបានគេប្រើដើម្បីធ្វើឱ្យញៀនក្នុងអាហារដែលអាចរក្សាទុកបានយូរ។ តួនាទីសំខាន់របស់ប៊ីចេងគឺបង្កើនរសជាតិ ប៉ុន្តែវាអាចបង្កផលប៉ះពាល់ចំពោះសុខភាពបាន។

ការស្រាវជ្រាវជាច្រើនបានរកឃើញថាការទទួលទានអាហារដែលមានប៊ីចេងច្រើនអាចនាំឱ្យកើតរោគសញ្ញាដូចជា ឈឺក្បាល ក្អួតចង្អោរ ឡើងសម្ពាធឈាមអស់កម្លាំង តឹងសាច់ដុំ ឈឺទ្រូង បេះដូងលោតញាប់ ស្បែកឡើងក្រហមជាដើម៕