Image

នរណាក៏ចង់បានសម្រេចគោលដៅរបស់ខ្លួនមិនថាគោលដៅតូច ឬធំ។ ប៉ុន្តែអ្វីដែលយើងអាចរំលង ដោយមិនអាចសម្រេចបានគោលដៅខ្លះមិនថាតូច ឬធំ នោះគឺការមិនប្រើវិធីសាស្រ្តថ្មីៗ នៅពេលការធ្វើគោលដៅតាមរបៀបមួយបរាជ័យ។ ដូច្នេះ គន្លឹះខ្លះត្រូវបានចែករំលែកដូចខាងក្រោម តាមរយៈការបំបែកគោលដៅធំ ជាតូចៗដែលអ្នកសម្រេចបានក្នុងពេលខ្លី ហើយជួយជម្រុញចិត្តអ្នកបន្តធ្វើគោលដៅបន្តបន្ទាប់ទៀត៖

. ដាក់ចេញគោលដៅ១សប្តាហ៍ ១ខែ និង៣ខែ

គោលដៅតូចៗដែលឈានទៅរកគោលដៅធំ នឹងជួយជម្រុញចិត្តអ្នកបានប្រសើរ ព្រោះអ្នកអាចឃើញលទ្ធផល និងកោតសរសើរខ្លួនឯងនៅពេលសម្រេចវាបាន។ឧទាហរណ៍ ក្នុងសប្តាហ៍អ្នកមានគោលដៅ មិនចំណាយច្រើនទេ ពោលគឺសន្សំពេញ១សប្តាហ៍ ដោយមិនចាយវាយច្រើនទៅលើការទិញសម្ភារៈឬចំណីអាហារពីខាងក្រៅ។ ដូច្នេះ នៅពេលអ្នកធ្វើបានគោលដៅ១សប្តាហ៍ អ្នកទទួលអារម្មណ៍ថាអ្នកមានទឹកចិត្តប​ន្តគោលដៅថ្មីៗបន្ថែមទៀត ដែលអាចធ្វើបានជាបន្តបន្ទាប់។ ជំហានបន្តអ្នកក៏អាចសាកល្បងគោលដៅរយៈពេលវែងបន្ថែម រយៈពេល១ខែ ឬ៣ខែ ដូចជាវិនិយោគ ឬរៀនសូត្រជំនាញជាដើម។

. គោលដៅដែលអ្នករីករាយនឹងធ្វើ

មែនហើយគោលដៅនោះគួរតែអ្នកកំណត់ឡើង ហើយពេញចិត្តរីករាយនឹងធ្វើ។ ឧទាហរណ៍ អ្នកចង់បានស្រកទម្ងន់រាងស្អាត ប៉ុន្តែអ្នកមិនចង់ចូល ក្លិបហាត់ប្រាណ ដូចនេះ ក៏នៅមានជម្រើសផ្សេងៗទៀតដែលអ្នកគិតថាអ្នករីករាយនឹងធ្វើសម្រាប់ស្រកទម្ងន់ ដូចជា ជិះកង់ ហែលទឹក ដើរឬរត់ជាដើម។ សាកល្បងរកគោលដៅណាមួយដែលអ្នករីករាយនឹងធ្វើវាដោយពុំមានសម្ពាធលើខ្លួនឯងក្នុងការធ្វើគោលដៅនោះឡើយ។

. កុំខ្លាចក្នុងការបត់បែនគោលដៅ

ឧទាហរណ៍គោលដៅខែនេះគឺជិះកង់ ឱ្យបានចម្ងាយ១៨០គីឡូម៉ែត្រ ប៉ុន្តែខែដែលត្រូវធ្វើគោលដៅនេះ អ្នកបែរជាមិនសូវចំណាប់អារម្មណ៍ជិះកង់ដោយចង់រត់ម៉ារ៉ាតុងវិញ។ ដូច្នេះ ហេតុអ្វីមិនបន្តសកម្មភាពដែលអ្នកកំពុងចាប់អារម្មណ៍នេះដរាបណាវានៅតែផ្តល់ប្រយោជន៍ដល់គោលដៅសុខភាពរយៈពេលវែងរបស់អ្នក ដូច្នេះការផ្លាស់ប្តូរសកម្មភាពគោលដៅ ពុំមែនជារឿងបរាជ័យឡើយ ប៉ុន្តែជាការបន្តធ្វើដោយភាពរីករាយទៅលើសកម្មភាពថ្មីហើយគម្រោងអ្នកនៅតែជោគជ័យដរាបណាអ្នកមិនឈប់ ឬបោះបង់វាចោល។

. បំភ្លេចរឿងបរាជ័យចាស់ ហើយផ្តោតដើរលើបច្ចុប្បន្ន

គោលដៅចាស់ៗអ្នកមិនបានសម្រេច ក៏មានអារម្មណ៍ស្តាយ ប៉ុន្តែវាពុំបានផ្តល់ជាប្រយោជន៍ពីការស្តាយនោះទេ។ត្រឡប់មកវិញ អ្វីដែលអ្នកមានគឺពេលវេលាបច្ចុប្បន្ន និងវិធីសាស្រ្តថ្មីៗ សកម្មភាពថ្មីៗដែលអ្នកអាចធ្វើ ដើម្បីទទួលលទ្ធផលថ្មី គោលដៅថ្មីដែលអ្នកប៉ងទុក។ ដូច្នេះរឿងចាស់មិនល្អក៏គួរបោះចោលហើយទុកពេលវេលាឥលូវនេះ ដើម្បីធ្វើ និងសម្រេចអ្វីៗដែលអ្នកចង់បានហើយដរាបណាអ្នកមិនបោះបង់ គោលដៅអ្នកនឹងមិនឃ្លាតឆ្ងាយពីអ្នកដែរ៕