ក្នុងទំនាក់ទំនងជាមួយមនុស្សជុំវិញ ជាពិសេសទំនាក់ទំនងថ្មីៗ ភាគីសន្ទនាតែងតែចង់និយាយរៀបរាប់ពី ចំណូលចិត្ត និងពីបញ្ហាជុំវិញ ហើយដៃគូម្ខាងទៀតច្រើនតែក្លាយជាអ្នកស្ដាប់ តែក៏ត្រូវជាអ្នកដែលចេះស្ដាប់ពិតប្រាកដចំនុចនេះអាចជាឥទ្ធិពលល្អសម្រាប់ទំនាក់ទំនង។
ហេតុអ្វីបានជាថា និយាយតិច អាចមានឥទ្ធិពលខ្លាំងទៅវិញ? ចំនុចពីរខាងក្រោម នឹងដោះស្រាយចម្ងល់នេះ៖
១. និយាយឲ្យតិច នឹងធ្វើឲ្យយើងក្លាយជាអ្នកចេះស្ដាប់ច្រើន
ត្រូវចេះស្ដាប់ឲ្យច្រើន ហើយនិយាយឆ្លើយឆ្លងឲ្យតិច ជាងដៃគូសន្ទនាដែលចង់និយាយឲ្យយើងជាអ្នកស្ដាប់ នោះមានន័យថា អ្នកចេះឲ្យតម្លៃការនិយាយរបស់គាត់ ចេះតម្រូវចិត្ត ការចង់បានឬយកចិត្ត ក៏ដូចជាការបង្កើតទំនាក់ទំនងល្អ ជាមួយដៃគូរម្ខាងទៀត គឺតាមរយៈការចេះស្ដាប់នេះឯង។
ការចេះស្ដាប់នេះ ក៏អាចបង្ហាញឲ្យអ្នកបានដឹងថា ដៃគូសន្ទនាម្នាក់ទៀតមានចំណូលចិត្តលើអ្វី មានចំណេះដឹងអ្វី ហើយប្រឈមអ្វីខ្លះ ការចេះស្ដាប់នេះហើយ នឹងធ្វើឲ្យអ្នកយល់ពីគាត់កាន់តែច្បាស់ ការសន្ទនាកាន់តែរលូនបានយ៉ាងល្អ ហើយអ្នកក៏មិនគួរកាត់សេចក្ដីឬចាប់ចំនុចខ្វះខាតរបស់គាត់ក្នុងពេលសន្ទនានោះដែរ។
២. ក្រោយពីស្ដាប់ច្រើនហើយ ត្រូវចេះសួរវិញ
ការសួរខ្លីនេះ គឺជាឥទ្ធិពលដែលបានរៀបរាប់ខាងលើ។ នេះជាចំនុចសំខាន់ អ្នកអាចផ្ដើមអូសទាញការនិយាយរបស់ដៃគូសន្ទនា ឲ្យចូលមករកចំនុចកាន់តែទាក់ទាញ ក្រោយពីការសង្កេតលើការនិយាយរបស់គាត់។
ការចេះទាញសន្ទនានេះ មកជាសំណួរ ដែលទាក់ទិននឹងចំណូលចិត្តរបស់គាត់ចំនុចសំខាន់ៗ ដែលគាត់ចង់ចែករំលែក ឬជំនាញជាដើម នោះនឹងនាំឲ្យគាត់កាន់តែចូលចិត្តអ្នក ឬអាចមានន័យថា អ្នកបានស្គាល់អ្នកជំនាញម្នាក់ ហើយចាប់ផ្ដើមកាន់តែសប្បាយចិត្ត ក្នុងការសន្ទនាចែករំលែកនោះ ។
ការចេះសួរដៃគូសន្ទនាដែលចូលចិត្តនិយាយក៏នឹងទទួលបានឱកាសថ្មីៗ ដែលអ្នកមិនរំពឹងទុកផងដែរ។ ឥទ្ធិពលដែលអ្នកទទួលបានគឺ ការកសាងទំនាក់ទំនងដែលកាន់តែជិតដិត និងទទួលឱកាសថ្មីៗ៕