សម្ភារៈ​ជំនួយ​ដល់​ការ​ហាត់​ប្រាណ Foam Roller ឬ Foam Rolling ឬ​​អាច​ហៅ​ថា ជា​ដុំ​ជ័រ​​រមូរសម្រាប់​ដាក់​រាង​កាយ​​ពី​លើ និង​រុញ​ធ្វើ​លំហាត់​ប្រាណ​ ជា​ទំនោរ​ថ្មី​សម្រាប់​យុវវ័យ​និង​មនុស្ស​ចាស់​ ជួយ​ដល់​ការ​ហាត់​ប្រាណ។ សម្រាប់​សម្ភារៈ​មួយ​នេះ បាន​ផ្តល់​ប្រយោជន៍​​មួយ​ចំនួន​ដល់​រាង​កាយ ពិសេស​ជួយ​សម្រាល​ដល់​សាច់​ដុំ​និង​សន្លាក់​បាន​ច្រើន ថែម​ទាំង​ជួយ​កម្តៅ​​សាច់​ដុំបត់​បែន​បាន​ល្អ​មុន​ពេល​ហាត់​ប្រាណ ប៉ុន្តែ​ទន្ទឹម​​នឹង​នោះអ្នក​ក៏​គួរ​យល់​ដឹង​នូវ​ហានិភ័យ​ខ្លះ​ អាច​កើត​ឡើង​ផង​ដែរប្រសិន​បើ​​យើង​មិន​បាន​ស្វែង​យល់​ពី​​សម្ភារៈ​នេះ​បាន​ត្រឹម​ត្រូវ៖

ចូលទំព័រស្វែងរកការងារ របស់ក្រមា សូមចុចទីនេះ

១.ជួយបន្ថយការឈឺចាប់សាច់ដុំ

Foam Roller អាច​កាត់​បន្ថយ​​ការ​ឈឺ​ចុក​ចាប់​សាច់​ដុំនិង​បន្ថយ​​អាការៈ​រលាក​សាច់​ដុំ។ ការ​ហាត់​​លើ​សម្ភារៈ​នេះ រយៈ​ពេល​ ២០​នាទីក្រោយ​ការ​ហាត់​ប្រាណ​ នឹង​ទទួល​បាន​ផល​ប្រយោជន៍​​នេះ។

២.បង្កើនចលនាដល់រាងកាយបត់បែនបានល្អ

ការ​ធ្វើ​ចលនា​លើ​Foam Rolling នឹង​អាច​បង្កើន​ចលនា​បត់​បែន​បាន​ល្អ​ទៅ​លើ​រាង​កាយ។ តាម​ការ​សិក្សា​​មួយ ទៅ​លើ​អត្តពលិក​កីឡាករ វ័យ​ជំទង់​១១​នាក់នៅ​ពេល​ដែល​ពួក​គេ​ហាត់​កីឡា បូក​ផ្សំ​នឹង​ការ​​ប្រើ​សម្ភារៈ​នេះ​ជំនួយ​ដល់​​ការ​កម្តៅ​សាច់​ដុំនិង​ពត់​ពែន​ខ្លួនឃើញ​ថា​បាន​ជួយ​ពួក​​ពង្រីក​សមត្ថភាព​ច្រើន ​​លើ​ភាព​ទន់​ភ្លន់​នៃ​​រាង​កាយ​របស់​ពួក​គេ។

៣.ជួយសម្រកខ្លាញ់ផ្នែកភ្លៅខាងក្រោយ និងខ្លាញ់ត្រង់គូថ

បន្ថែមពីសកម្មភាពសកម្មក្នុងជីវិតប្រចាំថ្ងៃ ព្រមទាំងទម្លាប់ញ៉ាំអាហារល្អសមល្មមសម្រាប់សុខភាព បូករួមទាំងការហាត់រុញ Foam Rolling លើផ្នែកភ្លៅខាងក្រោយនិងគូថ អាចជួយសម្រកខ្លាញ់ត្រង់បរិវេណនោះបាន។ 

៤.ជួយសម្រាលភាពឈឺខ្នង

អត្ថប្រយោជន៍មួយទៀតនៃការហាត់លើ Foam Rolling គឺការបន្ថយសម្ពាធតានតឹងនៃផ្នែកខ្នង ប៉ុន្តែត្រូវចាំថា វាអាចបង្កឱ្យឈឺចាប់ខ្នងវិញ បើអ្នកប្រើពុំត្រឹមត្រូវពោលគឺប្រើបានសម្រាប់ចលនាស្របនឹងឆ្អឹងខ្នង ពុំអាចប្រើផ្ទុយ (ទទឹងឆ្អឹងខ្នង)អាចបង្កជាការឈឺចាប់ទៅវិញ។

៥.សម្រួលភាពតានតឹងទាំងអារម្មណ៍ និងសាច់ដុំ

តាមការសិក្សាទៅលើយុវវ័យជំទង់ ប្រមាណ៦៦នាក់នៅក្រោយពេលពួកគេទម្លាប់ហាត់លើ Foam Rolling រយៈពេល ២០សប្តាហ៍ ពួកគេបានប្រាប់ថាស្ថានភាពរាងកាយពួកគេបានប្រសើរ ពោលគឺការឈឺចាប់សាច់ដុំបានធូរ ព្រមទាំងអារម្មណ៍តានតឹងបានធូរស្បើយ នៅពេលហាត់លើសម្ភារៈនោះ។

ចំណាំ៖គួរ​រំលឹក​ដែរ​ថា សម្ភារៈ​​នេះអាច​ប្រើ​សម្រាប់​បន្ធូរ​បន្ថយ​ភាព​ឈឺ​ចាប់​សាច់​ដុំ និង​ការ​កម្តៅ​​សាច់​ដុំ។យ៉ាង​ណាមិញ ចំណុច​មួយ​ចំនួន​គួរ​ចៀស​វាងគឺ​​ការ​ប្រើ​សម្ភារៈ​នេះ​នៅ​ពេល​អ្នក​មាន​របួស​សាច់​ដុំ​ធ្ងន់​ធ្ងរឬ​ប្រើ​រុញ​លើ​សន្លាក់​ឆ្អឹង​តូច​ៗ​ ដូច​ជា​ជង្គង់ កែង​ និង​ក​ជើងដែល​ត្រូវ​ចៀស​វាង។ បន្ថែម​ពី​នោះ ស្ត្រី​មាន​​ផ្ទៃ​ពោះគួរ​គប្បី​ចៀស​វាង​ផង​ដែរ៕​​​