ការស្វះស្វែងរកគំនិតថ្មីៗ សម្រាប់អភិវឌ្ឍខ្លួនឯង និងអាជីពការងារជាចំណែកមួយជួយរុញឱ្យអ្នកដើរទៅមុខ និងឈានយកឱកាសថ្មីបទពិសោធថ្មីបន្ថែម។ ហើយប្រភពទាំងដែលផ្តល់ជាគំនិតទាំងនោះ យើងអាចរកបានដោយងាយស្រួលពិសេសក្នុងសម័យបច្ចេកវិទ្យាថ្មីៗ នាបច្ចុប្បន្ននេះមានដូចជា៖
១.សិក្ខាសាលាបណ្តុះបណ្តាលឬរៀនវគ្គជំនាញ
អ្នកអាចជ្រើសរើសរៀនមុខជំនាញបន្ថែមក្នុងពេលវេលាណាមួយសមស្រប តាមរយៈសិក្ខាសាលាបណ្តុះបណ្តាលឬវគ្គរៀនជំនាញផ្សេងៗ។ មិនថាការសិក្ខាអនឡាញ ឬចូលរួមផ្ទាល់គឺនឹងផ្តល់ឱ្យអ្នកនូវចំណេះដឹងបន្ថែមដល់អ្នកក្នុងជំនាញពិសេសណាមួយ ជាឧទាហរណ៍ មុខជំនាញទាក់ទងនឹងព័ត៌មានវិទ្យា ដូចជាសរសេរកម្មវិធី ការរចនារូបភាព ការបង្កើតគេហទំព័រជាដើម ដែលនឹងអាចបន្ថែមឱកាសថ្មីដល់អ្នក។
២.ស្វ័យសិក្សាខ្លួនឯងតាមអនឡាញ (E-Learning)
ករណីយើងរវល់ច្រើនមិនសូវមានពេលជាប់លាប់ យើងក៏អាចងាកទៅរកការរៀនស្វែងយល់ដោយខ្លួនឯងតាមរយៈវគ្គសិក្សាខ្លី និងឥតគិតថ្លៃនៅលើគេហទំព័រផ្លូវការមួយចំនួនលើអ៊ីនធើណេត។ ហើយអ្វីដែលអ្នកត្រូវការគឺកុំព្យូទ័រ និងសេវាអ៊ីនធើណេតសម្រាប់ប្រើប្រាស់ក្នុងការរៀន។ វគ្គសិក្សាអនឡាញខ្លីៗទាំងនោះត្រូវគេបង្កើតឡើងសម្រាប់អ្នកពុំសូវមានពេលដូចនេះ យើងអាចរៀន សម្រាកនិងបន្តរៀនវិញនៅរៀងរាល់ពេលទំនេរ។ ដូចនេះ អ្នកនឹងទទួលបានចំណេះថ្មីៗបន្ថែមដូចជា ជំនាញភាសាជំនាញសរសេរ ជំនាញដោះស្រាយបញ្ហា ឬជំនាញត្រិះរិះពិចារណា ជាដើមដែលឯកសារបង្រៀនទាំងនោះមានច្រើនអាចឱ្យអ្នកជ្រើសរើសសមនឹងខ្លួនឯងបាន។
៣.យូធូប(Youtube)
ប្រភេទវីដេអូបង្រៀនតាមវិបសាយ Youtube ឬPodcastsសម្រាប់ស្តាប់ការបង្រៀនណែនាំជាប្រភពបង្កលក្ខណៈងាយស្រួលដល់ការចង់ចេះចង់ដឹងចំណេះដឹងថ្មីៗ មកដាក់ខ្លួន។ នៅទីនោះ យើងអាចរកវីដេអូបង្រៀនណែនាំឬសម្លេងបង្រៀនដែលមានតាមប្រភេទថ្នាក់ និងចំណេះដឹងជាច្រើនដែលយើងអាចរៀនសូត្រនៅពេលទំនេរ។
៤.ប្លុក(Blog) ឬសៀវភៅ
ក្រៅពីអ៊ីនធើណេតអ្នកក៏អាចរៀនសូត្រពីចំណេះដឹងពីបទសោធ តាមរយៈសៀវភៅឬប្លុក (blog)ផ្ទាល់ខ្លួនរបស់បុគ្គលណាមួយ។ ដោយហេតុថាចំណេះដឹង និងបទពិសោធផ្ទាល់ខ្លួនខ្លះជាលក្ខណៈដោយឡែកអ្នកអាចរកនៅទីនោះបាន។ដូចនេះសម្រាប់អ្នកចូលចិត្តទៅហាងសៀវភៅ ឬបណ្ណាល័យ អ្នកនឹងអាចជួបបទពិសោធថ្មីៗពីម្ចាស់សំណេរ ឬអ្នកនិពន្ធតាមរយៈស្នាដៃរបស់គេ ហើយបន្ថែមពីនោះអ្នកចូលចិត្តស្រាវជ្រាវតាមប្លុក ក៏នឹងទទួលបាននូវគំនិតថ្មីៗប្លែកៗ និងអាចសំយោគជាគំនិតថ្មីបន្ថែមផងដែរ។
៥.ការងារប្រចាំថ្ងៃ
ក្រៅពីប្រភពចំណេះដឹងពីអនឡាញ និងសៀវភៅ អាជីព និងការងារប្រចាំថ្ងៃក៏អាចធ្វើឱ្យអ្នកកកើតគំនិតថ្មីៗ ជាការអភិវឌ្ឍខ្លួនបានផងដែរ។ ជាឧទាហរណ៍អ្នកជួបបញ្ហាខ្លះក្នុងពេលបំពេញការងារអ្នកក៏អាចសួរ សហការីឬរៀមច្បង អ្នកមានបទពិសោធមុនៗ ពីគន្លឹះដោះស្រាយតាមវិធីប្លែកៗគ្នា ហើយអ្នកអាចទទួលចំណេះដឹងខ្លះៗពីអ្នកជំនាញតាមផ្នែកក្នុងក្រុមហ៊ុន ឬស្ថាប័នដែលអ្នកបំពេញការងារបានតាមរយៈការលើកឡើងជាចម្ងល់របស់អ្នកផងដែរ៕