នៅពេលដែលអតិផរណាឡើងខ្ពស់ ធនាគារកណ្តាលច្រើនមានទំនោរទៅរកការដំឡើងអត្រាការប្រាក់។ អត្រាការប្រាក់កើនឡើង នឹងបង្កើនថ្លៃដើមនៃបំណុល នេះក៏ជាការរារាំងដល់ការខ្ចីប្រាក់ ដល់ការវិនិយោគ និងបន្ថយតម្រូវការអ្នកប្រើប្រាស់។

ទីផ្សារអចលនទ្រព្យគឺមានភាពស្មុគស្មាញ។ តម្លៃ​ ត្រូវ​បាន​ជំរុញ​ដោយ​កត្តា​ជាច្រើន​​ ដូចជាកត្តានៃទីតាំង តំបន់ កត្តា​ប្រទេស និង​ពិភពលោក។ គោលគំនិតជាមូលដ្ឋានមួយគឺមើល ការផ្គត់ផ្គង់និងតម្រូវការ អ្វីៗផ្សេងទៀតដូចជាអត្រាកម្ចីទិញផ្ទះ អតិផរណា និងសូម្បីតែលក្ខខណ្ឌសេដ្ឋកិច្ចនៅក្នុងប្រទេសផ្សេងទៀត ចំណូលរបស់ប្រជាពលរដ្ឋ សុទ្ធតែអាចមានឥទ្ធិពលលើទីផ្សារនេះ។

យល់ពីការឡើងចុះនៃអត្រាការប្រាក់

អត្រាការប្រាក់គឺជាតម្លៃដែលអ្នកបង់លើការខ្ចីប្រាក់។ អត្រាការប្រាក់ជាកត្តាសំខាន់មួយ ក្នុងវដ្តអចលនទ្រព្យ តែវាជារឿងសំខាន់ដែលត្រូវចងចាំថា អត្រាការប្រាក់មិនមែនជាកត្តាតែមួយគត់ដែលកំណត់ថ្លៃដើម និងការបង្កផលលំបាកដល់បម្រែបម្រួលនៃអចលនទ្រព្យនោះទេ។

នៅពេលដែលអត្រាការប្រាក់ទាប វាពិតជាជំរុញឱ្យមានការខ្ចីប្រាក់កើនឡើង និងសកម្មភាពវិនិយោគក៏ឡើងទៅតាមនោះ។ ហើយនៅពេលដែលអត្រាកើនឡើងខ្ពស់ វាជំរុញឱ្យមានការថយចុះនៃការខ្ចីប្រាក់ ហើយជម្រុញឲ្យមានការសន្សំប្រាក់នៅធនាគារវិញ ជាជាងការវិនិយោគ។

យល់ពីការផ្គត់ផ្គង់ និងតម្រូវការ

ការផ្គត់ផ្គង់និងតម្រូវការ គឺជាកត្តាសាមញ្ញពីរដែលមានឥទ្ធិពលលើតម្លៃទំនិញ និងសេវាកម្មទាំងអស់។ បើ​មនុស្ស​ជាច្រើនចង់​បាន​វត្ថុមួយ នោះតម្លៃ​ក៏​ឡើង​ដែរ។ ប្រសិន​បើ​វត្ថុ​នោះ​មាន​ច្រើន​ តម្លៃ​នឹង​ធ្លាក់​ចុះ។

នៅពេលដែលអត្រាការប្រាក់កើនឡើង នោះនាំទៅរកការកើនឡើងនៃថ្លៃទូទាត់ប្រចាំខែ។ ជាឧទាហរណ៍ ក្នុងអត្រាការប្រាក់ 4 ភាគរយ កម្ចីទិញផ្ទះ 250,000 ដុល្លារនឹងត្រូវចំណាយអស់ 1,194 ដុល្លារក្នុងមួយខែ។ ក្នុងអត្រាការប្រាក់ 6 ភាគរយ ប្រាក់កម្ចីដូចគ្នា នោះនឹងត្រូវចំណាយអស់ 1,439 ដុល្លារ។ ផលប៉ះពាល់គឺកាន់តែធំ សម្រាប់ប្រាក់កម្ចីធំ។

យើងអាចទាញបានថា ការកើនឡើងនៃអត្រាការប្រាក់ អាចបណ្តាលឱ្យអត្រាប្រាក់កម្ចីទិញផ្ទះកើនឡើង ហើយការកើនឡើងអត្រាប្រាក់កម្ចីទិញផ្ទះ អាចកាត់បន្ថយតម្រូវការទិញផ្ទះ ដែលនេះក៏អាចឲ្យនាំឱ្យតម្លៃផ្ទះធ្លាក់ចុះ ក្នុងរយៈវែង

ថ្វីបើតម្លៃផ្ទះធ្លាក់ចុះក៏ដោយ លទ្ធភាពនៃការកាន់កាប់ជាកម្មសិទ្ធិ ក៏មិនមានការកើនឡើងខ្លាំងនោះដែរ ដោយសារតែដោយការកើនឡើងអត្រាការប្រាក់ អាចធ្វើឲ្យអត្ថប្រយោជន៍ដែលទទួលបានពីការទិញ មានតម្លៃទាប។ តែផ្ទុយមកវិញ វាក៏មានចំនុចល្អ គឺតម្រូវការនៃការជួល នឹងកើនឡើង៕