មានជំនាញ​ ឬគ្មានជំនាញ មិនមែនជាបញ្ហាចោទនោះទេ។ អ្វីដែលជាបញ្ហា គឺតើអ្នកមានឆន្ទះ និងចិត្តមុះមុតប៉ុណ្ណា ដើម្បីធ្វើការ ជាមួយនឹងផ្នត់គំនិតដែលសមស្រប?

មានសិស្សនិស្សិតជាច្រើន បានចប់ពីការសិក្សាហើយធ្វើការខុសជំនាញ នេះជាអ្វីដែលយើងតែងតែលឺ។ ការមានជំនាញច្បាស់លាស់ មិនថាជាជំនាញអ្វីមួយ ក៏នោះមិនអាចនាំឲ្យអ្នកជាមនុស្សឈានមុខគេបានដែរ បើគ្មានការធ្វើសកម្មភាព ដែលត្រឹមត្រូវ។ សម្រាប់អ្នកដែលគ្មានជំនាញ អ្នកក៏អាចហ្វឹកហាត់អ្វីដែលចូលចិត្តឲ្យក្លាយជាជំនាញបានពិតប្រាកដនៅថ្ងៃមួយដែរ។

មានមនុស្សដែលពូកែនិពន្ធជាច្រើន តែបើមិនដែលផ្ដើមចាប់ប៊ិចសរសេរ នោះសៀវភៅមួយក្បាល ក៏មិនអាចបោះពុម្ពចេញ។ ហើយក៏មានអ្នកពូកែផ្នែកកីឡាជាច្រើន តែមិនដែលហ្វឹកហាត់ឲ្យបានទៀងទាត់ ក៏មិនអាចទទួលបានពានរង្វាន់ឯកនោះដែរ។

បើអ្នកជាជាងឡាន កុំទុកដៃឲ្យសស្អាត ត្រូវតែហ៊ានប្រឡាក់ខ្លាញ់គោ ប្រេងឡានរាល់ថ្ងៃ ឬជាមនុស្សដែលចូលចិត្តការតែងនិពន្ធ ការសរសេរជាដើម គួរចាប់ផ្ដើមសរសេរនៅថ្ងៃនេះកុំទុកក្រដាសសៀវភៅឲ្យនៅសស្លែត។ ប្រាកដណាស់ ក្នុងថ្ងៃដំបូង ខែដំបូង អ្នកនឹងមិនអាចដល់ចំនុចមួយដូចអ្នកដែលមានជំនាញច្បាស់នោះទេ ។

ដរាបណា អ្នកផ្ដើមពីមួយថ្ងៃទៅមួយថ្ងៃ ច្រើនខែ នោះជំនាញនៃជាងឡានឬការសរសេរឬតែងនិពន្ធរបស់អ្នកនឹងកាន់តែស្ទាត់ ហើយមានភាពងាយស្រួលជាងមុន នោះនឹងក្លាយជាជំនាញដ៏ពិតប្រាកដ។លទ្ធផលប្រាកដជាបានល្អប្រសើរពីការខិតខំធ្វើការ ជាងអ្នកដែលមានជំនាញតែមិនព្រមធ្វើជាប្រចាំ។

ចំនុចគឺនៅទីនេះ ចាប់ផ្ដើមប្រឡាក់ខ្លាញ់គោ ដកប៊ិចសរសេរ និងរៀនពីមនុស្សជុំវិញដែលពូកែ ហើយខិតខំឲ្យច្រើនជាងពួកគេទ្វេទ្វេដង ដោយរក្សាការងារនេះឲ្យបានជាប្រចាំស្ថិតសេ្ថរ(consistency) ថ្ងៃមួយ អ្នកនឹងដល់ចំនុចដែលអ្នកចង់ទៅដូចមនុស្សគំរូរបស់អ្នក៕