ជាធម្មតា ក្នុងការរស់នៅមនុស្សម្នាក់ៗតែងតែជួបរឿងរ៉ាវជាច្រើនដែលមិនសមប្រកប បង្កើតឱ្យមានការខឹងក្រោធឬធ្វើឱ្យមិនសប្បាយចិត្តជាដើម។
នៅក្នុងខណៈចិត្តនោះ ជាទូទៅក្រោយពេលទទួលរងនូវសម្ពាធផ្លូវចិត្ត ឬប៉ះជាមួយនឹងព្រឹត្តិការណ៍ភ្លាមមនុស្សតែងតែប្រតិម្មភ្លាមៗឆ្លើយតបនឹងព្រឹត្តិការណ៍នោះ ដោយមិនសូវប្រើវិចារណាញាណនោះទេ។ ហេតុនេះហើយ ទើបជារើយៗក្រោយពេលប្រតិកម្មជាមួយនឹងអារម្មណ៍ខឹងក្រោធ ហើយមនុស្សជាច្រើនតែងតែមានអារម្មណ៍ថាស្តាយក្រោយ ឬមានអារម្មណ៍ថាមានកំហុស។
នៅថ្ងៃនេះ ក្រមា ប៉ុស្តិ៍ សូមលើកយកចំណុចសំខាន់ៗចំនួន ២យ៉ាង ដើម្បីជាការពិចារណាមុននឹងឆ្លើយតបជាមួយនឹងព្រឹត្តិការណ៍ណាមួយ។
១.កុំបុរេវិនិច្ឆ័យ
បុរេវិនិច្ឆ័យ គឺជាការយល់ឃើញឬស្ថានភាពអារម្មណ៍ដែលបកស្រាយសាច់រឿងណាមួយដែលខ្លួនបានឃើញដោយមិនបានពិចារណាលើភាពពិតជាក់ស្តែងរបស់វាតែមនុស្សបែរជាប្រើប្រាស់ការយល់ឃើញផ្ទាល់ខ្លួន ឬបទពិសោធន៍ជីវិតមកបកស្រាយសាច់រឿងនោះទៅវិញ។
ចំណុចនេះបានធ្វើឱ្យអ្នកគិតមិនអាចទៅឱ្យដល់ភាពស៊ីជម្រៅបំផុតនៃសាច់រឿង ឬយល់ឃើញផ្ទុយពីសាច់រឿងពិតជាក់ស្តែងថែមទៀតផង។ ហេតុនេះប្រសិនបើយើងចាប់ផ្តើមយល់ឃើញខុស ហើយសកម្មភាពដែលបញ្ចេញមកក៏នឹងបង្កើតជាកំហុសដូចគ្នាដែរ។
យកល្អ គួរដកឃ្លាពិចារណា និងយកចិត្ត ស្ថានភាពរួមទាំងព័ត៌មានរបស់គេមកដាក់ក្នុងខ្លួនឯងបន្តិច ដើម្បីដឹងឱ្យបានច្រើនជាងមុនមុននឹងធ្វើការសម្រេចចិត្ត។ បន្ថែមពីលើនេះ បើអាចគួរសួរនាំឱ្យបានច្បាស់លាស់ដើម្បីដឹងឱ្យច្បាស់ពីស្ថានភាពនៃភាគីម្ខាងទៀត ដើម្បីធានាថាយើងមិនសន្និដ្ឋានខុស។
២.គិតពីលទ្ធផលនៃសកម្មភាពរបស់ខ្លួនឯង (imagination)
ភាគច្រើន នៅពេលមនុស្សម្នាក់ខឹងគាត់មិនសូវខ្វល់ច្រើនពីលទ្ធផលនៃសកម្មភាពរបស់គាត់នោះទេតែគាត់ផ្តោតសំខាន់បំផុតលើការឆ្លើយតបជាមួយនឹងអ្នកដែលធ្វើឱ្យគាត់ខឹង។ ហេតុនេះប្រសិនបើយើងបានដកឃ្លាគិតពីលទ្ធផលចុងក្រោយនៃទង្វើដែលយើងនឹងធ្វើ ឬបង្កើតជាជម្រើសសម្រាប់ខ្លួនឯងនោះអារម្មណ៍ខឹងក្រោធនឹងបាត់បង់អស់មួយចំណែក។
ការធ្វើបែបនេះអាចធ្វើឱ្យយើងបន្ថយសម្ពាធផ្លូវចិត្តហើយថែមទាំងអាចធ្វើឱ្យយើងគិតបានវែងឆ្ងាយពីសកម្មភាពរបស់យើង។ ពេលខ្លះបើតាមចិត្តខឹងយើងអាចនឹងបង្កើតកំហុសធំ តែក្រោយពេលគិតពីជម្រើសនៃសកម្មភាពយើងអាចនឹងធ្វើសកម្មភាពណាដែលឆ្លើយតបដោយភាពវិជ្ជមាន ហើយមិនបង្កើតកំហុសថែមទៀតផង៕