បើនិយាយពីការសិក្សា មានរឿងច្រើនដែលត្រូវពិចារណា ព្រោះវាមិនមែនគ្រាន់តែចូលទៅក្នុងសាលាត្រង់តែមួយមុខគត់ ហើយចេញមកវិញអាចធ្វើឱ្យយើងក្លាយជាមនុស្សខ្លាំងនោះទេ។ ដើម្បីឱ្យយើងក្លាយជាមនុស្សដែលមានការអប់រំល្អ ចាំបាច់មានធាតុផ្សំជាច្រើនដែលត្រូវដឹង។
ឯកឧត្តមបណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា និស្សិតប្រមាណពីរភាគបីមកពីគ្រប់តំបន់លើពិភពលោកនាពេលបច្ចុប្បន្ន កំពុងប្រឈមនឹងបញ្ហា មិនអាចរកការងារធ្វើបាន ឬមិនអាចទទួលបានការងារដែលត្រូវជំនាញក្រោយពេលបញ្ចប់ការសិក្សា។ កត្តាទាំងអស់នេះ មិនមែនមកពីការអប់រំនៅតាមសាលាឬសាកលវិទ្យាល័យ ដែលមិនមានភាពស៊ីចង្វាក់ជាមួយនឹងទីផ្សារការងារទាំងអស់នោះទេ តែវាបណ្តាលមកពីកត្តាផ្សេងៗទៀត ជាពិសេសគឺកត្តានិស្សិតខ្លួនឯង ដែលមិនបានបន្ស៊ាំខ្លួនឯងជាមួយជំនាញមួយចំនួន ដើម្បីស្វែងរកបទពិសោធជាក់ស្តែងនៅខាងក្រៅ។
ឯកឧត្តម អ៊ឹម កុច មានប្រសាសន៍ថា៖ «ដើម្បីទទួលបានការងារ និងអភិវឌ្ឍសមត្ថភាពការងារឱ្យបានល្អក្រោយពេលបញ្ចប់ការសិក្សានៅកម្រិតមហាវិទ្យាល័យឪពុកម្តាយគួរតែផ្តល់ឱកាសឱ្យបានច្រើនសម្រាប់កូនៗ និងត្រូវចេះលើកទឹកចិត្តកូនឱ្យធ្វើការងារហាត់ការ(Internship)ជាដើមដើម្បីទទួលបានបទពិសោធន៍ការងារជាក់ស្តែងមុនពេលបញ្ចប់ការសិក្សា»។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ផងដែរថា កត្តាមួយចំនួនដែលជំរុញឱ្យសិស្ស-និស្សិតមិនអាចរកការងារធ្វើបាននៅកម្រិតមហាវិទ្យាល័យ គឺមកពីពួកគាត់មិនទាន់មានសមត្ថភាពឆ្លើយតបជាមួយនឹងទីផ្សារការងារមិនសូវយល់ច្បាស់ពីតម្លៃ នៃការចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្ត មិនចាប់អារម្មណ៍ស្វែងយល់ពីការបង្កើតទំនាក់ទំនងល្អនិងយល់មិនបានស៊ីជម្រៅពីការសិក្សានៅមហាវិទ្យាល័យ។ ជាឱកាសល្អដែល នាពេលបច្ចុប្បន្ននេះមានក្រុមហ៊ុនជាច្រើនបានបង្កើតឡើង ហើយត្រូវការអ្នកធ្វើការស្ម័គ្រចិត្តដើម្បីហាត់ការ ដូចជាផ្នែកសេវាកម្មនិងតាមក្រុមហ៊ុនក្នុងវិស័យផ្សេងៗជាច្រើនទៀត។ ការធ្វើការហាត់ការគឺជាការងារដែលផ្តល់បទពិសោធច្រើន លើផ្នែកការងារទំនាក់ទំនងនិងធ្វើឱ្យមានភាពចាស់ទុំ។
ឯកឧត្តមថា ការសិក្សានៅមហាវិទ្យាល័យ គឺមានប្រហែលជាជាង30%តែប៉ុណ្ណោះសម្រាប់ទទួលបានការងារធ្វើ ដូច្នេះដើម្បីទទួលបានឱកាសកាន់តែច្រើន និស្សិតត្រូវស្វះស្វែងដោយខ្លួនឯងក្នុងពិភពខាងក្រៅ ដើម្បីរៀនហើយអភិវឌ្ឍខ្លួនដើម្បីឱ្យឆ្លើយតបជាមួយនឹងទីផ្សារការងារ។ បន្ទាប់ពីមានចំណេះដឹងពីមហាវិទ្យាល័យមានបទពិសោធជាក់ស្តែងនិងមានទំនាក់ទំនងល្អហើយ ពួកគេប្រាកដជាទទួលបានការងារល្អធ្វើក្រោយពេលបញ្ចប់ការសិក្សា៕