នៅពេលរាងកាយមនុស្សចាប់ផ្ដើមវិវត្តទៅជាចាស់បណ្ដើរៗទៅ សមត្ថភាពនៃការបឺតស្រូបយកវីតាមីនB12 ក៏កាន់តែចុះខ្សោយដែរ។ សារជាតិវីតាមីនB12មានតួនាទីជួយបង្កើតកោសិកាគ្រាប់ឈានក្រហម ហើយនិង DNA។ ដោយសារតែរាងកាយមនុស្សមិនអាចផលិតវីតាមីនB12បានដោយខ្លួនឯង ទើបយើងត្រូវការចាំបាច់បំផុតនូវអាហារូបត្ថម្ភដែលសម្បូរវីតាមីនប្រភេទនេះដូចជា អាហារបំប៉ន និងម្ហូបពីសាច់សត្វជាដើម។ ប៉ុន្តែមានមនុស្សច្រើនណាស់ដែលមិនសូវបានយកចិត្តទុកដាក់លើរឿងនេះ ហើយញ៉ាំអាហារមិនមានសារធាតុបំប៉នគ្រប់គ្រាន់។ សូមស្វែងយល់ពីសញ្ញាមួយចំនួនដែលបង្ហាញថារាងកាយរបស់អ្នកកំពុងតែខ្វះវីតាមីនB12។
១.ចេះតែអស់កម្លាំងមិនឈប់
ចំណុចសំខាន់ដំបូងគេនៃកង្វះវីតាមីន B12ក្នុងរាងកាយគឺអាការៈអស់កម្លាំង មិនថាអ្នកបានគេងគ្រប់៨ម៉ោងក៏ដោយក៏ពេលក្រោកឡើងនៅតែមានអារម្មណ៍ល្ហិតល្ហៃ ដូចមិនបានគេងសោះតែម្ដង។ ជាធម្មតា រាងកាយមនុស្សត្រូវពឹងផ្អែកលើវីតាមីនB12នេះហើយ ដើម្បីផលិតកោសិកាឈាមក្រហមដើម្បីឱ្យអុកស៊ីសែនត្រូវបានប្រើប្រាស់ពាសពេញរាងកាយ។ ប៉ុន្តែចំណុចនេះតែមួយនៅមិនទាន់អាចសន្មតបាននៅឡើយទេ អ្នកកំពុងតែខ្វះ វីតាមីនB12តែមួយមុខ។ នៅមានចំណុចសំខាន់ផ្សេងទៀតដែលគួរពិចារណា។
២.សាច់ដុំចុះខ្សោយ
ដើម្បីឱ្យសាច់ដុំរឹងមាំមនុស្សត្រូវការអុកស៊ីសែន។ កោសិកាឈាមក្រហមដូចជួយបញ្ជូនអុកស៊ីសែនទៅកាន់សាច់ដុំត្រូវពឹងផ្អែកលើវីតាមីន B12 នេះហើយ។ ដូច្នេះប្រសិនបើសាច់ដុំរបស់អ្នកប្រែជាចុះខ្សោយនោះ បានន័យថាអ្នកកំពុងបាត់បង់សារធាតុវីតាមីន B12 ហើយ។
៣.មានបញ្ហាភ្នែក
ក្នុងករណីមួយចំនួនការបាត់បង់ វីតាមីន B12 ក្នុងរាងកាយក៏អាចបណ្ដាលឱ្យភ្នែករបស់អ្នកមានបញ្ហាផងដែរ។ វាធ្វើឱ្យភ្នែកឡើងស្រវាំង ឬព្រិលពិបាកមើលរបស់ដែលនៅចំពោះមុខក្នុងពេលមួយរយៈ។ ប្រសិនបើអ្នកនៅសុខៗបែរជាមានបញ្ហាភ្នែក សូមទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ជៀសវាងការសន្និដ្ឋាននិងប្រើថ្នាំដោយខ្លួនឯង។
៤.ស្បែកឡើងស្លេកស្លាំង
កង្វះវីតាមីន B12 នឹងធ្វើឱ្យស្បែកប្រែជាស្លេកស្លាំងបាត់បង់ជាតិពណ៌ក្រហម។ នេះក៏ដោយសារតែរាងកាយកំពុងបាត់បង់កោសិកាឈាមក្រហមដែលមិនត្រូវបានផលិតឡើងដោយវីតាមីន B12នេះឯង។ មិនថាអ្នកកំពុងជួបប្រទះនូវសញ្ញាណាមួយខាងលើ វាអាចជាអ្វីដែលអ្នកចំណាំទុក និងសង្កេតដោយខ្លួនឯង ប៉ុន្តែត្រូវតែទៅជួបជាមួយគ្រូពេទ្យពិនិត្យឱ្យបានច្បាស់ និងស្ដាប់តាមវេជ្ជបញ្ជាដើម្បីឱ្យរាងកាយមានសុខភាពល្អឡើងវិញ៕