រូបភាពពី pinterest.com

បើនិយាយពីការជ្រើសរើសជំនាញសិក្សា មនុស្សជាច្រើនតែងណែនាំថា ឱ្យជ្រើសរើសតាមអ្វីដែលខ្លួនស្រឡាញ់។ហើយសម្រាប់អ្នកធ្វើអាជីវកម្មវិញ ក៏ដូចគ្នា គេតែងនាំគ្នាគិតថាឱ្យតែមានចិត្តស្រឡាញ់ឬមានចំណង់ នោះការធ្វើអាជីវកម្មប្រាកដជាជោគជ័យ។

លោក Stephen R. Covey អ្នកនិពន្ធសៀវភៅទម្លាប់ល្អទាំង7យ៉ាង សម្រាប់បុគ្គលមានប្រសិទ្ធភាពខ្ពស់ បានបញ្ជាក់ថា ក្តីស្រឡាញ់និងចំណង់ ជាផ្នែកយ៉ាងសំខាន់មួយនៃការកសាងភាពជោគជ័យក្នុងជីវិត តែបើមានតែចំណង់មួយមុខគត់ យើងមិនអាចធ្វើឱ្យក្តីស្រមៃរបស់យើងក្លាយជាការពិតបាននោះទេ។ វាត្រូវការធាតុផ្សំផ្សេងៗទៀតដើម្បីចូលរួម ដូចជាចំណេះដឹង (Knowledge) និងជំនាញ (skill) ដែលសំដៅដល់វិធីក្នុងការអនុវត្តការងារឱ្យការងារនីមួយៗក្លាយជាការងារល្អឥតខ្ចោះនិងប្លែកគេ។

លោក Stephen R. Covey បញ្ជាក់ថា ចំណេះដឹង (knowledge) ជំនាញ (skill) និងចំណង់ (desire) ជាផ្នែកដែលឆ្លើយតបឱ្យគ្នា ក្នុងការបណ្តុះទម្លាប់វិជ្ជមានសម្រាប់សម្រេចការងារ។ កាលណាមនុស្សមានតែចំណង់ គេនឹងអាចបរាជ័យក្នុងរឿងរ៉ាវដែលខ្លួនស្រឡាញ់ ព្រោះចំណង់មិនអាចធ្វើឱ្យគេទទួលផ្លែផ្កាបាននោះទេ បើគេមិនដឹងវិធីអនុវត្ត។ ជាក់ស្តែង មានមនុស្សខ្លះចេះតែចង់នេះ ចង់នោះ ចង់គ្រប់បែបយ៉ាង តែគេមិនអាចសម្រេចបានស្ទើរតែគ្រប់គោលដៅ ព្រោះគាត់គ្មានសមត្ថភាពឬចំណេះដឹងពិតប្រាកដ ក្នុងការ​ជំរុញចំណង់របស់គាត់នោះឱ្យក្លាយទៅជាសកម្មភាព។

បន្ថែមពីលើនេះ អ្នកជំនាញផ្នែកអភិវឌ្ឍមនុស្សខាងលើបានបញ្ជាក់ផងដែរថា នៅពេលមនុស្សមានចំណង់មានចំណេះដឹងហើយ ពួកគេក៏ចាំបាច់ផងដែរនូវ​ភាពស្ទាត់ជំនាញ ឬអភិវឌ្ឍវិធីធ្វើផ្ទាល់ខ្លួនដែលល្អជាងគេ។ មិនថាការរកស៊ី ឬការធ្វើការងារនោះទេ ភាពជោគជ័យនៅដំណាក់កាលដំបូងមិនលំបាកពេកទេ តែអ្វីដែលលំបាក គឺ​រក្សាភាពជោគជ័យនោះឱ្យមាននិរន្តរភាព។ ហេតុនេះ ការច្នៃការងារប្រចាំថ្ងៃដែលយើងស្រឡាញ់នោះឱ្យទៅជាជំនាញប្លែកគេគឺជាផ្នែកយ៉ាងសំខាន់ មិនអាចខ្វះបានសម្រាប់រក្សាឱ្យបាននូវ​ភាពសំខាន់ និង​ចំណុចពិសេស​ដែលមនុស្សគ្រប់គ្នាត្រូវការ។

ជារួម ដើម្បីសម្រេចជោគជ័យលើគ្រប់ការងារសំខាន់ ដំបូងត្រូវស្វែងរកអ្វីដែលខ្លួនស្រឡាញ់ និងមានចំណង់ពិតប្រាកដឱ្យឃើញបន្ទាប់មកចាំបាច់ត្រូវអភិវឌ្ឍសមត្ថភាពទាំងអស់នោះ ដោយស្វែងរកចំណេះដឹងឱ្យបានច្បាស់លាស់ដើម្បីជំរុញផែនការសកម្មភាពឱ្យអនុវត្តទៅបានដោយរលូន។ ចុងក្រោយចាំបាច់ត្រូវ​អភិវឌ្ឍចំណេះ និងចំណង់នោះឱ្យទៅជាជំនាញ ដែលអាច​ធ្វើបានប្លែកគេហើយថែមទាំងមានសមត្ថភាពចែករំលែកបទពិសោធន៍ល្អៗទាំងអស់នោះដើម្បីជំរុញភាពជោគជ័យដល់មនុស្សជុំវិញខ្លួនបានថែមទៀតផង៕