វីតាមីន Cគឺជាសារធាតុចិញ្ចឹមដ៏សំខាន់មួយក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរបស់មនុស្សក្នុងការប្រឆាំងជាមួយជំងឺផ្សេងៗ។ វីតាមីនប្រភេទនេះមានសារសំខាន់ចំពោះរាងកាយមនុស្សស្ទើរតែគ្រប់ផ្នែក តាំងពីស្បែកឆ្អឹង សក់ សន្លាក់ និងគ្រប់អវៈយវៈនៃសារពាង្គកាយមនុស្សតែម្ដង។ កង្វះជាតិវីតាមីន Cអាចបណ្ដាលឱ្យសុខភាពមនុស្សជួបប្រទះជាមួយជំងឺកាចសាហាវជាច្រើន និងប៉ះពាល់ការលូតលាស់។ តាមការណែនាំរបស់គ្រូពេទ្យជំនាញមនុស្សម្នាក់ៗគួរបរិភោគវីតាមីន Cឬអាហារដែលមានជាតិវីតាមីននេះឱ្យបាន ហោចណាស់ ៧៥ម.ក្រ សម្រាប់មនុស្សស្រី និង៩០ ម.ក្រសម្រាប់មនុស្សប្រុសវ័យជំទង់។ តើត្រូវធ្វើដូចម្ដេចទើបអាចសម្គាល់ថាមនុស្សម្នាក់អាចខ្វះសារជាតិវីតាមីន C?
១. ស្បែកឡើងគ្រើមដូចស្បែកមាន់
វីតាមីន C ដើរតួយ៉ាងសំខាន់ក្នុងការផលិតខូឡាជែនដែលជាប្រូតេអ៊ីនមួយប្រភេទមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយជាលិកាសំខាន់ៗដូចជាស្បែកសក់ សន្លាក់ឆ្អឹង និងសរសៃឈាម។
នៅពេលដែលវីតាមីន C មានកម្រិតទាប ស្ថានភាពជំងឺសើស្បែកដែលគេស្គាល់ថាkeratosis pilaris អាចវិវឌ្ឍន៍បាន។ ក្នុងស្ថានភាពនេះ អ្នកនឹងសង្កេតស្បែកឡើងពកៗដូចស្បែកមាន់នៅលើដើមដៃផ្នែកខាងក្រោយលើភ្លៅ ឬគូទ ដោយសារតែការបង្កើតប្រូតេអ៊ីន keratinនៅខាងក្នុងរន្ធញើស។
Keratosis pilaris ដែលបណ្តាលមកពីកង្វះវីតាមីន C ជាធម្មតាលេចឡើងបន្ទាប់ពីការទទួលទានវីតាមីននេះមិនបានគ្រប់គ្រាន់ពី ៣ ទៅ ៥ ខែ ហើយត្រូវដោះស្រាយដោយការបរិភោគថ្នាំជំនួយដែលមានវីតាមីនខាងលើ។
២. ងាយឡើងស្នាមជាំលើស្បែក
ស្នាមជាំកើតឡើងនៅពេលដែលសរសៃឈាមនៅក្រោមស្បែកដាច់រលាត់ដែលបណ្តាលឱ្យឈាមធ្លាយចូលតំបន់ជុំវិញ។វាជារោគសញ្ញាទូទៅនៃកង្វះវីតាមីន C ដោយសារតែការផលិតខូឡាជែនមានការចុះខ្សោយ បណ្តាលឱ្យសរសៃឈាមចុះខ្សោយដូចគ្នា។
ការដែលងាយឡើងស្នាមជាំជាញឹកញាប់គឺជារោគសញ្ញាដំបូងបង្អស់នៃកង្វះជីវជាតិអ្វីមួយហើយគួរតែត្រូវយកចិត្តទុកដាក់ពិនិត្យតាមដានបន្ថែម ប្រសិនបើពិតជាខ្វះជាតិវីតាមីន C មែន។
៣. ឈឺឬហើមសន្លាក់
ដោយសារសន្លាក់មានផ្ទុកជាលិកាតភ្ជាប់គ្នាជាច្រើនដែលសំបូរទៅដោយកូឡាជែនច្រើនសន្លាក់ទាំងនោះក៏អាចរងផលប៉ះពាល់ពីកង្វះវីតាមីន C ដែរ។ មានករណីជាច្រើនដែលត្រូវបានគេរាយការណ៍ថាមានការឈឺចាប់សន្លាក់អាចមានទំនាក់ទំនងទៅនឹងការខ្វះវីតាមីន C ក្នុងរាងកាយដែលវាច្រើនតែបណ្តាលឱ្យមានអាការពិបាកដើរឬពិបាកឈរក្នុងរយៈពេលយូរជាដើម។
ក្រៅពីនេះ ការហូរឈាមក្នុងសន្លាក់ក៏អាចកើតមានផងដែរចំពោះមនុស្សដែលខ្វះវីតាមីនC ដែលបណ្តាលឱ្យហើមនិងឈឺចាប់កាន់តែខ្លាំង។
៤. ខ្សោយឆ្អឹង
កង្វះវីតាមីន C ក៏អាចប៉ះពាល់ដល់សុខភាពឆ្អឹងផងដែរដែលវានឹងនាំឱ្យមានការចុះខ្សោយចំពោះការលូតលាស់នៃឆ្អឹង និងអាចប្រឈមខ្លាំងជាមួយអត្រាបាក់ឆ្អឹងថែមទៀតផង។ជាពិសេសសម្រាប់ក្មេងៗត្រូវការយកចិត្តទុកដាក់បន្ថែមចំពោះការទទួលទានវីតាមីន C ឱ្យបានគ្រប់គ្រាន់ព្រោះវានឹងប៉ះពាល់ដល់ការលូតលាស់ និងអភិវឌ្ឍខ្លួនទៅមុខ។
៥. ឈាមអញ្ចាញ ឬបាក់ធ្មេញ
អាការក្រហម ហើម ឬចេញឈាមអញ្ចាញ សុទ្ធតែអាចជាសញ្ញាណផ្សេងទៀតនៃកង្វះវីតាមីន C ផងដែរ។ ប្រសិនបើគ្មានជាតិវីតាមីន C គ្រប់គ្រាន់ដែលត្រូវយកមកប្រើប្រាស់ក្នុងរាងកាយ ជាលិកាអញ្ចាញធ្មេញនឹងប្រែទៅជាខ្សោយទៅៗរលាក ហើយសរសៃឈាមក៏អាចចេញឈាមបានយ៉ាងងាយ។ លើសពីនេះទៅទៀត ក្នុងករណីធ្ងន់ធ្ងរ អាចនឹងមានការបាក់ធ្មេញដោយសារតែអញ្ចាញមិនមានសុខភាពល្អ ឫសធ្មេញក៏មិនរឹងមាំ ដែលបណ្ដាលមកពីការទទួលទានវីតាមីន C មិនបានគ្រប់គ្រាន់នោះ។
អាហារដែលសម្បូរទៅដោយវីតាមីន C
ដោយសាររាងកាយមនុស្សមិនអាចផលិតវីតាមីនC បានដោយខ្លួនឯង ទើបអាហារ ឬថ្នាំបំប៉នគឺជាប្រភពវីតាមីនដែលអ្នកត្រូវការជាចាំបាច់ដើម្បីវីតាមីនដ៏សំខាន់នេះទៅទ្រទ្រង់ការលូតលាស់គ្រប់ផ្នែករបស់រាងកាយ។ អ្នកអាចរកវីតាមីន C បាននៅក្នុងបន្លែ ផ្លែឈើដូចជា ផ្លែត្របែក ផ្លែក្រូចគ្រប់ប្រភេទ ផ្លែម្នាស់ ផ្លែភ្ញៀវផ្លែល្ហុង ផ្លែស្វាយ ម្ទេសប្លោក ផ្កាខាត់ណាខៀវ និងប៉េងប៉ោះជាដើម៕