នៅក្នុងរដូវរងាបែបនេះប្រិយមិត្តប្រហែលចូលចិត្តលាបឡេដើម្បីការពារស្បែកពីការប្រះស្រការ ឬដើម្បីថែរក្សាស្បែកឱ្យនៅតែមានសំណើមជាក់ជាមិនខាន។ ប៉ុន្តែប្រសិនបើប្រិយមិត្តកំពុងតែស្វែងរកបន្លែផ្លែឈើដែលសម្បូរទៅដោយវីតាមីនច្រើន ជាពិសេសនោះគឺវីតាមីន E ដែលជួយទ្រទ្រង់ស្បែក អ្នកគួរតែជ្រើសយកបន្លែផ្លែឈើ៥មុខនៅខាងក្រោមនេះ៖
១.ផ្លែបឺរី
ផ្លែបឺរីគឺជាផ្លែឈើដ៏ពេញនិយមបំផុតសម្រាប់មនុស្សជាច្រើន ពីព្រោះថាក្រៅពីរសជាតិផ្អែមឆ្ងាញ់របស់វាហើយ ផ្លែឈើនេះក៏មានផ្ទុកនូវសារធាតុជាច្រើនសម្រាប់ជួយដល់សុខភាព ព្រមទាំងសម្បូរដោយវីតាមីនយ៉ាងច្រើនដូចជា វីតាមីន E, K កាកសសៃ រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ ហើយវាក៏អាចជួយឱ្យចក្ខុវិស័យមើលឃើញបានច្បាស់ល្អថែមទៀតផង។
២.បន្លែស្ពៃប្រូខូលី
វាជាបន្លែដែលត្រូវបានគេណែនាំឱ្យបរិភោគជាប្រចាំថ្ងៃ ព្រោះថាវាមានផ្ទុកនូវជីវជាតិសម្បូរបែប។ នេះក៏ព្រោះតែវាមានផ្ទុកទៅដោយវីតាមីនជាច្រើនដូចជា A, E,C ព្រមទាំងបណ្ដុះប្រព័ន្ធភាពស៊ាំឱ្យបានរឹងមាំល្អ និងរឹតតែល្អសម្រាប់អ្នកចង់សម្រកគីឡូ ព្រោះថាវាអាចជួយឱ្យអ្នកស្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។
៣.ផ្លែគីវី
ក្នុងសមាសធាតុរបស់ផ្លែឈើដែលមានរសជាតិជូរអែមមួយប្រភេទនេះ មានផ្ទុកទៅដោយប្រភពវីតាមីនជាច្រើនដូចជា C, E,K និងរួមជាមួយសារធាតុប្រឆាំងអុកស៊ីតកម្មថែមទៀតផង។ វាក៏ជាផ្លែឈើជួយបណ្ដុះប្រព័ន្ធភាពស៊ាំឱ្យរឹងមាំ ទ្រទ្រង់សុខភាពផងដែរ។ ហើយក៏អាចការពារពីជម្ងឺជាច្រើនមុខ ជាពិសេសនៅក្នុងរដូវត្រជាក់បែបនេះ។
៤.បន្លែស្ពីណាត់
វាជាបន្លែដែលត្រូវបានគេចាត់ទុកថាជាបន្លែពណ៌បៃតងដ៏ពេញនិយមមួយប្រភេទក្នុងរដូវរងានេះ សម្រាប់ជួយឱ្យស្បែកមានសំណើម មិនស្ងួតប្រះស្រការជាដើម។ នេះដោយសារវាផ្ទុកដោយសារធាតុចិញ្ចិមជាច្រើនមុខដូចជា វីតាមីន E សារធាតុរ៉ែ ដែលជួយដល់ស្បែកឱ្យស្រស់ថ្លា ព្រមទាំងជួយដល់ការសម្រកគីឡូថែមទៀតផង។
៥.ផ្លែល្ពៅ
ជាប្រភេទបន្លែដែលបងប្អូនងាយស្រួលស្វែងរកតាមទីផ្សារ ហើយក៏មានដាំនៅតាមផ្ទះផងដែរ។ វាជាបន្លែមួយប្រភេទដែលមានពណ៌ទឹកក្រូច ដែលអាចជួយបំបាត់ស្នាមជ្រីជ្រួញនៅលើស្បែកបាន ពីព្រោះនៅក្នុងល្ពៅមានសារធាតុវីតាមីន A, C,E ជួយសម្អាតស្បែកឱ្យមានភាពសំណើមពីខាងក្នុងរាងកាយ។
សរុបមកបន្លែផ្លែឈើ៥មុខខាងលើ ជាជម្រើសដ៏ល្អមួយសម្រាប់ឱ្យប្រិយមិត្តបានជ្រើសរើសយកមកទទួលទានប្រចាំថ្ងៃ ដើម្បីទទួលបានស្បែកសភ្លឺរលោងស្អាត ហើយថែមទាំងមានសាច់ចាំទៀតផង ជៀសវាងការប្រើផលិតផលមួយចំនួន ដែលអាចធ្វើឱ្យស្បែកប្រែជាខូចដោយសារការជ្រើសរើសផលិតផលប្រើប្រាស់លើស្បែកមិនបានត្រឹមត្រូវ៕