សព្វថ្ងៃ ផលិតផលធូបសម្រាប់ដុតប្រើប្រាស់មានច្រើនប្រភេទ មានធូបសម្រាប់អុជឬដុតប្រើក្នុងពិធីបុណ្យសាសនាឬធូបសម្រាប់ដុត ឱ្យបញ្ចេញក្លិនក្រអូបទៅក្នុងផ្ទះ និងផលិតផលធូបជាច្រើនទៀត ដែលក្នុងនោះគឺមានសម្រាប់ដុតឱ្យក្រអូបឱ្យប្រយោជន៍ទៅដល់សុខភាព។
យ៉ាងណាមិញ ធូបដែលភាគច្រើនផ្សំពីជ័រឈើ សាច់ឈើ ប្រេងក្រអូប ឬមួយម្សៅផ្សំពីសមាសធាតុផ្សេងៗ សុទ្ធសឹងតែបញ្ចេញផ្សែង ដែលធ្វើឱ្យខ្យល់ដង្ហើមដែលមនុស្សនៅក្បែរនោះស្រូបយក និងបង្កជាប្រតិកម្មផ្សេងៗ។ បើទោះជា វាផ្តល់នូវក្លិនក្រអូប គួរជាទីទាក់ទាញ ប៉ុន្តែផ្អែកតាមការសិក្សាជាច្រើនបានបង្ហាញនូវផលជាអវិជ្ជមាន ច្រើនជាងដែលសុទ្ធសឹងជាចំណុចគួរគប្បីស្វែងយល់ ពីបញ្ហាទាំងនោះ ដែលមានដូចជា៖
មហារីក
នៅក្នុងការសិក្សាមួយនៅឆ្នាំ២០០៩បានបញ្ជាក់ថា សមាសធាតុជាកម្ទេចតូចៗ មាននៅក្នុងធូបគឺមានផ្ទុកដោយធាតុដែលបង្កើតទៅជាជំងឺមហារីកបាន ហើយសំខាន់នោះគឺមហារីកសួត និងប្រព័ន្ធដង្ហើមផ្សេងៗ។ សារធាតុខ្លះដែលការស្រាវជ្រាវរកឃើញមាននោះ គឺសារធាតុ Polyaromatic Hydrocarbons សារធាតុBenzene និង Carbonyls ដែលគេសម្គាល់ថាជាសារធាតុពុលនិងបង្កឱ្យរលាកច្រមុះ។
ជំងឺហឺត
នៅក្នុងការសិក្សាមួយផងដែរទៅលើក្មេងៗសិស្សសាលា ប្រមាណ៣ពាន់នាក់ នៅលើកោះតៃវ៉ាន់ អំពីបញ្ហារោគសញ្ញានៃជំងឺហឺត ក៏ដូចជាបញ្ហាជំនឿដុតធូបនៅលើកោះនេះ។ ការសិក្សាក៏បានរកឃើញថា ទំនាក់ទំនងរវាងផ្សែងធូបគឺពិតជានាំឱ្យមានរោគសញ្ញានៃបញ្ហាដង្ហើមថប់តឹង ឬពិបាកដកដង្ហើម ដែលនេះមានន័យថា ផ្សែងធូបគឺនាំឱ្យមានការឈានទៅដល់ជំងឺហឺតផងដែរ។
ជំងឺបេះដូង
ក៏ដូចទៅនឹងបញ្ហាជំងឺមហារីក និងជំងឺហឺត ការរកឃើញពីការស្រាវជ្រាវទៅលើប្រជាពលរដ្ឋសឹង្ហបុរី ក៏បានឃើញដង្ហើមមនុស្សដែលទទួលរងពីផ្សែងធូបក្នុងរយៈពេលវែង គឺជាផ្លូវនាំទៅរកជំងឺបេះដូង។ ហើយក្នុងនោះអ្នកស្រាវជ្រាវក៏បានកត់សម្គាល់ទៅលើផលវិបាករបស់ផ្សែងធូប ដែលបានបង្កជាជំងឺនេះ ក៏ដោយសារការបង្អាក់ដំណើរនៃកម្រិតធាតុកូឡេស្តេរ៉ូលល្អៗនៅក្នុងរាងកាយមនុស្ស ក៏ដូចជាបង្កផលប៉ះពាល់ទៅបម្រែបម្រួលទម្ងន់របស់មនុស្សផង។
ទោះយ៉ាងណា ក្រុមអ្នកស្រាវជ្រាវក៏បានក្រើនរំឮកប្រជាពលរដ្ឋទូទៅ ឱ្យស្វែងយល់ពីបញ្ហាទាំងនេះក៏ដូចជាពិចារណាទៅលើជម្រើស ដែលអាចស្វែងរកបានពីធម្មជាតិមកជំនួសវិញ ដូចជាការយកផ្កាស្រស់ ដាក់ក្នុងបរិវេណបន្ទប់ដើម្បីទទួលបានក្លិនក្រអូបស្រស់ស្រាយ ឬមួយការប្រើប្រេងក្រអូបដែលផ្សំពីសមាសធាតុពីធម្មជាតិសុទ្ធជំនួសឱ្យប្រើក្លិនក្រអូបពីធូបជាដើម៕