១. ផ្កាខាត់ណាខៀវ (Broccoli)
មូលហេតុដែលអ្នកមិនគួរកៀបទឹកផ្កាខាត់ណាខៀវ ព្រោះបន្លែមួយប្រភេទនេះមានជាតិកាឡូរីទាប។ វាមានផ្ទុកសារធាតុចិញ្ចឹមដ៏មានប្រយោជន៍ជាច្រើនសម្រាប់រាងកាយដូចជា ជាតិកាកសរសៃ វីតាមីនC វីតាមីន K1 ប៉ូតាស្យូម និងម៉ង់ហ្កាណែស។
ប្រសិនបើអ្នកកៀបទឹកវាចេញមកដើម្បីទទួលទានតែមួយមុខ អ្នកនឹងបាត់បង់សារធាតុចិញ្ចឹមជាច្រើនដែលមានក្នុងសាច់ ឬធាងរបស់វាជាមិនខាន។ ជាងនេះទៅទៀត ទឹកផ្កាខាត់ណាខៀវនឹងធ្វើឱ្យពិបាកក្នុងការរំលាយអាហារ ដែលបង្កទៅជាអាការហើមពោះ រកកលចង់ក្អួតចង្អោរ ឬពិបាកក្នុងខ្លួនជាដើម។
២. ផ្លែម្នាស់
ម្នាស់គឺជាប្រភេទផ្លែឈើដែលមានរសជាតិផ្អែម និងមានក្លិនដ៏ទាក់ទាញ។ វាមានផ្ទុកជាតិវីតាមីនសំខាន់ៗជាច្រើនដែលមានអត្ថប្រយោជន៍ចំពោះសុខភាពមនុស្ស។ ហេតុនេះហើយទើបមនុស្សភាគច្រើនចូលចិត្តញ៉ាំវាដោយយកទៅកិនយកទឹក ប៉ុន្តែការច្របាច់ ឬកិនម្នាស់យកទឹកមកទទួលទានបែបនេះ អ្នកអាចនឹងបាត់បង់សារធាតុចិញ្ចឹមសំខាន់ៗនៅក្នុងសាច់ ហើយយកបានត្រឹមតែជាតិស្ករប៉ុណ្ណោះ។
ទឹកម្នាស់អាចនឹងទៅបង្កើនកម្រិតជាតិស្ករក្នុងឈាម និងអាំងស៊ុយលីនកាន់តែខ្ពស់។ ដូច្នេះហើយទើបអ្នកជំនាញផ្នែកសុខភាពជាច្រើនបានណែនាំឱ្យញ៉ាំផ្លែម្នាស់ស្រស់ៗតែម្ដង ចំណែកការទទួលទានទឹកម្នាស់អាចបង្កើនហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមទៅវិញ។
៣. ពពួកក្រូចសម្បកពណ៌ទឹកក្រូច
ប្រភេទក្រូចដែលមានសម្បកពណ៌ទឹកក្រូចត្រូវបានយកទៅកៀប ឬច្របាច់យកទឹកសម្រាប់ទទួលទានច្រើន និងពេញនិយមសម្រាប់មនុស្សគ្រប់វ័យ។ ប៉ុន្តែអ្នកផលិតមួយចំនួនបានកិនក្រូចប្រភេទនេះទាំងសម្បកតែម្ដងដែលអាចបង្កផលប៉ះពាល់ទៅដល់រាងកាយទៅវិញ។ សម្បកក្រូចមានផ្ទុកសមាសធាតុដែលអាចធ្វើឱ្យរំខានដល់ប្រព័ន្ធរំលាយអាហារ។ លើសពីនេះទៅទៀត សម្បកទាំងនេះច្រើនតែមានប្រេងសំខាន់ៗដែលធ្វើឱ្យទឹកក្រូចដែលច្របាច់ចេញមកនោះមានរសជាតិល្វីងពិបាកទទួលទាន។
៤. ផ្លែសារី
អ្នកមិនគួរទទួលទានផ្លែសារីដោយកៀប ឬកិនយកទឹកឡើយ។ ផ្លែសារីមានផ្ទុកជាតុស្ករម្យ៉ាងឈ្មោះថា Sorbitol ជាទម្រង់ជាតិស្ករដែលពិបាករំលាយ ដែលត្រូវធ្វើឱ្យពោះវៀនធ្វើការកាន់តែធ្ងន់ ជាហេតុបណ្ដាលឱ្យមានអាការរាករូសបាន។ ម្យ៉ាងវិញទៀត មនុស្សមួយចំនួនដែលមានប្រតិកម្មជាមួយជាតិ Fructose ក៏មិនគួរទទួលទានទឹកផ្លែសារីនេះផងដែរ។
៥. ផ្លែប៉ោមទាំងគ្រាប់
ផ្លែប៉ោមសម្បូរជាតិកាកសរសៃ និងជាផ្លែឈើដ៏មានគុណប្រយោជន៍ខ្ពស់ចំពោះសុខភាព។ សារធាតុ Quercetin ដែលមានក្នុងផ្លែប៉ោមអាចប្រយោជន៍ការរលាក និងប្រឆាំងជំងឺបាក់ទឹកចិត្ត។ ចំណែកសារធាតុ Catechin ដែលមាននៅក្នុងផ្លែឈើនេះក៏ជាសារធាតុប្រឆាំងអុកស៊ីតកម្មពីធម្មជាតិដ៏មានប្រសិទ្ធភាព ដែលជួយបង្កើនមុខងារខួរក្បាលនិងសាច់ដុំ។
ប៉ុន្តែទោះជាយ៉ាងណា អ្នកក៏ត្រូវតែមានការប្រុងប្រយ័ត្ននៅពេលធ្វើទឹកផ្លែប៉ោម។ គ្រាប់ផ្លែប៉ោមមានផ្ទុកសារធាតុ Amygdalin ដែលអាចមានជាតិពុលនៅពេលរំលាយនៅក្នុងប្រព័ន្ធរំលាយអាហារ។ ដូច្នេះត្រូវប្រាកដថា អ្នកយកគ្រាប់ផ្លែប៉ោមទាំងអស់ចេញ មុនចាប់ផ្ដើមកិនវាយកទឹក៕