ដើម្បីអភិវឌ្ឍបានល្អប្រសើរគ្រប់ប្រទេសទាំងអស់លើពិពភលោក សុទ្ធតែព្យាយាមគ្រប់លទ្ធភាព ក្នុងការទាញយកធនធានរបស់ខ្លួនយកមកប្រើប្រាស់តាមគ្រប់រូបភាព។
នៅអតីតកាលគ្រប់តំបន់ទាំងអស់ បានខិតខំប្រឹងប្រែងគ្រប់លទ្ធភាពដើម្បីទាញយកផលប្រយោជនពីធនធានធម្មជាតិដែលខ្លួនមាន ដើម្បីជាវត្ថុធាតុដើមនិងគ្រឿងផ្សំសម្រាប់សម្រាប់កែច្នៃឱ្យក្លាយជាឧស្សាហកម្មក៏ដូចជាសម្មិទ្ធិផលវិទ្យាសាស្រ្តជាដើម។ ក្រោយមក បណ្តាប្រទេសដែលមិនសូវសំបូរធនធានធម្មជាតិមួយចំនួនដូចជាសិង្ហបុរីជាដើម ក៏បានប្រើប្រាស់វិធីផ្សេងដើម្បីមកអភិវឌ្ឍ ដោយការបណ្តុះបណ្តាលនិងយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលធនធានមនុស្សដើម្បីជួយសេដ្ឋកិច្ច។
ជាលទ្ធផល ប្រទេសទាំងអស់នោះបានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយការអភិវឌ្ឍទៀតសោតក៏មានប្រសិទ្ធភាពខ្ពស់ផងដែរដែលធ្វើឱ្យប្រទេសស្ទើរតែទាំងអស់ ចាប់ផ្តើមងាកមកយកចិត្តទុកដាក់កាន់តែខ្លាំងលើការបណ្តុះបណ្តាលធនធានមនុស្ស។
ពាក់ព័ន្ធនឹងបញ្ហានេះ បណ្ឌិតសភាចារ្យ សុខ ទូចប្រធានរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា គេអាចអភិវឌ្ឍប្រទេសជាតិតាមយុទ្ធសាស្ត្រជាច្រើនបែបយ៉ាងខុសៗគ្នា។ ក្នុងនោះមានដូចជាការអភិវឌ្ឍប្រទេសជាតិដោយពឹងផ្អែកលើធនធានធម្មជាតិ ដែលមានស្រាប់និងការអភិវឌ្ឍប្រទេសជាតិដោយផ្អែកលើធនធានមនុស្ស។ ទោះជាយ៉ាងនេះក្តី ការអភិវឌ្ឍប្រទេសជាតិដោយពឹងផ្អែកលើធនធានមនុស្សគឺ ជាយុទ្ធសាស្ត្រអភិវឌ្ឍប្រកបដោយចីរភាព និងស្ថិរភាពជាងការអភិវឌ្ឍដោយទាញយកប្រយោជន៍ពីធម្មជាតិព្រោះ ការអភិវឌ្ឍដោយពឹងផ្អែកលើធនធានធម្មជាតិ នឹងអាចសឹករេចរឹល ឬអស់នៅថ្ងៃណាមួយតែសម្រាប់ធនធានមនុស្សវិញ កាន់តែប្រើប្រាស់កាន់តែរីកចម្រើនជាលំដាប់។
ហេតុនេះហើយ ទើបកម្ពុជាកំពុងផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្សដែលជាប្រភពធនធានមិនចេះរីងស្ងួតសម្រាប់អភិវឌ្ឍសង្គមលើគ្រប់វិស័យ និងគ្រប់សម័យកាល។ មិនថាពិភពលោកប្រែប្រួលដល់ណានោះទេ ការអភិវឌ្ឍធនធានមនុស្សនៅតែជាតម្រូវការចាំបាច់បំផុតសម្រាប់ប្រទេសទាំងអស់លើពិភពលោក៕