ការសិក្សាជាច្រកយ៉ាងសំខាន់ដើម្បីជំរុញឱ្យមនុស្សម្នាក់ៗ ក្លាយជាធនធានប្រកបដោយគុណតម្លៃសម្រាប់សង្គមនិងពិភពលោក តែទោះជាយ៉ាងនេះក្តី ការរៀនក៏ចាំបាច់ត្រូវតែមានវិថីត្រឹមត្រូវទើបអាចធានាបានថា ​យើងអាចក្លាយជាអ្នកជំនាញប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់ចូលរួមអភិវឌ្ឍសង្គម។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិតសភាចារ្យ ច័ន្ទរ័ត្ន ប្រធានវិទ្យាស្ថាន​ស្រាវជ្រាវជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំបានលើកឡើងថា ការសិក្សាចាំបាច់ត្រូវមានដំណាក់កាល និងដឹងច្បាស់ពីគោលដៅដែលយើងចង់អភិវឌ្ឍខ្លួន។ លោកថាអ្នកសិក្សាគ្រប់គ្នាគួរសម្រួចសមត្ថភាព ដើម្បីរៀនឱ្យក្លាយជា​អ្នកឯកទេស បន្ទាប់មក​ត្រូវពង្រឹងខ្លួនឯងឱ្យមានភាពជាអ្នកដឹកនាំខ្ពស់ លើជំនាញឯកទេសដែលយើងមាននោះ។ ការធ្វើបែបនេះនឹងធ្វើឱ្យយើងមើលឃើញកាន់តែច្បាស់ពីវិធីសាស្រ្តក្នុងការអភិវឌ្ឍជំនាញឯកទេស ឬវិជ្ជាជីវៈដែលយើងកំពុងតែអនុវត្តនោះ។ បន្ទាប់មកទៀតយើងត្រូវអភិវឌ្ឍខ្លួនឱ្យក្លាយជាអ្នករៀបចំគោលនយោបាយសម្រាប់ជាតិ លើមុខវិជ្ជាឯកទេសដែលយើងកំពុងសិក្សានោះ។

បើតាមអ្នកជំនាញខាងលើបានបញ្ជាក់ផងដែរថា អ្នកជំនាញចាំបាច់ត្រូវស្គាល់ពីខ្លួនឯងឱ្យបានច្បាស់លាស់លើវិថីនៃការអភិវឌ្ឍចំណេះដឹងនិងវិជ្ជាជីវៈ។ នៅក្នុងដំណាក់កាលនៃការអភិវឌ្ឍ មានសំណួរខ្លះគេមិនអាចសួរអ្នកដទៃបាននោះទេ គឺត្រូវតែសួរទៅកាន់ខ្លួនឯងវិញ ព្រោះស្ថានភាព​រវាងបុគ្គលម្នាក់ៗ និងពីពេលវេលាមួយទៅពេលវេលាមួយ​ទៀតវាមានភាពខុសគ្នា ហេតុនេះយើងមិនអាចរកចម្លើយដូចគ្នាចំពោះមុខមនុស្សគ្រប់រូបនោះទេ។ ប្រសិនបើយើងច្បាស់ពីខ្លួនឯង ស្គាល់ទេពកោសល្យ និងដឹងពីគោលដៅជីវិតជាក់លាក់ហើយ នោះយើងនឹង​មានវិធីជាច្រើនដើម្បីដើរឱ្យដល់កន្លែងដែលយើងកំណត់ទុកនោះ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះកម្ពុជាកំពុងត្រូវការធនធានប្រកបដោយសមត្ថភាពចំណេះដឹង និងសមត្ថភាពវិជ្ជាជីវៈខ្ពស់ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ​លើគ្រប់វិស័យ។ ធនធានមនុស្សត្រូវបានគេមើលឃើញថា​ ជាកូនសោរគន្លឹះមួយក្នុងចំណោម​កូនសោរសំខាន់ៗដែលអាចរុញច្រានប្រទេសកម្ពុជាឱ្យសម្រេចគោលដៅអភិវឌ្ឍដែលបានកំណត់ទុក។ រាជរដ្ឋាភិបាល បានដាក់គោលដៅអភិវឌ្ឍឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ហេតុនេះ យើងត្រូវការធនធានមនុស្សជាច្រើនដើម្បីចូលរួមចំណែកបម្រើការងារនៅក្នុងវិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចជាតិ និងត្រូវការអ្នកដែលមានបទពិសោធន៍ខ្ពស់ដើម្បីចូលរួមផ្តល់យោបល់ និង​​រៀបចំអនុវត្តគោលនយោបាយ​ដើម្បីជំរុញការអភិវឌ្ឍឱ្យកាន់តែប្រសើរ៕