ជាការពិតណាស់មនុស្សភាគច្រើនតែងតែនិយមចូលចិត្តធ្វើអ្វីស្រឡាញ់អ្វី និងចង់ធ្វើអ្វីបានតែមួយឆាវតែប៉ុណ្ណោះពោលគឺពេលណានឹកឃើញចង់ធ្វើរឿងនេះ ក៏ធ្វើរឿងនេះ ពេលណានឹកឃើញធ្វើរឿងនោះក៏ធ្វើរឿងនោះ ហើយពេលខ្លះនឹកឃើញចង់ឈប់ធ្វើក៏ឈប់ធ្វើតែម្តង។ ដូច្នេះតើមានកត្តាអ្វីខ្លះ ដែលធ្វើឲ្យមនុស្សបច្ចុប្បន្នធ្វើអ្វីតែមួយឆាវៗ?

១.អ្នកចូលចិត្តធ្វើអ្វីតាមគេ

អ្នកឃើញគេធ្វើរឿងអ្វីមួយហើយទទួលបានជោគជ័យ ទទួលបានផលចំណេញ ឬលាភសក្ការៈពីរឿងទាំងនោះ អ្នកក៏អាចមានអារម្មណ៍ថា ចង់ធ្វើរឿងទាំងនោះដូចគេដែរ ចង់ពូកែដូចគេ ចង់ខ្លាំងដូចគេ ទាំងដែលខ្លួនឯងផ្ទាល់ហ្នឹងមិនមានជំនាញច្បាស់លាស់ គ្មានក្តីស្រឡាញ់ក៏ដូចជាមិនមានចំណង់ចំណូលចិត្តពិតប្រាកដ ទៅលើរឿងដែលអ្នកចង់ធ្វើតាមគេនោះដែលនេះហើយ គឺជាមូលហេតុដែលអ្នកមិនអាចធ្វើរឿងអ្វីមួយបានយូរដូចគេ។

វាមិនខុសគ្នាពីការរៀនភាសាចិននោះទេ អ្នកខ្លះឃើញគេរៀនចិនចេះ ឃើញគេនិយាយច្រើនចេះបកប្រែចិន ហើយទទួលបានប្រាក់ខែច្រើន ក៏នឹកគិតក្នុងចិត្តថាចង់ទៅ រៀនចិនដូចគេដែរ ព្រោះអ្វីៗគ្រប់យ៉ាងវាមិនមែនស្រួលៗដូចជាអ្នកគិតនោះទេ គឺវាទាមទារឲ្យអ្នកមានការតាំងចិត្តខ្ពស់ មានភាពអំណត់អត់ធ្មត់ ការខិតខំព្យាយាម ទើបធ្វើឲ្យអ្នកអាចទទួលបានលទ្ធផលល្អ និងអាចចេះនិយាយភាសាចិនបានល្អដូចអ្នកដទៃ។ 

ដូច្នេះ អ្នកគួរតែធ្វើអ្វីទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួនឯង មិនមែនជាចំណង់ចំណូលចិត្តរបស់អ្នកដទៃទើបធ្វើឲ្យអ្នកអាចធ្វើវាបានយូរអង្វែង ព្រោះថាកិច្ចការទាំងឡាយដែលអ្នកស្រឡាញ់ អ្នកមិនអាចបោះបង់វាដោយងាយៗនោះទេទោះបីជាពិបាក ឬនឿយហត់យ៉ាងណាក៏ដោយ។

២.ធ្វើភ្លាមចង់បានលទ្ធផលភ្លាម

បើអ្នកទើបតែធ្វើកិច្ចការងារនោះកាលពីពេលម្សិលមិញសោះ រួចអ្នកចង់បានលទ្ធផលនោះចេញ មកភ្លាមៗ វាម្តេចនឹងអាចទៅរួច?វាមិនដូចពេលដែលអ្នកញាុំបាយហើយឆ្អែតឯណា។ ដូចជាពេលដែលអ្នកចង់បើកអាជីវកម្មខ្លួនឯង អ្នកចង់ទៅរៀនភាសាចិន ឬទៅរៀនជំនាញណាផ្សេងទៀតអញ្ចឹង គឺអ្នកមិនអាចចំណាយពេលមួយថ្ងៃឬពីរថ្ងៃ ឬមួយសប្តាហ៍អី អាចធ្វើឲ្យការរកសុីរបស់អ្នករីកចម្រើនភ្លាមៗ មានអតិថិជនគាំទ្រច្រើន អាចនិយាយភាសាចិនល្អ ឬអាចប្រើប្រាស់ជំនាញដែលអ្នកទើបតែរៀននោះទៅរកប្រាក់ចំណូលនោះទេ គឺវាស្ទើរតែមិនអាចទៅរួច។ 

ដូច្នេះហើយ ទើបវាទាមទារឲ្យអ្នកមានការអត់ធ្មត់ទទូចជាមួយនឹងការងារទាំងនោះ ព្រោះអ្វីៗគ្រប់យ៉ាងសុទ្ធតែត្រូវការពេលវេលា។ មួយវិញទៀតកុំដោយសារតែភាពបរាជ័យបន្តិចបន្តួច រួចបោះបង់ការងារទាំងនោះចោលឲ្យសោះ ព្រោះអ្វីៗគ្រប់យ៉ាងមិនអាចទៅមុខរលូន រហូតដូចដែលយើងគិតនោះទេ ហើយវាក៏មិនសាកសមនឹងពេលវេលាដែលអ្នកខំចំណាយទៅលើវា៕