ក្រុមគ្រួសារមួយចំនួនគាត់នៅតែយល់ឃើញថាមិនចាំបាច់ដាំបន្លែនាំតែហត់នឿយទេបើ បន្លែងាយស្រួលរកទិញហើយមានលក់សឹងតែគ្រប់កន្លែងទៅហើយ។ ក៏ប៉ុន្តែក៏មានបងប្អូនប្រជាពលរដ្ឋមួយចំនួនដោយគាត់បានយល់ដឹងពីការទទួលទានបន្លែធម្មជាតិ ហើយបានទិញនៅគ្រាប់ពូជមួយចំនួនដើម្បីមកធ្វើការដាំដុះដោយខ្លួនគាត់ផ្ទាល់ ប៉ុន្តែដោយសារតែបងប្អូនខ្លះមានការងាររវល់ខ្លាំងពេក ដំណាំមិនទទួលបានទិន្នផលផង គាត់ក៏បានបោះបង់បាត់ទៅហើយ។ ទាំងនេះគឺជាអត្ថប្រយោជន៍ដែលទទួលបានពីការដាំបន្លែនៅតាមផ្ទះ ដើម្បីលើកទឹកចិត្តឱ្យបងប្អូនមានកម្លាំក្នុងការដាំបន្លែនានានៅតាមផ្ទះរបស់ខ្លួន៖

១.កាត់បន្ថយអារម្មណ៍តានតឹង

កាលដែលយើងបានដាក់គោលដៅមួយច្បាស់លាស់ដើម្បីដាំបន្លែនៅក្នុងផ្ទះរបស់យើង ធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលបានមួយកម្រិត។ នៅពេលដែលអ្នកបញ្ចេញសកម្មភាពធ្វើសួនបន្លែ ធ្វើរបងការពារ ជម្រះស្មោះ​ ទាំងនេះវាជាសកម្មភាពលំហាត់ប្រាណមួយដើម្បីបញ្ចេញញើសដែលមានជាតិពុលនៅក្នុងខ្លួន ហើយនិងមានពេលវេលារីករាយជាមួយសមាជិកគ្រួសារ និង កូនៗថែមទៀតផង។

២.កាត់បន្ថយកាឡូរី

សកម្មភាពធ្វើសួនដំណាំត្រូវបានគេចាត់ទុកថាជាការហាត់ប្រាណកម្រិតមធ្យម។ យោងតាមមធ្យមណ្ឌលបង្ការ និងការពារជំងឺ​ បញ្ជាក់ថាសកម្មភាពក្នុងការធ្វើច្បារដំណាំរបស់អ្នកមួយម៉ោងអាចជួយដុតកាឡូរីបានចំនួន៣៣០។ សកម្មភាពទាំងនេះក៏ជួយឱ្យបេះដូង និងសរសៃឈាមដំណើរការបានល្អផងដែរ។

៣.ធ្វើឱ្យឆ្អឹងលូតលាស់ល្អ

ការធ្វើច្បារដំណាំនៅក្រោមពន្លឺថ្ងៃខាងក្រៅផ្ទះដែលវានិងជួយឱ្យរាង្គកាយរបស់អ្នកមានវីតាមីន D ហើយវីតាមីនDអាចជួយឱ្យរាងកាយរបស់អ្នកផលិតជាតិកាល់ស្យូមដែលវាមានសារៈសំខាន់សម្រាប់ជួយឱ្យឆ្អឹងលូតលាស់បានល្អ ហើយនិងបង្កើនភាពស៊ាំជាមួយនឹងជំងឺផ្សេងៗ។

៤.ជួយឱ្យខ្យល់បរិសុទ្ធ

រុក្ខជាតិមានស្លឹកពណ៌បៃតងលូតលាស់បានដោយសារតែស្រូបឧស្ម័នកាបូនិច និងទឹក ហើយបញ្ចេញឧស្ម័នអុកស៊ីសែនដែលធ្វើឱ្យខ្យល់អាកាសនៅផ្ទះបរិសុទ្ធ ដោយវាបានជួយបន្សុទ្ធខ្យល់ធម្មជាតិសម្រាប់អ្នកក្នុងការដកដង្ហើមបានល្អ។

៥.អាហារគ្មានជាតិគីមី

អ្នកមិនចាំបាច់ចំណាយពេលដើម្បីដើរផ្សារ ព្រោះទម្រាំតែយកមកដល់ផ្ទះបានបរិភោគបន្លែ ក៏ប្រែជាស្រពោនអស់ទៅហើយ។ ប៉ុន្តែនៅពេលដែលអ្នកមានដំណាំប្រចាំផ្ទះហើយ អ្នកអាចបានបរិភោគជាមួយបន្លែស្រស់ៗ ធម្មជាតិគ្មានសារជាតិគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពក្រុមគ្រួសារអ្នកឡើយ។ ហើយសារធាតុវីតាមីនដែលមាននៅក្នុងបន្លែក៏រក្សាបានល្អថែមទៀតផង។

ដាំបន្លែនៅផ្ទះទាំងអស់គ្នាដើម្បីកាត់បន្ថយការចេញទៅក្រៅ ឬបរិភោគអាហារដែរមានសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នក។ ដាំបន្លែនៅតាមផ្ទះចំណេញទាំងថវិកា ចំណេញទាំងពេលវេលានិងសុខភាព៕