ពាក្យDéjà Vu មកពីពាក្យបារាំង ដែលមានន័យថា "ធ្លាប់បានឃើញ"វាជាបាតុភូតមួយលើអារម្មណ៍ប្រហាក់ប្រហែលទៅលើអ្វីមួយដែលធ្លាប់បានជួប ប៉ុន្តែធាតុពិតវាជារបស់ថ្មីដែលយើងកំពុងជួបពេលបច្ចុប្បន្ននោះ។
ជាឧទាហរណ៍ងាយយល់ឧបមាថាអ្នក អ្នកទៅដើរលេងកម្សាន្តនៅក្រៅប្រទេស ជាលើកទីមួយប៉ុន្តែជាជួបនឹងទិដ្ឋភាព ឬទេសភាពណាមួយដែលគិតថា ធ្លាប់បានឃើញហើយមកឃើញនៅពេលឥលូវ។ ឧទាហរណ៍មួយទៀត ដូចជា អ្នកទៅញ៉ាំបាយល្ងាចជាមួយមិត្តភក្តិ ហើយក៏ផ្តើមសន្ទនាជាមួយពួកគេជាមួយប្រធានបទដែលអ្នកមានអារម្មណ៍ថា ធ្លាប់ជួបទិដ្ឋភាពនោះហើយកំពុងជួបដូចនឹងពេលនេះ។
ផ្អែកតាមការលើកឡើងរបស់អ្នកស្រាវជ្រាវជនជាតិស្វីស គឺលោក Arthur Funkhouser បានឱ្យដឹងថា Déjà Vu វាជាបាតុភូតមួយលើអារម្មណ៍ដោយហេតុការណ៍ណាមួយ ដែលអ្នកធ្លាប់បានជួប ហើយនៅលើកទីពីរអ្នកទើបជួបទិដ្ឋភាពនោះម្តង ប៉ុន្តែជាព្រឹត្តិការណ៍ថ្មី។ ឬម្យ៉ាងទៀតមានន័យថា ខួរក្បាលយល់ច្រលំ នូវព្រឹត្តិការណ៍ក្នុងបច្ចុប្បន្នកាលទៅនឹងព្រឹត្តិការណ៍ក្នុងអតីតកាល ឬបទពិសោធន៍ធ្លាប់ជួបកន្លងមក។
ដោយឡែកផ្អែកលទ្ធផលស្រាវជ្រាវមួយទៀត ក្នុងឆ្នាំ២០០៩ដោយក្រុមអ្នកស្រាវជ្រាវចិត្តសាស្រ្តអាមេរិក បានបង្ហាញជាគំរូមួយថានៅពេលដែលអ្នក ជួបនឹងទិដ្ឋភាពមួយ គឺច្រកផ្លូវដើរមួយ ស្ថិតនៅចន្លោះអគារ និងអគារ តែក្រោយមក អ្នកបានទៅដល់ទីកន្លែងថ្មីហើយអ្នកឃើញមានច្រកចូលមួយដែរ មិនធ្លាប់ជួបតែបែរជាមានអារម្មណ៍ថាបានទៅដល់ទីនោះ នោះគឺដោយសារអារម្មណ៍ប្រហាក់ប្រហែលខ្លាំងទៅលើវត្ថុអ្វីមួយ ប៉ុន្តែអ្នកជួបវា វាកំពុងស្ថិតក្នុងទិដ្ឋភាពថ្មីបរិយាកាសថ្មី។ ឧទាហរណ៍មួយទៀត គឺដូចនឹងអ្នកបានចូលក្នុងហាងអាហារមួយហើយបានទៅដល់ហាងអាហារថ្មីមួយទៀត ដែលមានវត្ថុខ្លះដូចឬស្រដៀងនឹងអ្វី ដែលបានជួបពីមុន ដែលវាមានឥទ្ធិពលលើអារម្មណ៍អ្នក។
អ្នកជំនាញជាច្រើនក៏បានសន្មតថាវាជាបាតុភូតមួយ ដែលជាប្រតិកម្មនៃអារម្មណ៍ ដែលការចងចាំរបស់អ្នកប្រាប់អ្នកថា អ្នកធ្លាប់បានជួបវត្ថុ ឬទិដ្ឋភាពខ្លះប្រហាក់ប្រហែលនឹងអ្វីដែលអ្នកកំពុងឃើញនាពេលបច្ចុប្បន្ន។
យ៉ាងណាមិញខាងលើនេះគឺជាការលើកឡើងមួយផ្នែកអំពីDéjà Vu (ឌេ-ហ្សា-វូ) នៅមានការបកស្រាយផ្សេងៗជាច្រើនទៀតពីអ្នកដែលបានជួបអារម្មណ៍ខាងលើនេះ។ចុះចំណែកប្រិយមិត្ត ក្រមាប៉ុស្ត៍ធ្លាប់បានជួបព្រឹត្តិការណ៍ដូចការលើកឡើងខាងលើនេះដែរឬទេ? បើធ្លាប់ជួបកុំភ្លេចចែករំលែកដល់ ក្រមាប៉ុស្ត៍ផងណា៕