ព្រះអាទិត្យកំពុងរំកិលខ្លួនបន្តិចម្តងៗទៅទិសខាងលិច ខណៈម៉ោងប្រមាណជាង ១ថ្ងៃត្រង់ទៅហើយ បុរសម្នាក់ ស្លៀកខោខ្លី ពាក់អាវដៃវែងពណ៍ខ្មៅ និងមានសក់ពណ៌សទៅហើយ កំពុងទម្រេតខ្លួនលើស៊ីក្លូក្បែរចិញ្ចើមផ្លូវ នៅទល់មុខហាងកាហ្វេមួយម្តុំផ្សារកណ្តាល។
ផ្តើមដោយបន្ថើរសំដីមួយៗ បុរសខាងលើបង្ហើបថា លោកឈ្មោះ ហួន ម៉ុង ជាពលរដ្ឋមកពីខេត្តព្រៃវែង ហើយឡើងមកទីក្រុងដើម្បីជួលស៊ីក្លូគេធាក់រកកម្រៃ ដោយខ្ទង់កន្លះខែទើបត្រលប់ទៅសុ្រកម្តង។ បុរសវ័យ ៨៣ ឆ្នាំរូបនេះបន្តថា តាមពិតលោកបានចាប់យកអាជីពជាអ្នកធាក់ស៊ីក្លូនេះ ជាង៣៧ឆ្នាំមកហើយ ទោះបីជាការប្រកបរបរធាក់ស៊ីក្លូនេះត្រូវប្រើប្រាស់កម្លាំងនិងពុំសូវមានទីផ្សារក៏ដោយ។
លោកថា អ្នកដំណើរដែលនិយមជិះស៊ីក្លូលោកភាគច្រើនហៅលោកថា «តា» ដែលសំដៅថា លោកមានវ័យចំណាស់ជាងអ្នករត់ស៊ីក្លូឯទៀត។ បែបនេះក្តី អ្នកប្រកបរបរធាក់ស៊ីក្លូនៅម្តុំផ្សារកណ្តាលរូបនេះថា លោកនឹងនៅតែបន្តរបរធាក់ស៊ីក្លូ ប្រសិនបើកម្លាំងនៅតែមាន លោកពោលថា នឹងនៅតែខំប្រឹងប្រកបរបរនេះរហូតដល់អាយុ៩០ឆ្នាំ។
អ្នកស្រុកបាភ្នំខាងលើ បានបង្ហើបពីជីវភាពគ្រួសារបែបនេះថា៖ «តាមានកូន៨នាក់ក្នុងគ្រួសារ។ មិនដឹងថា រករបរអ្វីក្រៅពីនេះ ទើបបានតស៊ូប្រកបរបរធាក់ស៊ីក្លូនេះផ្តើមដំបូងតាំងពីឆ្នាំ ១៩៨២ មកម៉្លេះ។ គិតត្រឹមឆ្នាំនេះ មានរយៈពេលប្រមាណ៣៨ឆ្នាំហើយ ដោយមិនដឹងថារករបរអ្វីក្រៅពីនេះ»។
លោកបន្ថែមដោយសំឡេងស្អកៗថា៖ «តារកមុខរបរវាមិនឃើញហ្នឹងគេទេ មានតែរបរធាក់ស៊ីក្លូហ្នឹងហ្មងប្រចាំ រកស៊ីដោះស្រាយអាយុជីវិតតា គ្រួសារចិញ្ចឹមកូនចិញ្ចឹមចៅ ដោយសាររបរធាក់ស៊ីក្លូហ្នឹងរហូតមក »។
ក្រោមអាកាសធាតុរលឹមស្រិចៗ អមដោយសម្លេងយានយន្តទៅមកផងនោះ បុរសវ័យ៨៣ឆ្នាំរូបនេះមានប្រសាសន៍ទាំងទឹកមុខស្រងូតស្រងាត់ថា សព្វថ្ងៃលោកត្រូវជួលស៊ីក្លូគេ ដោយមួយខែត្រូវបង់ប្រាក់៦ម៉ឺនរៀលជាថ្នូរនឹងការយកស៊ីក្លូគេមករត់។
ដកដង្ហើមធំបន្តិច លោកតា ម៉ុង បន្តថា៖ «ប៉ុន្តែតាំងពីមានជំងឺកូវីដ១៩នេះមករកប្រាក់សឹងមិនរួចថ្លៃបាយផង។ បើមុនកូវីដ១៩ រកបានគ្រាន់បើដល់មកក្រោយមានអាកូវីដហ្នឹងទៅ ជួនកាលមួយថ្ងៃសល់ ៧ ទៅ៨ពាន់ ជួនថ្ងៃណាអត់ក៏មានដែរ។ ដូចសព្វថ្ងៃនេះធាក់ស៊ីក្លូមិនសូវបានទេបាន តែកូនចៅ(អ្នកដំណើរតាមផ្លូវ) ជូន ៥ពាន់ ឬក៏ ១ម៉ឺនចឹងហ្អាស ដោយគេអ្នកមាននិងឃើញតាចាស់ »។
អ្នករត់ស៊ីក្លូខាងលើថា ថវិកាដែលទទួលបានសព្វថ្ងៃភាគច្រើនបានមកពីប្រជាពលរដ្ឋ និងយុវជនជាអ្នកដំណើរនៅទីក្រុងភ្នំពេញជូនលោកដោយសារក្តីអាណិត ដោយអ្នកទាំងនោះមិនទាំងបានជិះស៊ីក្លូលោកផង។
លោកបន្ថែមទៀតថា ដោយសារតែលោកមិនមានផ្ទះខ្លួនឯងនៅភ្នំពេញលោកត្រូវសំរាកលើស៊ីក្លូដោយពឹងអាស្រ័យមុខផ្ទះ និងសំយាបផ្ទះអ្នកដទៃ។ ដូច្នេះលោកត្រូវរង់ចាំរហូតដល់ម្ចាស់ផ្ទះគេរើឥវ៉ាន់ និងរបស់របរចូលអស់សិន ហើយពេលខ្លះលោកអះអាងថាត្រូវសំរាកទទឹកភ្លៀងក៏មាន។
យកដៃទាំងគូទៅជូតញើសដែលនៅលើមុខដ៏ជ្រីវជ្រួញរបស់ខ្លួនបណ្តើរ លោកនិយាយបណ្តើរថា លោកមិនមានការតូចចិត្តនឹងវាសនា និងជីវិតខ្លួនឯងនោះទេ ដោយសារលោកមិនមានចំណេះដឹងខ្ពង់ខ្ពស់ ដូច្នេះមានតែពាក្យថាតស៊ូ។
លោកថា៖ « អត់មានតូចចិត្តអីទេ មកពីថាពីដើមមកយើងមិនបានរៀនសូត្រជ្រៅជ្រះដូចគេ ដូច្នេះអត់មានតូចចិត្តអីទេគិតតែខ្លួនឯងប្រឹងខ្លួនឯង ថ្ងៃណារកលែងកើតគឺចប់ថ្ងៃហ្នឹងហ្មង »។
ជាការកត់សម្គាល់ លោកតា ហួន ម៉ុង ថា តាមរយៈការប្រកបរបរធាក់ស៊ីក្លូជិត៤០ឆ្នាំមកនេះ លោកតាំងចិត្តថា ត្រូវរកប្រាក់ដើម្បីផ្គត់ផ្គង់គ្រួសារដោយលោករៀបរាប់ទាំងមិនស្ទាក់ស្ទើរ លោករកដោយសុច្ចរិតតាំងពីកូននៅតូចៗទម្រាំកូនមានគ្រួសារគ្រប់គ្នានិងអាចរកទទួលទានខ្លួនឯងបាន។ ជាពិសេសលោកត្រូវសន្សំប្រាក់ដែលរកបាន ដើម្បីទិញថ្នាំនិងមើលថែភរិយារបស់លោកនៅឯស្រុកកំណើតឯខេត្តព្រៃវែង៕