ក្នុងជីវិតសិក្សាមនុស្សម្នាក់ៗតែងតែចង់ក្លាយខ្លួនជា មនុស្សពូកែ មានសមត្ថភាពខ្ពស់ ដែលគេគ្រប់គ្នាទទួលស្គាល់និងអាចក្លាយជាមនុស្សដែលទទួលបានសេចក្តីទុកចិត្តឱ្យធ្វើការងារសំខាន់ៗជាដើម។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការសិក្សាជារឿងសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា ព្រោះបច្ចុប្បន្ននេះក្រសួងស្ថាប័ន ឬក្រុមហ៊ុនឯកជនក៏ដោយក៏ត្រូវការជាចាំបាច់នូវធនធានមនុស្សដែលមានសមត្ថភាពខ្ពស់។ ប្រសិនបើយើងពង្រឹងសមត្ថភាពឱ្យបានល្អទេ យើងអាចនឹង​លំបាកក្នុងការប្រកួតប្រជែង ឬមិនអាចចូលរួមចំណែកអភិវឌ្ឍស្ថាប័នបានល្អនោះទេ។ ឯកឧត្តមថា អ្នកសិក្សាទាំងអស់ចាំបាច់ត្រូវចេះវិធីរៀន ដើម្បីឱ្យខ្លួនឯងក្លាយជាអ្នកដែលមានសមត្ថភាពខ្ពស់ និងរក្សាភាពសំខាន់បានគ្រប់កិច្ចការងារទាំងអស់។

ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖«​បើចង់ក្លាយជាមនុស្សពូកែ ទាល់តែយើងចេះរៀនបែបអក្សរ T មានន័យថា​យើងត្រូវចេះចំណេះដឹងទូទៅ ដូចជារបារខាងលើនៃអក្សរ T នេះតែទន្ទឹមនឹងនោះយើងក៏ត្រូវមានជំនាញគោលដែលជាក់លាក់ និងច្បាស់លាស់ដែរ»។

ឯកឧត្តមបានបញ្ជាក់ផងដែរថា កាលណាយើងចេះជំនាញទូទៅខ្លាំង យើងនឹងអាចមានមូលដ្ឋានច្រើនក្នុងការស្រាវជ្រាវបន្ត ឬអាចធ្វើការងារបានច្រើនវិស័យ។ ជាក់ស្តែង ជំនាញឯកឧត្តមដើម ស្ថិតក្នុងក្រសួងសាធាណការ និងដឹកជញ្ជូន តែឯកឧត្តមនៅតែអាច​ធ្វើការងារបានក្នុងផ្នែកពាណិជ្ជកម្ម កាលពីឯកឧត្តមធ្វើជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ មូលហេតុដែលអាចធ្វើបែបនេះបាន គឺដោយសារតែយើងមានការស្វែងយល់លើបញ្ហាទូទៅឱ្យបានច្រើន​។ ទន្ទឹមនឹងគ្នានេះដែរ យើងឃើញហើយថាបច្ចុប្បន្ននេះ ក៏ឃើញមានអ្នកមានសមត្ថភាពជាច្រើនដែលអាចធ្វើការងារពហុវិស័យបានដោយសារតែគាត់មានភាពប៉ិនប្រសព្វ និងព្យាយាមស្វែងយល់លើបញ្ហាទូទៅនេះឯង។

តែទោះជាយ៉ាងនេះក្តី បញ្ញាវ័ន្តខាងលើក៏បានបញ្ជាក់ផងដែរថា ការចេះចំណេះដឹងទូទៅ អាចជួយយើងឱ្យចាប់ឱកាស និងទទួលបានការទុកចិត្តត្រឹមតែមួយផ្នែកប៉ុណ្ណោះ។ ដើម្បីឱ្យអនុវត្តការងារមួយបានល្អ លុះត្រាតែយើងចេះជំនាញគោលឱ្យបានច្បាស់លាស់។ ប្រសិនចង់អនុវត្តការងារណាមួយឱ្យបានពូកែ យើងចាំបាច់ត្រូវបន្ថែមការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ ឱ្យដឹងពីឫសគល់ និងបូកបញ្ចូលជាមួយនឹងចំណេះដឹងទូទៅ ដែលយើងមានស្រាប់នោះយើងនឹងអាចកាន់តែមានភាពងាយស្រួល សម្រាប់អភិវឌ្ឍការងារនោះឱ្យកាន់តែល្អទៅតាមដំណាក់កាលនីមួយៗ។

បន្ថែមពីលើនេះ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ប្រសិនបើយើងមានជំនាញគោលច្បាស់លាស់ ហើយចេះទាំងចំណេះដឹងទូទៅទូលំទូលាយខ្លាំង ហើយអាចបូក​បញ្ចូលបញ្ហានានាដែលយើងមើលឃើញជាមួយជំនាញរបស់យើង បង្កើតបានជា នវានុវត្តន៍ឬបង្កើតវិធីសាស្រ្តឆ្លាតវៃជាច្រើន ដើម្បីឱ្យការងារដែលយើងគ្រប់គ្រងកាន់តែមានសក្តានុពលនិងផលិតភាពខ្ពស់ថែមទៀតផង៕