ការទុកពុកមាត់ឬពុកចង្កា គឺជាចំណូលចិត្តរបស់យុវជនសម័យថ្មីក៏ដូចជាបុរសៗមួយចំនួន ដោយពួកគេគិតថាវាបានជួយលើកសម្រស់មួយបែបដល់ពួកគេ ក៏ដូចជាបង្ហាញថា រូបរាងកាយពួកគេគឺបានវិវឌ្ឍទៅរកភាពចាស់ទុំ។ ទន្ទឹមនឹងគុណសម្បត្តិនៃការជួយលើកសម្រស់ ក៏មាននូវគុណវិបត្តិមួយចំនួន ដែលត្រូវបានក្រុមអ្នកសិក្សាបានលើកឡើងផងដែរដែលមានដូចជា៖
នៅក្នុងរបាយការណ៍សិក្សាមួយ ចាក់ផ្សាយនៅលើទូរទស្សន៍សហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យក្រុងញ៉ូវយក បានលើកឡើងថា បញ្ហាសុខភាពអាចកើតឡើងបាន នោះគឺដោយសារតែ ការទុកពុកមាត់គឺក្លាយជាបណ្តុំកន្លែងដែលពពួកបាក់តេរីប្រមូលផ្តុំជាប់នៅទីនោះ។ វេជ្ជបណ្ឌិត ក៏បានលើកឡើងដែរថា ពពួកវីរុសអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៅតាមរោមនៅលើមុខផងដែរ ដូចជាជំងឺផ្តាសាយជាដើម។ ម្យ៉ាងទៀតអាការៈរោលរលាក ក៏ងាយនឹងកើតមានផងដែរ ដែលភាសាបច្ចេកទេសហៅថា "Folliculitis” (រលាករន្ធរោម)។
តែយ៉ាងណាមិញ ក្រៅពីការបង្ហាញនៃគ្រូពេទ្យនៅមន្ទីរពេទ្យក្រុងញ៉ូវយក ក៏មានការលើកបង្ហាញពីការស្រាវជ្រាវនៃក្រុមស្រាវជ្រាវនៃសាកលវិទ្យាល័យ Southern Queensland ប្រទេសអូស្រ្តាលីក៏បានលើកឡើងពីគុណសម្បត្តិមួយចំនួន សម្រាប់ការទុករោមពុកមាត់ពុកចង្កា។ នោះគឺដោយសារ វាជួយការពារស្បែកមុខ ពីការរងកម្តៅថ្ងៃខ្លាំងពិសេសនោះគឺកាំរស្មី UV នៃព្រះអាទិត្យ។ នៅក្នុងការសិក្សាឆ្នាំ២០១១ បានបង្ហាញថា រោមពុកមាត់បុរសៗគឺបានជួយការពារស្បែកមុខរបស់ពួកគេ ដោយមានប្រសិទ្ធិភាព ពីកាំរស្មីនោះពិសេសត្រង់បរិវេណផ្នែកខាងលើនៃបបូរមាត់។
ទោះយ៉ាងណា ប្រភពស្រាវជ្រាវខាងលើដដែលក៏បានបន្ថែមថា ទោះជាការទុកពុកមាត់ ត្រូវគេរកឃើញគុណប្រយោជន៍ទៅលើសុខភាពស្បែកក៏ពិតមែន ប៉ុន្តែការទុកពុកមាត់ក៏ត្រូវការថែរក្សាសម្អាតបានស្អាតផងដែរពោលគឺការលាងសម្អាតនឹងសាប៊ូជាប្រចាំ ក៏ដូចជាមានផលិតផលឡេសំណើមដែលជួយរក្សាពុកមាត់ ជៀសវាងការផុយរបកគល់រោមពុកមាត់។ ហើយបន្ថែមពីនោះការសិតសម្អាតរោមពុកមាត់ ក៏ត្រូវបានស្រាវជ្រាវសុខភាពរាប់ជាផ្នែកមួយនៃតំហែរក្សាអនាម័យមុខមាត់ផងដែរដើម្បីចៀសវាងពីបញ្ហាបាក់តេរីលើស្បែក ដែលកើតឡើង៕
