ចំពោះអ្នកដែលធ្វើការងារ ការផ្ចង់អារម្មណ៍បានល្អគឺសំខាន់ ដោយសារតែជួយឱ្យកិច្ចការធ្វើចេញមកមិនសូវមានកំហុសឆ្គង។ សម្រាប់សិស្សានុសិស្សដែលចង់មើលមេរៀនឆាប់ចាំ ការផ្ដោតអារម្មណ៍បានល្អ ក៏ជាផ្នែកមួយយ៉ាងសំខាន់ ធ្វើឱ្យការទន្ទិញមេរៀនងាយយល់ និងឆាប់ចេះ។ ខាងក្រោមនេះជាទិចនិចខ្លះៗជួយឱ្យអ្នកផ្ដោតអារម្មណ៍បានល្អ៖

១.ផ្អាកលេងបណ្ដាញសង្គម១-២ម៉ោង

នៅក្នុងបណ្ដាញសង្គមដូចជា Facebook, Tik tok, IG ជាដើម មានរឿងជាច្រើនដែលអ្នកបានមើលឃើញ និងអាចប៉ះពាល់ដល់ផ្នែកស្មារតី ដូចជាការគិតមិនសូវមានភាពរស់រវើក ហើយការមើលបណ្ដាញសង្គមច្រើនក៏ធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយមួយចំនួនដូចគ្នា។ ដូច្នេះហើយ ចង់ឱ្យការផ្ដោតអារម្មណ៍បានល្អ អ្នកមិនត្រូវចំណាយពេលលើបណ្ដាញសង្គមច្រើនពេកឡើយ។

២.សរសេការងារដែលត្រូវធ្វើ

ការសរសេការងារដែលអ្នកត្រូវធ្វើនៅថ្ងៃស្អែក ទុកនៅថ្ងៃនេះឱ្យហើយ ធ្វើឱ្យអ្នកចាប់ផ្ដើមដាក់ភារកិច្ចឱ្យខ្លួនឯង គឺប្រៀបដូចជាការដាក់គោលដៅរយៈពេលខ្លី សម្រាប់ទុកជាទំនួលខុសត្រូវមួយដែលអ្នកត្រូវតែបំពេញឱ្យហើយនៅក្នុងថ្ងៃស្អែក។ ការដាក់គោលដៅរយៈពេលខ្លីបែបនេះ អាចជាសារមួយសម្រាប់រំឮកខ្លួនអ្នក ថាអ្នកមានតួនាទីមួយដែលអ្នកត្រូវធ្វើ នោះអ្នកនឹងមានការផ្ដោតអារម្មណ៍ទៅលើកិច្ចការទាំងនោះបានច្រើន។

៣.ការទទួលទានទឹក

ការទទួលទានទឹក ប្រៀបដូចជាកត្តាជួយជំរុញការគិតពីខាងក្នុងខ្លួន ធ្វើឱ្យអ្នកមានសុខភាពល្អ មានជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់ នោះសមត្ថភាពក្នុងការផ្ដោតអារម្មណ៍របស់អ្នក ក៏ទៅតាមហ្នឹងដូចគ្នា។ ដូច្នេះហើយទើបមនុស្សម្នាក់ៗត្រូវការទទួលទានទឹកទៅតាមតម្រូវការរបស់រាងកាយជាចាំបាច់។

៤.សមាធិ

ការសមាធិ៣០នាទី(កន្លះម៉ោង) មុនចាប់ផ្ដើមបំពេញភារកិច្ច ធ្វើឱ្យអារម្មណ៍របស់អ្នកស្ងប់ ធូរបន្ទុក គ្មានការគិតស្មុគស្មាញ។ នៅពេលដែលអារម្មណ៍ស្រឡះ នោះជាកាតព្វកិច្ចរបស់អ្នកបន្ត ដែលត្រូវដឹកនាំខួរក្បាលឱ្យគិតតែពីភារកិច្ចដែលអ្នកត្រូវចាប់ផ្ដើមតទៀត ដោយមានស្មារតីគ្រប់គ្រាន់ ការផ្ចង់អារម្មណ៍បានខ្ពស់។

៥.ជ្រើសរើសទីតាំងស្ងប់ស្ងាត់

ការជ្រើសយកទីកន្លែងស្ងប់ស្ងាត់ សម្រាប់ធ្វើឱ្យអារម្មណ៍អ្នកផ្ដោតបានល្អចំពោះការងារ ការសិក្សាក៏ជាផ្នែកមួយដែលចាំបាច់ខ្លាំងដូចគ្នា។ ម្យ៉ាងវិញទៀតទីកន្លែងដែលស្ងប់ស្ងាត់ មានផាសុខភាព មានខ្យល់ចេញចូលបានល្អ មានរុក្ខជាតិបៃតង ជាទីកន្លែងដែលសាកសមបំផុតសម្រាប់អ្នកដែលត្រូវការ ធ្វើការងារដែលមានការផ្ដោតអារម្មណ៍ខ្លាំង ដូចជាការនិពន្ធរឿង និពន្ធសៀវភៅប្រលោមលោកជាដើម។

សម្រាប់ទិចនិចទាំង ៥យ៉ាងនេះអ្នកអាចយកមកសាកល្បង ដើម្បីឱ្យការផ្តោតអារម្មណ៍របស់អ្នកបានកាន់តែល្អ និងទទួលបានលទ្ធផលការងារ ការសិក្សារកាន់តែប្រសើរឡើងជាងមុនទៅតាមតម្រូវការបាន៕