ដោយសារតែបច្ចុប្បន្នពិភពលោកក៏ដូចជាប្រទេសកម្ពុជា កំពុងតែស្ថិតក្នុងការប្រយុទ្ធប្រឆាំងជាមួយជម្ងឺឆ្លងកូវីត១៩ ដែលយើងត្រូវការជាចាំបាច់ឲ្យប្រជាជនទាំងអស់ ត្រូវលាងដៃជាមួយអាល់កុលឬជេល។ ជាពិសេសពេលចេញទៅក្រៅ មនុស្សគ្រប់គ្នាត្រូវតែពាក់ម៉ាស។ ការពាក់ម៉ាសទៀតសោតក៏អាចធ្វើឱ្យស្បែកមុខរកការប៉ះពាល់ជាខ្លាំង។
ខាងក្រោមនេះជាទិចនិចថែរក្សាស្បែកមុខ នៅពេលពាក់ម៉ាសច្រើនម៉ោង៖
១.ការជ្រើសរើសម៉ាស៖ អ្នកត្រូវជ្រើសរើសប្រភេទម៉ាសដែលមានផាកសុខភាព មិនហប់ពេក តឹងពេក និងល្មម ជាមួយរង្វង់មុខរបស់អ្នក។ ជាពិសេសនោះគឺនៅពេលដែលអ្នកសន្ទនាគ្នាម៉ាសមិន របូត ឬរលុងចុះឡើង។
២.ដូរម៉ាសឱ្យបានទៀងទាត់៖ ជាធម្មតាម៉ាសមួយពាក់តែម្ដងបានហើយ ព្រោះថាប្រសិនបើអ្នកមិនដូរ ឬសម្អាតឱ្យបានទៀងទាត់នោះទេ វាអាចបង្កជាបាក់តេរីធ្វើឱ្យខូចដល់ស្បែកមុន និងប៉ះពាល់ដល់សុខភាព។
៣.ឡេការពារកម្ដៅថ្ងៃ៖ ថ្វីត្បិតតែអ្នកពាក់ម៉ាសជាប់ជានិច្ចក៏ដោយ អ្នកត្រូវតែលាបឡេការពារកម្ដៅថ្ងៃជាធម្មតា ព្រោះថា ពេលពាក់ម៉ាសស្បែកមុខនឹងកកិតជាមួយម៉ាស ហើយពន្លឺព្រះអាទិត្យក៏អាចជ្រាបចូលបានខ្លះដែរ។
៤.ស្រូបខ្យល់អាកាស៖ នៅពេលដែលអ្នកប្រើពេលអស់ច្រើនម៉ោងជាមួយ និងការពាក់ម៉ាស អ្នកមិនបានស្រូបខ្យល់អាកាសពីខាងក្រៅ បានដូចធម្មតានោះទេ ដោយអ្នកត្រូវប្រើកម្លាំងច្រើន ជាពេលមិនពាក់ម៉ាស ព្រោះថាម៉ាស បានរាំងខ្យល់អាកាសពីខាងក្រៅ។ ដូច្នេះ ហើយអ្នកគួរតែរកកន្លែងណា ដែលសុវត្ថិភាពហើយប្រើពេល១០-១៥នាទី ដើម្បីដោះម៉ាសចេញ។
៥.កុំប្រើប្រដាប់ជំនួយក្លិនដាក់ក្នុងម៉ាស៖ នៅពេលដែលអ្នកពាក់ម៉ាសច្រើនម៉ោង អ្នកអាចនឹងស្វែង រកភាពងាយស្រួល ដើម្បីកុំឱ្យធុញធប់ ក៏ប៉ុន្តែអ្នកគួរជៀសវាងការប្រើវត្ថុផ្សេងៗដែលជំនួយក្លិន ព្រោះវាអាច ធ្វើឱ្យមុខរបស់អ្នក រោលក្រហម និងរមាស់ជាដើម។
វិធីសាស្រ្តទាំងនេះអាចជួយឱ្យអ្នកការពារសុខភាព និងសម្រស់ស្បែកមុខរបស់អ្នក ពីការយាយីដោយបាក់តេរីផ្សេងៗ នាំឱ្យខូចដល់ស្បែកមុខ នៅពេលដែលអ្នកពាក់ម៉ាសច្រើនម៉ោង។
ដូច្នេះហើយយើងត្រូវចូលរួមអនុវត្តតាមគោលការណ៍ របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា៕