ចំពោះបញ្ហាសុខភាព និងសម្រស់របស់យើងគឺជារឿងសំខាន់ណាស់ ដែលយើងត្រូវតែព្យាយាម ថែរក្សាវាឱ្យដើរទន្ទឹមគ្នាបានល្អ។ ម្យ៉ាងវិញទៀតមនុស្សយើងត្រូវតែបង្កើតការយល់ដឹងពីបញ្ហាទាំងឡាយណា ដែលបណ្ដាលឱ្យខ្លួនអ្នកចាប់ផ្ដើមចុះខ្សោយ។ ទាំង៥ចំណុចនេះ យើងសូមដាស់ តឿនអ្នកទាំងអស់គ្នា កុំខ្ជិលធ្វើវាឱ្យសោះ៖
១.ខ្ជិលបរិភោគអាហារពេលព្រឹក៖ អាហារពេលព្រឹកមានសារៈសំខាន់ខ្លាំងដល់រាងកាយ ដើម្បីផលិតថាមពលឱ្យយើងមានកម្លាំងពេញមួយថ្ងៃ ប៉ុន្តែប្រសិនបើអ្នកខ្ជិលទទួលទានអាហារពេលព្រឹកដោយហេតុផលផ្សេងៗជារៀងរាល់ថ្ងៃ នោះមិនយូរទេរាងកាយនឹងចាប់ផ្ដើមចុះខ្សោយ។
២.ខ្ជិលសម្អាតមាត់ធ្មេញនៅពេលព្រឹក៖ ការខ្ចិលបែបនេះភាគច្រើនកើតមានឡើងនៅពេលរដូវត្រជាក់ និងចំពោះមនុស្សដែលក្រោកយឺតពេល ដែលវាអាចបង្កឱ្យមេរោគនៅក្នុងមាត់ចាប់ផ្ដើមផ្ដុំគ្នា ហើយប្រែក្លាយទៅជាបាក់តេរីធ្វើឱ្យមានបញ្ហាក្លិនមាត់ និងធ្មេញមិនស្រស់ស្អាត។
៣.ខ្ជិលលុបលាងមុខ៖ ការលុបលាងមុខមិនត្រូវការឱ្យអ្នកដុសលាងញឹកញាប់ពេកនោះទេ ប៉ុន្តែវាត្រូវការឱ្យអ្នកធ្វើជាប្រចាំថ្ងៃ ហើយត្រូវប្រើពេលសម្អាតដោយយកចិត្តទុកដាក់ទើបស្បែកមុខរបស់អ្នកមិនងាយចាស់ និងមិនងាយមានផលវិបាកទៅថ្ងៃក្រោយ។
៤.ខ្ជិលលាងសម្អាតដៃ៖ រាល់សកម្មភាពទាំងអស់ ដៃមានសារៈសំខាន់ខ្លាំងណាស់។ ដូច្នេះហើយអ្នកមិនត្រូវខ្ជិលនៅក្នុងការលាងសម្អាតដៃឱ្យបានញឹកញាប់ឡើយ ជាពិសេសនៅក្នុងសម័យកូវីតនេះទៀត អ្នកលាងបានកាន់តែញឹកគឺកាន់តែល្អ និងមានសុវត្តិភាពដល់សុខភាពរបស់អ្នកថែមទៀតផង។
៥.ខ្ជិលទទួលទានទឹក៖ ក្នុងមួយថ្ងៃយ៉ាងហោចណាស់ត្រូវទទួលទានទឹកឲ្យបាន ២លីត្រយ៉ាងតិច ពីព្រោះថាទឹកមានតួនាទីច្រើនដើម្បីជួយឱ្យរាងកាយធ្វើការបានល្អ ជួយបំពេញជាតិទឹក និងថាមពល ផ្សេងៗទៀត។
ជារួមមកវិញចំណុចខ្ជិលធ្វើរឿងទាំង៥នេះ មិនបានជួយដល់សុខភាព និងសម្រស់អ្នកឡើយ ហើយថែមទាំងធ្វើឱ្យរាងកាយរបស់អ្នកបានរងនូវការប៉ះពាល់ជាច្រើនដែលមិននឹកស្មានដល់។ ម្យ៉ាងវិញទៀតរឿងទាំងនោះគឺសុទ្ធតែជារឿងសាមញ្ញ ដូច្នេះហើយវាងាយធ្វើឱ្យមនុស្សមួយចំនួន បានមើលរំលង៕