ការយំអាចធ្វើឲ្យអារម្មណ៍ប្រសើរឡើងវិញ មិនខុសពីទឹកអប់ ធ្វើឲ្យខ្លួនមានក្លិនក្រអូបឡើងវិញនោះទេ។ រឿងដែលគួរឲ្យចម្លែកមួយ តាមការសិក្សាស្រាវជ្រាវថ្មីបានឲ្យដឹងថា ការយំអាចជំនួយដល់សុខភាពភ្នែក និងសុខភាពរាងកាយទាំងមូល។

អ្នកជំនាញសព្វថ្ងៃនេះបានជឿជាក់យ៉ាងច្បាស់ថា ការយំអាចធ្វើឲ្យមនុស្ស មានអារម្មណ៍ប្រសើរឡើងវិញ។ ទឹកភ្នែកអាចជួយឲ្យយើងមានអារម្មណ៍ល្អ បំបាត់ភាពតានតឹង បញ្ចុះសម្ពាធឈាមដែលឡើងខ្ពស់ ហើយវាក៏អាចមានសមត្ថភាពជួយកម្ចាត់ជាតិពុល ចេញពីរាងកាយផងដែរ។

ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពជាច្រើន ដែលបានមកពីការយំរបស់អ្នក៖

វាជួយលាងសម្អាតភ្នែក

នៅពេលយើងយំ ទឹកភ្នែករបស់យើងនឹងផ្តល់ជាតិរំអិលដល់គ្រាប់ភ្នែក និងត្របកភ្នែកដែលជួយលាងសម្អាតភ្នែក ហើយធ្វើឲ្យយើងអាចមើលឃើញច្បាស់ជាងមុន។ នេះជាមូលហេតុសំខាន់ដែលអ្នកគួរតែយំឲ្យបានញឹកញាប់ ព្រោះវាអាចជួយឲ្យអ្នកមើលឃើញបានប្រសើរឡើង។

វាអាចជួយសម្លាប់បាក់តេរី

តើអ្នកដឹងទេថា ទឹកភ្នែករបស់មនុស្សយើងមានផ្ទុកនូវសារធាតុ លីសូស៊ីម។ សារធាតុរាវមួយនេះមានឥទ្ធិពលខ្លាំងក្លា អាចសម្លាប់បាក់តេរីនៅក្នុងភ្នែករបស់យើងពី ៩០-៩៥%។

ទឹកភ្នែកជួយកម្ចាត់ជាតិពុល

ការយំពិតជាល្អចំពោះសុខភាព ព្រោះវាអាចជួយកម្ចាត់ជាតិពុលចេញពីរាងកាយ។ ដូច្នេះ លើកក្រោយពេលដែលអ្នកយំចេញពីចិត្តរួច, អ្នកនឹងសង្កេតឃើញថា អ្នកនឹងមានអារម្មណ៏ បានធូរស្បើយ និងល្អប្រសើរជាងមុន។

ទឹកភ្នែកអាចជួយឲ្យអារម្មណ៍ប្រសើរឡើង

ការយំអាចជួយដល់សុខភាព ព្រោះវាបានជួយបញ្ចេញអារម្មណ៏មិនល្អ, ភាពតានតឹង, និងភាពមួម៉ៅចេញមកអស់។

ជួយកាត់បន្ថយជាតិម៉ង់កាណែស

ទឹកភ្នែកអាចជួយកាត់បន្ថយជាតិម៉ង់កាណែសចេញពីក្នុងខ្លួន។ វាជាសារធាតុខនិជ ដែលប៉ះពាល់ដល់អារម្មណ៏មនុស្ស។

ជួយកាត់បន្ថយសម្ពាធឈាម

វិធីប្រសើរបំផុតដើម្បីកាត់បន្ថយសម្ពាធឈាមគឺ តាមរយៈការយំ។ ទឹកភ្នែកអាចជួយធ្វើឲ្យសម្ពាធរាងកាយមានសមតុល្យ អាចឲ្យអ្នកបានធូរស្បើយ។

វាអាចជួយកាត់បន្ថយភាពតានតឹង

ពេលក្រោយ នៅពេលអ្នកជួបនឹងភាពតានតឹង និងបញ្ហាផ្លូវចិត្ត, ត្រូវយំចេញពីចិត្តរបស់អ្នក ព្រោះការយំអាចជួយកាត់បន្ថយកម្រិតនៃភាពតានតឹងរបស់អ្នក។

វាជួយបង្កើតភាពស៊ាំ

ចម្លែកដែរ ការយំក៏អាចជួយបង្កើតភាពស៊ាំឲ្យមនុស្សបានដែរ។ ប្រសិនបើការយំអាចជួយកម្ចាត់ជាតិពុលចេញពីក្នុងខ្លួនបាន នោះកម្រិតភាពស៊ាំនឹងមានការកើនឡើង។

ទឹកភ្នែកជួយកម្ចាត់ភាពក្រៀមក្រំក្នុងចិត្ត

នៅពេលអ្នកជួបនឹងភាពក្រៀមក្រំក្នុងចិត្ត, ត្រូវយំ ព្រោះវាអាចជួយកម្ចាត់ភាពក្រៀមក្រំបាន។ នេះជាមូលហេតុដែលធ្វើឲ្យមនុស្សមិនចង់ទប់ទឹកភ្នែក នៅពេលក្រៀមក្រំចិត្ត៕