សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ទម្លាប់​ប្រចាំ​ថ្ងៃមាន​ឥទ្ធិពល​ណាស់​ទៅ​លើ​​ជីវិត​រស់​នៅ​​របស់​មនុស្ស​យើង​ម្នាក់​ៗ។ទម្លាប់​ល្អ​ ឬ​សកម្មភាព​វិជ្ជមាន​ជា​ច្រើន​គឺ​យើង​អាច​ជ្រើស​រើស​បាន​ ដើម្បី​ចាប់​ផ្តើម​ថ្ងៃ​ថ្មីដោយ​ភាព​ស្រស់​ស្រាយ និង​ប្រសិទ្ធិភាព​​លើ​​គោល​ដៅ​យើង​ចង់​បាន។ ជា​មួយ​គ្នា​នេះ បទ​ពិសោធ​​មួយ​ចំនួនពី​បណ្តា​សហគ្រិន​នានា​ពី​ប្រទេស​ផ្សេង​ៗ ក្នុង​ការ​ចាប់​​ផ្តើម​ថ្ងៃ​ថ្មី​របស់​ពួក​គេ ​បាន​ចែក​រំលែក​ជា​គន្លឹះ​ដូច​ខាង​ក្រោម​នេះ​៖

.កុំ​ភ្លេច​ឱ្យ​ថាម​ពល​ដល់​រាង​កាយ

ពិត​ណាស់​អាហារ​ពេល​ព្រឹក​ ពុំ​គួរ​រំលង​ឡើយសម្រាប់​របប​​ញ៉ាំ​ប្រចាំ​ថ្ងៃ​។ ភាគ​ច្រើន​គ្នា​យើង​អាច​មើល​​ហួសពុំ​បាន​យក​ចិត្ត​ទុក​ដាក់លើ​បញ្ហា​នេះ។ យក​ចិត្ត​ទុក​ដាក់​បន្តិចទៅ​លើ​ផែន​ការ​​​​អាហារ​សម្រាប់​​ញ៉ាំ​ពេល​ព្រឹក ដែល​មា​ន​គ្រប់​ជីវជាតិ​ចម្រុះ​(វីតាមីនកាបូនអ៊ីដ្រាត ប្រូតេអ៊ីន...) មិន​តែ​ល្អ​សម្រាប់​សុខភាព ​តែ​ថែម​ទាំង​ផ្តល់​ថាម​ពល​​​ដល់​រាង​កាយ​ពេញ​មួយ​ព្រឹកហើយ​អ្នក​ នឹង​ឃើញ​ពី​ប្រសិទ្ធិភាព​នៅ​​លើ​លទ្ធផល​ការងារ​អ្នក។

.ដាក់​ចេញ​បេសកកម្ម​ប្រចាំ​ថ្ងៃ

​បើ​សិន​អ្នក​មិន​ធ្លាប់ដាក់​ចេញ​នូវ​គោល​ដៅ​​សម្រាប់​បំពេញ​ក្នុង​មួយ​ថ្ងៃ​ៗ អ្នក​អាច​សាក​ល្បង​ពិសោធ​បាន។ សរសេរ​​វា​ចេញ​នៅ​លើ​​ក្រដាស​មួយ រួច​ចាប់​យក​ចំណុច​ណា​ដែល​សំខាន់​បំផុត​ដើម្បី​បំពេញ​ឱ្យ​បាន​ក្នុង​ថ្ងៃ​នេះតាម​លំដាប់​។ ធ្វើ​បែប​នេះអាច​ជួយ​សន្សំ​ពេល​​វេលា​អ្នក និង​ជួយ​អ្នក​ឱ្យ​ផ្តោត​លើ​ការ​ងារ​ដែល​មាន​អាទិភាព​សំខាន់​ជាង​គេ ហើយ​អាច​ចាប់​ផ្តើម​ធ្វើ​ដោយ​មិន​មាន​ពេល​សម្រាប់​ខ្វល់​ខ្វាយ​ច្រើន។ នៅ​ពេល​ល្ងាច​ អ្នក​អាច​គូស​ធីកលើ​សកម្មភាព​​ដែល​បាន​បំពេញ​រួចការងារ​ណា​ដែល​មាន​ប្រសិទ្ធិភាព ​នឹង​ធ្វើ​​ឱ្យ​​រីក​រាយ​ទៀត​ផង​។

.សមាធិបាន​១០​នាទី

ការ​ធ្វើ​សមាធិជួយ​ឱ្យ​កម្ចាត់​អារម្មណ៍​​ខ្វល់​ខ្វាយ​មួហ្មង​ឱ្យ​រសាយ​ចេញ​ពី​ចិត្ត​របស់​អ្នក​។ ការ​ស្រាវ​ជ្រាវនិង​មតិ​លើក​ឡើង​ជា​ច្រើន​បាន​បង្ហាញ​ថាការ​សមាធិ​គឺ​ជួយ​ដល់​សុខភាព​ផ្លូវ​ចិត្ត​ឱ្យ​បាន​រឹង​មាំ ហើយ​អ្នក​អាច​រៀន​ពី​គន្លឹះ​​សមាធិ​ពី​ប្រភព​នានា​ ដូច​ជា​អ៊ិនធើណេតឬ​ចូល​រួម​ហាត់​សមាធិ​ដោយ​មាន​ការ​ណែ​នាំ​ពី​គ្រូ​ជា​ដើម។ តាម​បទ​ពិសោធ​ជា​ច្រើន​បាន​បង្ហាញ​ថាការ​ធ្វើ​សមាធិ​ហោច​ណាស់​ត្រឹម​១០​នាទី​ ពេល​ព្រឹក​ គឺ​ជួយ​​ជម្រះ​ចិត្ត​​ខ្វល់​ខ្វាយ​ទាំង​ឡាយ និង​ជួយ​ឱ្យ​អារម្មណ៍​អ្នក​ស្រស់​ស្រាយ និង​ចាប់​ផ្តើម​ផ្តោត​ទៅ​លើ​សកម្មភាព​ការងារ​របស់​អ្នកដោយ​ភាព​ស្វាហាប់​។

.ចំណាយ​ពេល​អាន​សៀវភៅ​បន្តិច

អ្នក​អាច​មាន​ទម្លាប់​បែប​នេះឬ​អាច​បង្កើត​ជា​ទម្លាប់​ថ្មី​ក៏​បាន។ ចំណាយ​ពេល​ខ្លះ​មុន​​ម៉ោង​ទៅ​ធ្វើ​ការ​របស់​អ្នកអាន​​ខ្លះ​ៗ​ពី​សៀវភៅ​​បែប​​ជម្រុញ​ទឹក​ចិត្ត ឬ​ប្រភេទ​បទ​ពិសោធ​ជីវិតពី​បុគ្គល​ជោគ​ជ័យ​ណា​មួយអ្នក​នឹង​ទទួល​បាន​គំនិត​ថ្មី​ៗ ធ្វើ​ឱ្យ​ខួរ​ក្បាល​​អ្នកទទួល​បាន​ថាម​ពល​ជម្រុញ​អ្នក​​​ទៅ​បំពេញ​ការងារ​ ដើម្បី​សម្រេច​គោល​ដៅដោយ​ភាព​ច្នៃ​ប្រឌិត​ផ្សេង​ៗ​ទៀត​ផង​។

.ចលនាឬ​លំហាត់​ប្រាណ​​ពេល​ព្រឹក

ចលនា​លំហាត់​ប្រាណជួយ​ឱ្យ​រាង​កាយ​​អ្នក​បញ្ចេញ​អ័រម៉ូន Dopamine ដែល​ជួយ​ឱ្យ​អារម្មណ៍​អ្នក​​រីករាយ និង​ស្រស់​ស្រាយ។ មិន​ថា​ហាត់​ប្រាណឬ​ចលនា​​​ហាត់​ពត់​ខ្លួន​(យ៉ូហ្គា)ឬ​សកម្មភាព​សកម្ម​ផ្សេង​ៗ គឺ​សុទ្ធ​សឹង​​ជួយ​រាង​កាយ​​​រឹង​មាំនិង​​អារម្មណ៍​អ្នក​បាន​ប្រសើរ។ សកម្មភាព​សុខាមាលភាព​ទាំង​នេះត្រូវ​បាន​​លើក​​ឡើង​ថាគឺ​មាន​​ចំណែក​ឥទ្ធិពល​លើ​ភាព​ស្វាហាប់​ក្នុង​ការងារ​​ផង​ដែរ៕