តើអ្នកដឹងទេថារាងកាយរបស់យើងនៅតែបន្តការដុតបំផ្លាញកាឡូរីមិនមានពេលសម្រាក ទោះបីជាយប់ក៏ដោយ? វាគឺជាការពិតណាស់ដែលដំណើរការដុតបំផ្លាញខ្លាញ់ និងរំលាយអាហារមិនមានការឈប់សម្រាក ទោះបីយើងកំពុងគេក៏ដោយនោះ។ នេះបានន័យថា រាងកាយរបស់មនុស្សយើងអាចនឹងស្រកគីឡូក្នុងពេលដែលយើងកំពុងគេងបាន ប្រសិនបើយើងបានអនុវត្តទម្លាប់ល្អៗមុនចូលគេង ដែលមិនបន្សល់របស់មិនល្អប៉ះពាល់ដល់ការរំលាយអាហារនោះ។

១. កុំចូលគេងទាំងពោះទទេ

ការគេងដោយមិនញ៉ាំអ្វីសោះនឹងរំខានគម្រោងការសុបិនល្អរបស់អ្នក ព្រោះអ្នកនឹងត្រូវរមួលពោះ ហើយងើបមករកអីញ៉ាំនៅពេលយប់ជ្រៅ ឬអ្នកខ្លះគេងមិនលក់តែម្ដង។ ផ្ទុយទៅវិញ ការញ៉ាំអាហារឆ្អែត ហើយសម្រាកឱ្យស្រកពោះដើម្បីសម្រួលការរំលាយអាហារបានល្អមុននឹងចូលគេង នឹងជួយឱ្យអ្នកគេងលក់ស្រួល និងមិនមានសេសសល់កាឡូរីក្នុងរាងកាយច្រើនក្នុងពេលកំពុងគេង។ ម្យ៉ាងទៀត ដើម្បីសម្រកគីឡូឆាប់បានផល អ្នកគួរញ៉ាំអាហារពេលល្ងាចដែលជាអាហារសុខភាពល្អ និងមិនមានជាតិខ្លាញ់ ដូចជាសាឡាដ សាច់ត្រី ផ្លែឈើ និងយ៉ាអួគ្មានជាតិស្ករជាដើម។

២. បន្ថែមម្រេចទៅក្នុងរបបអាហារប្រចាំថ្ងៃ

បើអ្នកចង់សម្រកទម្ងន់ឆាប់ ហើយអ្នកមិនមានជំងឺក្រពះរ៉ាំរ៉ៃ អ្នកគួរសាកល្បងបន្ថែមម្រេចទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ដើម្បីជំរុញតួនាទីដុតបំផ្លាញកាឡូរី។ យោងតាមការសិក្សាជាច្រើនបានឱ្យដឹងថា ម្រេចមានជាតិហឹរនិងក្ដៅងំ ដែលអាចជួយដុតជាតិខ្លាញ់បានងាយ និងរហ័ស។ 

៣. បង្កើតគម្លាតរវាងម៉ោងញ៉ាំអាហារពេលល្ងាច និងម៉ោងចូលគេង

វិធីមួយទៀតដែលអ្នកអាចធ្វើបានដើម្បីជួយដល់ការសម្រកទម្ងន់នៅពេលយប់ គឺបង្កើតទម្លាប់ជាប្រចាំដោយកំណត់ចន្លោះម៉ោងរវាងពេលញ៉ាំអាហារពេលល្ងាច ហើយនិងម៉ោងដែលត្រូវចូលគេង។ ប្រសិនបើអ្នកញ៉ាំអាហារហើយភ្លាម ឬក្នុងពេលខ្លី ហើយត្រូវចូលគេង នោះខ្លាញ់ដែលអ្នកញ៉ាំចូលទៅនឹងអាចកកកុញ ឬប្រមូលផ្ដុំបានយ៉ាងងាយស្រួល។ ផ្ទុយទៅវិញ ការញ៉ាំអាហារពេលល្ងាចឱ្យបានពីក្បាលព្រលប់ ឬហោចណាស់២ម៉ោងមុនចូលគេងនឹងជួយឱ្យការរំលាយអាហារ និងខ្លាញ់អាក្រក់ទាំងនោះបានល្អ។

៤. ផឹកតែបៃតងមុនចូលគេង

ការផឹកតែបៃតងមុនពេលចូលគេងគឺនឹងជួយសម្រួលដល់អត្រានៃការរំលាយអាហារក្នុងរាងកាយបានល្អ។ ទោះយ៉ាងណា អ្នកមិនត្រូវភ្លេចថាអាហារពេលល្ងាចត្រូវតែញ៉ាំឱ្យបានហោចណាស់ ២ម៉ោងមុនចូលគេង ទើបតែបៃតងដែលអ្នកផឹកក្រោយបាយនោះអាចធ្វើការងារបានល្អដែរសម្រាប់ការសម្រកទម្ងន់របស់អ្នក។

៥. កាត់បន្ថយពពួកអាហារផ្អែម ឬជាតិម្សៅនៅពេលល្ងាច

បើអ្នកចង់បានរាងស្អាត និងស្រកគីឡូឆាប់បានផល អ្នកត្រូវកំណត់គោលការណ៍សម្រាប់ខ្លួនឯងកុំឱ្យញ៉ាំអាហារ ឬភេសជ្ជៈផ្អែមទាំងឡាយ មុនពេលចូលគេង។ ជាតិស្ករ និងម្សៅគឺជាមូលហេតុដ៏ចម្បងដែលនាំឱ្យរាងកាយអ្នកធាត់បាន។ ដូច្នេះដើម្បីឱ្យរាងកាយអ្នកអាចរំលាយអាហារបានលឿន គួរនិយាយថាទេចំពោះអាហារទាំងពីរប្រភេទនេះ៕