ដូចដឹងស្រាប់ហើយថា ការផឹកស្រាឬគ្រឿងស្រវឹងដែលមានជាតិអាល់កុលខ្ពស់គឺជាអាវុធបំផ្លាញថ្លើមរបស់មនុស្សដ៏គួរឱ្យខ្លាចបំផុត។ ប៉ុន្តែទម្លាប់ប្រចាំថ្ងៃរបស់អ្នក ក៏អាចបង្កជាផលប៉ះពាល់ដល់សុខភាព ជាពិសេសទម្លាប់៣យ៉ាងខាងក្រោមនេះអាចបង្កគ្រោះថ្នាក់ដល់ថ្លើមរបស់អ្នកខ្លាំងនិងលឿនជាងផឹកគ្រឿងស្រវឹងទៀតផង។
១.ញ៉ាំអាហារពេលព្រឹកដែលមានជាតិខ្លាញ់ខ្លាំង
អាហារពេលព្រឹកគឺជារបបអាហារដ៏សំខាន់ប្រចាំថ្ងៃរបស់មនុស្ស។ ប៉ុន្តែប្រសិនបើអ្នកញ៉ាំមិនបានត្រឹមត្រូវ វាអាចបង្កគ្រោះថ្នាក់ទៅវិញ។ ការញ៉ាំអាហារពេលព្រឹកដែលមានជាតិខ្លាញ់ច្រើនដូចជា កម្ទេចនំប៉័ងនំខេកដែលជាតិប្រេងច្រើន នំដុតមានសាច់ នំខុកឃីលាបបឺនិងអាហារបំពងផ្សេងទៀតសុទ្ធតែសម្បូរជាតិខ្លាញ់លើសលប់។
ការដែលអ្នកទទួលទានអាហារបែបនេះជាប្រចាំរៀងរាល់ព្រឹក វានឹងបង្កើនបរិមាណជាតិខ្លាញ់ដែលទៅប្រមូលផ្ដុំក្នុងកោសិកាថ្លើមធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាព។ ក្រៅពីប៉ះពាល់ថ្លើមការបរិភោគអាហារទាំងនេះញឹកញាប់ វានឹងធ្វើឱ្យអ្នកងាយនឹងឡើងទម្ងន់ កើតជំងឺធាត់ឡើងសម្ពាធឈាម និងជំងឺបេះដូងជាដើម
២. ញ៉ាំអាហារដែលខូច ដុះផ្សិតឬអាហារដែលទុកចោលមួយយប់
ទម្លាប់ម្យ៉ាងទៀតរបស់មនុស្សភាគច្រើន គឺចូលចិត្តសន្សំសំចៃដោយមិនចង់ចោលអាហារដែលញ៉ាំសល់។ ពួកគេច្រើនទុកអាហារទាំងនោះក្នុងទូរទឹកកកដែលជាហេតុអាចបង្កទៅជាផ្សិត ហើយមានអ្នកខ្លះកៀរផ្សិត ឬក្រម៉ទាំងនោះចោលរួចក៏យកទៅកម្ដៅញ៉ាំម្ដងទៀត។ តើអ្នកដឹងទេថា អាហារដែលសល់ឬអាហារមានផ្សិតបែបនេះមានផ្ទុកជាតិAflatoxin ដែលជាកត្តាបង្កគ្រោះថ្នាក់ខ្លាំងក្លាដល់ថ្លើមជាងការផឹកគ្រឿងស្រវឹងទៅទៀត។
៣.មិនចូលចិត្តផឹកទឹកក្រោយពេលក្រោកពីដំណេក
រាងកាយមនុស្សមានជាតិទឹកដល់ទៅ៧០% ហើយជាតិទឹកនេះហើយដែលរាងកាយត្រូវការជាចាំបាច់ក្នុងការលូតលាស់សម្រាប់ជីវិត។ ដូច្នេះពេលក្រោកពីដំណេកនៅពេលព្រឹក អ្នកគួរតែផឹកទឹកឱ្យបានហោចណាស់១កែវដើម្បីបំពេញជាតិទឹកឱ្យរាងកាយ និងពង្រឹងសរីរាង្គសាច់ដុំដូចជា ថ្លើម តម្រងនោមនិងក្រពះជាដើមឱ្យដំណើរការបានល្អ។
ហេតុនេះហើយប្រសិនបើអ្នកមិនចូលចិត្តផឹកទឹកនៅពេលព្រឹកវានឹងនាំឱ្យរាងកាយខ្វះជាតិទឹក បង្កទៅជារោគថ្លើម ទល់លាមក ខ្សោយក្រលៀននិងក្រួសក្នុងតម្រងនោមជាដើម។ ដូច្នេះរៀងរាល់ព្រឹកក្រោយពេលភ្ញាក់ពីដំណេកមិនថាអ្នករវល់យ៉ាងណា កុំភ្លេចផឹកទឹកឱ្យបាន១កែវដើម្បីសម្រួលចរន្តឈាមនិងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃ៕