ទម្លាប់នៃការញ៉ាំ និងរស់នៅរបស់ម៉ាក់ៗដែលកំពុងពពោះ អាចជះឥទ្ធិលខ្លាំងបំផុតទៅដល់ការលូតលាស់របស់កូនក្នុងផ្ទះ។ ដូច្នេះហើយទើបក្នុងអំឡុងពេលពពោះ អ្នកម្ដាយទាំងអស់គួររក្សាឱ្យបាននូវទម្លាប់ល្អៗដើម្បីជួយកូនរបស់ខ្លួនឱ្យលូតលាស់បានល្អ ទាំងផ្នែកប្រាជ្ញាស្មារតី និងផ្លូវកាយ។

១. ញ៉ាំអាហារល្អៗ មានជីវជាតិគ្រប់គ្រាន់

ជីវជាតិចិញ្ចឹមគឺជាកត្តាដ៏សំខាន់បំផុតក្នុងអំឡុងពេលមានផ្ទះពោះ។ អ្នកម្ដាយ ត្រូវតែគិតគូរឱ្យបានម៉ត់ចត់ចំពោះរបបអាហារ ព្រោះបើម៉ាក់ៗញ៉ាំអ្វីកូនដែលនៅក្នុងផ្ទៃ ក៏ទទួលបានរបស់នោះផងដែរ។ ជាគោលការណ៍ស្ត្រីមានផ្ទៃពោះគួរញ៉ាំអាហារដែលមានជីវជាតិល្អដូចជា ពពួកប្រូតេអ៊ីន ខ្លាញ់ល្អជាតិម្សៅ បន្លែ ផ្លែឈើដើម្បីផ្ដល់នូវវីតាមីន និងជាតិរ៉ែសំខាន់ដល់រាងកាយ និងគភ៌។ ការញ៉ាំអាហារបានត្រឹមត្រូវ នឹងជួយឱ្យគភ៌លូតលាស់បានល្អហើយបណ្ដុះស្មារតីឱ្យឆ្លាតវាងវៃតាំងពីក្នុងផ្ទៃមកម្ល៉េះ។

២. ចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនបានល្អ

អំឡុងពេលមានផ្ទៃពោះ ប្រសិនបើម៉ាក់ទទួលរងអាការចាញ់កូនយូរពេក បូកផ្សំជាមួយសម្ពាធការងារការប្រែប្រួលស្ថានភាពក្នុងគ្រួសារជាដើម អាចនឹងជះឥទ្ធិលដល់អារម្មណ៍របស់ពួកគេធ្វើឱ្យគភ៌ដែលនៅក្នុងផ្ទះកើតមកអារម្មណ៍ឆេវឆាវ ពិបាកអប់រំ និងពិបាកចិញ្ចឹមជាដើម។ ប៉ុន្តែប្រសិនបើម៉ាក់ៗដឹងច្បាស់ពីវិធីគ្រប់គ្រងអារម្មណ៍របស់ខ្លួនបានល្អវានឹងផ្ដល់ផលល្អ ដល់ការលូតលាស់ខួរក្បាលរបស់គភ៌ ធ្វើឱ្យពួកគេលូតលាស់មានសុខភាពល្អនិងឆ្លាត។

៣. ម៉ាក់ៗដែលសកម្ម

យោងតាមអ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិកបានឱ្យដឹងថា អំឡុងពេលពពោះ ប្រសិនបើអ្នកម្ដាយតែងតែធ្វើលំហាត់ប្រាណជាប្រចាំ កូនកើតមកនឹងមាន IQ ខ្ពស់ជាងកូនក្នុងក្រុមដទៃ។ ហេតុផលដ៏សំខាន់នោះគឺលំហាត់ប្រាណអាចជួយសម្រួលចរន្តឈាមឱ្យដើរបានល្អ ជួយបង្កើនចលនាឈាមទៅកាន់ខួរក្បាលរបស់គភ៌ ជួយជំរុញការលូតលាស់កោសិកាប្រាសាទរបស់គភ៌ ដែលជាលទ្ធផលនាំឱ្យពួកគេកើតមកឆ្លាតវាងវៃ និងគួរឱ្យស្រលាញ់។

៤.ឱ្យកូនស្ដាប់ភ្លេងតាំងពីនៅក្នុងពោះ

ចាប់១៦សប្ដាហ៍ឡើងទៅ គភ៌ដែលនៅក្នុងផ្ទៃអាចមានអារម្មណ៍កាន់តែច្បាស់ និងអាចឆ្លើយតបមកវិញតាមរយៈការធ្វើចលនាឬការធាក់ជាដើម។ ដូច្នេះប្រសិនបើម្ដាយៗឱ្យគភ៌ស្ដាប់ភ្លេងជាប្រចាំ វានឹងជួយឱ្យអារម្មណ៍ធូរស្រាលជះឥទ្ធិពលទាំងទៅលើម៉ាក់និងគភ៌តែម្ដង។ ហេតុផលព្រោះថា សំឡេងភ្លេងប្រៀបដូចជាថ្នាំរម្ងាប់អារម្មណ៍ដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយអារម្មណ៍ស្ត្រេសនិងតានតឹងទាំងឡាយ។

៥. អានសៀវភៅជារៀងរាល់ថ្ងៃ

ក្នុងពេលកំពុងពពោះ ប្រសិនបើម៉ាក់ៗមានទម្លាប់ក្នុងការអានសៀវភៅប្រចាំថ្ងៃ វាក៏ជាឥទ្ធិពលល្អសម្រាប់គភ៌ផងដែរ។ស្ត្រីមានផ្ទៃពោះគួរតែជ្រើសរើសសៀវភៅដែលមានមាតិកាវិជ្ជមានដើម្បីផ្ដល់ឱ្យគភ៌របស់ខ្លួននូវអារម្មណ៍វិជ្ជមានព្រមទាំងអាចជួយរំញោចខួរក្បាលទាំងម្ដាយនិងកូនផងដែរ។

ក្នុងពេលជាមួយគ្នានេះ នៅពេលអានសៀវភៅច្រើនក្នុងពេលមានផ្ទៃពោះ វាក៏ជួយធ្វើឱ្យអារម្មណ៍របស់កូនស្រស់ស្រាយតាំងពីនៅជាគភ៌មកម្ល៉េះ។ អ្នកម្ដាយគួរអាននៅពេលព្រឹក និងពេលយប់មុនចូលគេងដើម្បីបណ្ដុះស្មារតីដល់កូនឱ្យកើតមកឆ្លាតវៃ៕