សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលអត្ថបទព័ត៌មានបានលឿន


១. គេងមិនបានគ្រប់គ្រាន់

ការគេងមិនបានគ្រប់គ្រាន់អាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការរំលាយអាហារ ធ្វើឱ្យក្រពះត្រូវធ្វើការគ្មានពេលសម្រាកដែលនាំឱ្យអ្នកមានអារម្មណ៍ថាឃ្លានបង្កើនការផលិតអរម៉ូន Cortisol ដែលជាអរម៉ូនស្ត្រេស។ ហេតុនេះដើម្បីបានសុខភាពល្អអ្នកត្រូវប្រាកដថាបានគេង យ៉ាងហោចណាស់៨ម៉ោងក្នុងមួយយប់។

២. ចូលគេងភ្លាមក្រោយញ៉ាំអាហារពេលល្ងាចរួច

ការចូលគេងក្រោយអាហារពេលល្ងាចរួចភ្លាមនឹងបង្កើនកោសិកាខ្លាញ់កាន់តែច្រើនហើយបង្កឱ្យមានបញ្ហាក្នុងការរំលាយអាហារដូចគ្នា។ អ្នកជំនាញ និងគ្រូពេទ្យបានណែនាំថាគួរញ៉ាំបាយល្ងាចចន្លោះពី១ម៉ោងកន្លះ ទៅ២ម៉ោងមុនពេលចូលគេងទើបជាការប្រសើរ។

៣. ចូលគេងយប់ជ្រៅពេក

មិនថាការចូលគេងព្រលប់ពេក ឬយប់ជ្រៅពេកសុទ្ធតែមិនល្អចំពោះសុខភាពឡើយ។ ការចូលគេងយប់ជ្រៅពេកនឹងបណ្ដាលឱ្យខ្លាញ់ក្នុងរាងកាយរបស់អ្នកមានការកើនឡើងកាន់តែច្រើន ព្រោះវាមិនមែនជាពេលវេលាសម្រាប់វដ្ដពីធម្មជាតិរបស់រាងកាយ។ ក្រៅពីនេះអ្នកនឹងមានអារម្មណ៍ថាឃ្លាន ឬកូរពោះនៅពេលព្រលឹមនៅថ្ងៃស្អែក។ ប្រសិនបើអ្នកមានអារម្មណ៍រំភើបរហូតដល់ថ្នាក់គេងមិនលក់ ឬរសាប់រសល់ដែលប៉ះពាល់ដល់ការគេងអ្នកអាចធ្វើលំហាត់ប្រាណតិចៗដើម្បីសម្រួលអារម្មណ៍ ហើយនាំឱ្យគេងលក់ស្រួល។

៤. ប្រើទូរសព្ទ ឬគ្រឿងអេឡិចត្រូនិកមុនពេលចូលគេង

កាំរស្មីពណ៌ខៀវដែលចេញពីឧបករណ៍អេឡិចត្រូនិចដែលប្រើអេក្រង់ដូចជាទូរទស្សន៍ ទូរសព្ទ ឬកុំព្យូទ័រជាដើមសុទ្ធតែអាចប៉ះពាល់ដល់ការគេងនិងសុខភាពរបស់អ្នក។ រលកវិទ្យុសកម្មទាំងនោះក៏បណ្ដាលឱ្យរំខានការគេងផងដែរ។យកល្អ អ្នកគួរបិទឧបករណ៍ទាំងនោះចោលហោចណាស់១ម៉ោងមុនពេលចូលគេង ហើយជំនួសដោយការអានសៀវភៅឬស្ដាប់ចម្រៀង។

៥. ញ៉ាំចំណីចំណុកក្រោយបាយល្ងាច

ក្រោយពេលញ៉ាំអាហារពេលល្ងាច អ្នកគួរជៀសវាងការញ៉ាំនំប៉័ងនំខុកឃី ឬរបស់ផ្អែមផ្សេងទៀត។ ហេតុផលក៏ព្រោះតែអាហារទាំងនេះសម្បូរទៅដោយកាឡូរី ហើយបង្កើនកម្លាំងដែលនាំឱ្យអ្នកគ្មានអារម្មណ៍ងងុយគេង។ ដូច្នេះបើអ្នកចង់ញ៉ាំចំណី ឬអាហារលាងមាត់ អ្នកគួរញ៉ាំអាហារដែលមានកាឡូរីទាបជាង 200 កាឡូរីទើបជាការល្អ។

អ្វីដែលអ្នកគួរធ្វើរាល់យប់

១. ផឹកទឹក១កែវមុនពេលបាយល្ងាច

ការផឹកទឹក១កែវមុនពេលញ៉ាំអាហារពេលល្ងាចគឺជារឿងដ៏សំខាន់។ វាអាចជួយលាងសម្អាតអាហារដែលលើសនៅក្នុងក្រពះ និងពោះវៀន ផ្ដល់កន្លែងទំនេរសម្រាប់ការរំលាយអាហារឱ្យមានភាពរលូននិងមានប្រសិទ្ធភាព។ ម្យ៉ាងទៀត វាអាចជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតមួយផ្នែក ដែលល្អសម្រាប់អ្នកចង់បានរាងស្អាត។

២. ព្យាយាមទំពាយឺតពេលញ៉ាំអាហារ

មនុស្សស្គមៗភាគច្រើនជាមនុស្សរើសក្នុងការញ៉ាំហើយចូលចិត្តទំពាយឺតៗ មិនថាជាការញ៉ាំសាច់ ឬញ៉ាំបន្លែ ពួកគេមិនងាយទំពាញាប់ឡើយ។ ដូច្នេះអ្វីដែលអ្នកចង់បានរាងស្អាតគួរធ្វើ គឺព្យាយាមទំពាអាហារក្នុងល្បឿនយឺតៗឱ្យម៉ត់ដែលងាយស្រួលក្នុងការរំលាយអាហារផងដែរ។

៣. កុំអង្គុយស្ងៀម ក្រោយបាយល្ងាចរួច

ទម្លាប់នៃការអង្គុយស្ងៀមមួយកន្លែងក្រោយពីញ៉ាំអាហាររួចនឹងធ្វើឱ្យក្រពះនិងពោះវៀនពិបាកធ្វើការហើយងាយនឹងកើតជំងឺឈឺក្រពះ។ ម្យ៉ាងទៀត ការអង្គុយច្រើនក្រោយញ៉ាំបាយរួច មិនយូរមិនឆាប់នឹងធ្វើឱ្យស្បែកក្បាលពោះរបស់អ្នកឡើងធំជាងមុនដែលជាជំហានក្នុងការកើតជំងឺដុះក្បាលពោះ។

៤. ចូលគេងឱ្យបានមុនម៉ោង១១យប់

ប្រហែល៦០%នៃប្រជាជនតែងចូលគេងនៅក្រោយម៉ោង១១យប់។ ទោះជាយ៉ាងណា ចន្លោះម៉ោង១០ ទៅម៉ោង១១យប់គឺជាពេលវេលាដ៏ល្អបំផុតក្នុងការចូលគេងព្រោះរាងកាយត្រូវដល់ពេលព្យាបាល និងជួសជុលកោសិកាដោយខ្លួនឯង ក៏ដូចជាផលិតអរម៉ូនល្អៗ៕