ខួរក្បាលគឺជាផ្នែកមួយដ៏សំខាន់ជាងគេបំផុតនៃសរីរាង្គកាយរបស់មនុស្ស ដែលអាចកំណត់ជោគវាសនារបស់មនុស្សបាន។ ប្រសិនបើបុគ្គលណាម្នាក់មានខួរក្បាលល្អ ឆ្លាតពូកែគិត ពូកែចងចាំ និងមានគំនិតច្នៃប្រឌិតខ្ពស់ នោះអនាគតរបស់គេក៏ល្អទៅតាមនឹងដែរ។ ជាមួយគ្នានេះដែរការយកចិត្តទុកដាក់ទៅលើខួរក្បាលរបស់អ្នកគឺជាចំណុចដ៏សំខាន់ ដែលអ្នកគួរតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសនោះគឺអ្នកត្រូវតែជៀសវាងនូវ ការធ្វើសកម្មភាព ក៏ដូចជាទម្លាប់ប្រចាំថ្ងៃមួយចំនួន ដែលអាចជះឥទ្ធិពលអវិជ្ជមានទៅលើខួរក្បាលរបស់អ្នក។ ដូច្នេះក្នុងអត្ថបទនេះនឹងបង្ហាញអ្នកពីទម្លាប់ទាំង៥ដែលអ្នកគួរតែជៀសវាងជាដាច់ខាត ពីព្រោះថាវានឹងធ្វើឱ្យខួរក្បាលរបស់អ្នកមានការចុះខ្សោយ។

១) ទម្លាប់ចូលគេងយប់ជ្រៅ

អ្នកគួរតែគេងឱ្យបានគ្រប់គ្រាន់ និងទៀងពេលវេលា ពីព្រោះថាខួរក្បាលរបស់អ្នកត្រូវការការសម្រាក។ ដោយឡែកប្រសិនបើអ្នកទម្លាប់ចូលគេងយឺត គេងមិនបានគ្រប់គ្រាន់និងថែមទាំងមិនបានស្កប់ស្កល់ទៀតនោះ វានឹងធ្វើឱ្យខួរក្បាលរបស់អ្នកកាន់តែចុះខ្សោយទៅៗដែលបណ្តាលឱ្យអ្នកមានការចងចាំមិនល្អ ឆាប់ភ្លេចភ្លាំង និងឆាប់ទាល់គំនិតជាដើម ។ ដូច្នេះ​អ្នកគួរតែទម្លាប់ចូលគេងឱ្យបានទៀងទាត់ យ៉ាងហោចណាស់ឱ្យបាន៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីឱ្យខួរក្បាលនិងសរីរាង្គក្នុងខ្លួនរបស់អ្នក​សម្រាកបានគ្រប់គ្រាន់។

២) ទម្លាប់គិតច្រើនរឿងក្នុងពេលតែមួយ

ការគិតរឿងច្រើនក្នុងពេលតែមួយនឹងធ្វើឱ្យបញ្ហា កាន់តែស្មុគស្មាញឡើងថែមទៀត។វានឹងធ្វើឱ្យខួរក្បាលរបស់អ្នកច្របូកច្របល់ ដោយមិនដឹងថាត្រូវដោះស្រាយបញ្ហាមួយណាមុនឬមិនដឹងថាត្រូវដោះស្រាយតាមវិធីណានោះទេ។​ មិនត្រឹមតែប៉ុណ្ណោះវារឹតតែធ្វើឱ្យបញ្ហាទាំងអស់នោះ កាន់តែធ្ងន់ធ្ងរទៅៗ និងរត់មករកអ្នកកាន់តែច្រើនឡើងថែមទៀតដែលនាំឱ្យអ្នកស្រ្តេស ព្រមទាំងធុញថប់គិតអ្វីមិនចេញនោះទេ។ ដូច្នេះអ្នកកុំព្យាយាមគិតរឿងច្រើនក្នុងពេលតែមួយពោលគឺអាចសម្រេចចិត្តគិតទៅលើរឿងណាដែលសំខាន់ជាង និងមានអាទិភាពជាង។

៣)   ទម្លាប់ខ្ជិលអាន

ការអានគឺជាផ្នែកមួយដែលខួរក្បាលរបស់អ្នកត្រូវការ ជាចាំបាច់បំផុតហើយការអាន នឹងធ្វើឱ្យអ្នក មានភាពវៃឆ្លាត និងអភិវឌ្ឍខ្លួនកាន់តែរីកចម្រើនផងដែរ។ដោយឡែកប្រសិនបើអ្នកមិនព្យាយាមអានឱ្យបានច្រើននោះទេអ្នកក៏មិនអាចទទួលបាននូវចំណេះដឹងថ្មីៗ​​ក៏ដូចជា បទពិសោធន៍ផ្សេងៗ ក្នុងការជួយជំរុញឱ្យខួរក្បាលរបស់អ្នកកាន់តែមានភាពវៃឆ្លាតនិងរីកចម្រើនឡើងបាននោះឡើយ។ ដូច្នេះអ្នកគួរតែព្យាយាមអានឱ្យបានច្រើន តាមដែលអាចធ្វើទៅបានមិនថាសៀវភៅប្រភេទអ្វីនោះទេ។

៤) ទម្លាប់មិនទទួលទានអាហារពេលព្រឹក

តាមការសិក្សាស្រាវជ្រាវបានបញ្ជាក់ថាអាហារពេលព្រឹក គឺពិតជាមានសារៈសំខាន់ណាស់ទៅលើសុខភាពរាងកាយរបស់អ្នកជាពិសេសនោះគឺវាក៏ជាផ្នែកមួយ ដែលជះឥទ្ធិពលវិជ្ជមានទៅលើខួរក្បាលរបស់អ្នកផងដែរ។ប្រសិនបើអ្នកទទួលទានអាហារពេលព្រឹកមិនទៀងពេលវេលានោះទេ វានឹងធ្វើឱ្យសុខភាព រាងកាយនិងខួរក្បាលរបស់អ្នកចុះទន់ខ្សោយជាក់ជាមិនខាន។ ដូច្នេះអ្នកគួរតែទទួលទានអាហារពេលព្រឹកឱ្យបានទៀងទាត់និងត្រូវជ្រើសរើសអាហារប្រភេទណាដែលជំនួយដល់ ខួរក្បាលនិងសុខភាពឱ្យបានច្រើន។

៥) ទម្លាប់មិនហាត់ប្រាណ

ការធ្វើលំហាត់ហាត់ប្រាណក៏ជាផ្នែកមួយដែលជំនួយដល់សុខភាពខួរក្បាលនិងការចងចាំរបស់អ្នកផងដែរ។ ការហាត់ប្រាណញឹកញាប់នឹងធ្វើឱ្យសុខភាពរបស់អ្នកមានភាពល្អប្រសើរឡើងរាងកាយរឹងមាំល្អ​ បញ្ជៀសនូវជំងឺផ្សេងៗ និងជំនួដល់យខួរក្បាលរបស់អ្នក ឱ្យមានការចងចាំល្អនិងមានភាពវៃឆ្លាតជាងមុន។ ដោយឡែកប្រសិនបើអ្នក មិនទម្លាប់ធ្វើលំហាត់ប្រាណឱ្យបានញឹកញាប់នោះទេ វាអាចបណ្តាលឱ្យសុខភាពរបស់អ្នកមានបញ្ហា ហើយខួរក្បាលរបស់អ្នកក៏កាន់តែចុះទន់ខ្សោយផងដែរ។

សរុបមកវិញអ្នកគួរតែជៀសវាងនៅទម្លាប់ទាំង៥ខាងលើនេះពីព្រោះថាវាអាចធ្វើឱ្យខួរក្បាលរបស់អ្នកមានការចុះខ្សោយ និងអាចប៉ះពាល់ដល់សុខភាពរបស់អ្នកថែមទៀតផង។ម៉្យាងវិញទៀតអ្នកគួរតែអនុវត្តនូវការអានសៀវភៅឱ្យបានច្រើនដើម្បីជំនួយដល់ខួរក្បាលរបស់អ្នក ឱ្យកាន់តែរីកចម្រើនឡើង៕