ការ​បង្កើត​ទម្លាប់​ច្នៃ​ប្រឌិត ទោះ​ជា​ទម្លាប់​តូច​​តាច​​ រាប់​តាំង​ពី​ការ​បង្កើត​ឃ្នាប​សៀវ​ភៅ​​ស្រស់​ស្អាត ការ​បង្កើត​ស៊ុម​រូប​ថត​ដោយ​ខ្លួន​ឯង... នឹង​ជួយ​ដល់​សុខភាព​​​ ទាំង​រាង​កាយ និង​​ខួរក្បាលបាន នេះ​បើ​តាម​ការ​លើក​ឡើង​​តាម​រយៈ​ការ​ស្រាវជ្រាវ​វិទ្យាសាស្រ្ត។ 

គំនិត​និង​ការ​​អនុវត្ត​បែប​ច្នៃ​ប្រឌិត នាំ​ឱ្យ​មាន​​អភិវឌ្ឍ​ទៅ​ដល់​មុខ​ងារ​ខួរ​ក្បាល សកម្មភាព​​រស់​នៅ​ប្រចាំ​ថ្ងៃ​ដ៏​សកម្មនិង​ឥទ្ធិពល​វិជ្ជមាន​មួយ​ចំនួន​ទៅ​លើ​អារម្មណ៍​​​​។ ខាង​ក្រោម​នេះ​ ជា​ហេតុ​ផល​ដែល​ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​លើក​ឡើង​៖

១.បង្កើតសុភមង្គល (ភាពរីករាយ)

ដោយ​ផ្អែក​តាម​ទ្រឹស្តី​លំហូររបស់​អ្នក​វិទ្យាសាស្រ្ត បាន​ពន្យល់​ថា អ្នក​នឹង​ទទួល​បាន​ភាព​រីក​រាយនៅ​ពេល​​អ្នក​​បាន​សម្រេច​អ្វី​មួយ​​ដោយ​ការ​ខំ​ប្រឹង​ប្រែង​ពី​គ្រប់​លទ្ធភាព​ផ្សេង​ៗ។ ជា​មួយ​ គ្នា​នោះ​ដែរ ភាព​រីក​​រាយ​នោះ គឺ​បាន​កើត​មក​ពី​​ការ​ជម្រុញ​ចិត្ត​​ក្នុង​ខ្លួន​អ្នកដោយ​ផ្តោត​សំខាន់​ទៅ​លើ វិធី​សម្រេច​សមិទ្ធិផល ដូច​នេះ​ ធ្វើ​ឱ្យ​អ័រម៉ូន Dopamine កើត​ឡើង​ក្នុង​ខួរ​ក្បាលធ្វើ​ឱ្យ​អារម្មណ៍​អ្នក​រីក​រាយ ហើយ​​ នាំ​ឱ្យ​ទម្លាប់​បង្កើត​រឿង​ល្អ​ៗ។ ​វិធី​ច្នៃ​ប្រឌិតទាំង​នោះនឹង​ធ្វើ​ឱ្យ​អារម្មណ៍​ល្អ​កើត​ឡើង និង​ជម្រុញ​ចិត្ត​កាន់​តែ​រីក​រាយ​។

២.កាត់បន្ថយភាពរវើរវាយ

ទម្លាប់​រក​គំនិត​ច្នៃ​ប្រឌិតនឹង​បន្ថយ​ភាព​រវើ​រវាយ។ ការ​សិក្សា​ជា​ច្រើន​កន្លង​ទៅ ​បាន​បង្ហាញ​ថា​អ្នក​ដែល​មាន​​ទម្លាប់​រវើ​រវាយ នៅ​ពេល​ទទួល​បាន​ចំណែក​មួយ​​នៃ​​ភាព​ច្នៃ​ប្រឌិត​ចូល​ក្នុង​​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ធ្វើ​ឱ្យ​​ពួក​គេ​ចាប់​ផ្តើម​សះ​ស្បើយដោយ​ផ្តោត​​អារម្មណ៍​ទៅ​លើ​បុគ្គលិក​លក្ខណៈ​​ជា​តម្លៃ​ផ្ទាល់​ខ្លួននិង​​ពង្រឹង​ស្មារតី​របស់​ពួក​គេ។

៣.បង្កើនសុខភាពផ្លូវចិត្ត

ក្នុង​១​ថ្ងៃ​មនុស្ស​ម្នាក់​មាន​គំនិត ឬការគិត​ប្រហែល ៦០ ០០០​ដង​។ ដោយ​ឡែក​សម្រាប់​គំនិត​ច្នៃ​ប្រឌិត និង​ជួយ​ឱ្យ​ អារម្មណ៍​និង​ចិត្ត​ផ្តោត​ទៅ​លើ​រឿង​មាន​ប្រយោជន៍​ថ្មី​មួយ ដែល​បៀប​ដូច​នឹង​ការ​​ធ្វើ​សមាធិ​មួយ​ផង​ដែរ។ ហើយ​ទម្លាប់​បែប​នោះនឹង​​កាត់​បន្ថយ​​អារម្មណ៍​ច្របូក​​ច្របល់​ផ្សេង​ៗ ដូច​ជា​ភាព​អន្ទះ​អន្ទែង ស្រ្តេស ថប់​អារម្មណ៍​ជា​ដើម។ ហើយ​ភាព​ច្នៃ​ប្រឌិត រាប់​តាំង​ពី ការ​គូរ​គំនូរសរសេរ​រឿង​​ប្រលោម​លោក ឬ​​សិល្បៈ​​ផ្សេង​ៗ​-ល-។

៤.ជួយជម្រុញមុខងារប្រព័ន្ធភាពស៊ាំក្នុងខ្លួនអ្នក

អ្នក​វិទ្យាសាស្រ្ត​បាន​រក​ឃើញ​ថា សូម្បី​តែ​ការ​ស្តាប់​ចម្រៀង​ថ្មី​ៗ វា​បាន​ជម្រុញ​សមាស​ធាតុ​គីមី​ម្យ៉ាង​ក្នុង​ខ្លួន​ ​ឈ្មោះ​ថា CD4+Lymphocyte ដែល​ជួយ​ឱ្យ​ប្រព័ន្ធ​ស៊ាំ​​មាន​ភាព​សកម្ម​។ ហើយ​នេះ​ ក៏​អនុវត្ត​ចំពោះ​ទម្លាប់​ច្នៃ​ប្រឌិត​ផ្សេង​ទៀត​ផង​ដែរដែល​នាំ​ឱ្យ​រាង​កាយ​អ្នក​សកម្ម​ និង​សកម្មភាព​ផ្សេង​ៗ​។

៥.ជម្រុញសមត្ថភាពខួរក្បាល

ការ​បង្កើត​ទម្លាប់​ច្នៃ​ប្រឌិត ធ្វើ​ឱ្យ​ខួរ​ក្បាល​ទាំង​សង​ខាង​(ផ្នែក​ខាង​ឆ្វេង​ និង​ស្តាំ)មាន​ទំនាក់​ទំនង​គ្នា​ល្អ ពោល​គឺ​ប្រើ​ប្រាស់​ដូច​ជា​ការ​ហ្វឹក​ហាត់ ឬ​ធ្វើ​លំហាត់​​ប្រាណ​ពង្រឹង​សាច់​ដុំ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​វិទ្យាសាស្រ្ត​។ ការ​អនុវត្ត​ច្នៃ​ប្រឌិត​ជា​ប្រចាំ នោះ​សមត្ថភាព​ថ្មី​ៗដែល​ចេញ​ពី​ថាម​ពល​​ខួរ​ក្បាល ​នឹង​កាន់​ប្រសើរ​ពី​មួយ​ថ្ងៃ​ ទៅ​មួយ​ថ្ងៃ​ហើយអ្នកនឹងឃើញពីប្រសិទ្ធិភាពនោះ៕