ពាក្យថា ទុនបម្រុងបរទេស យើងអាចនឹងលឺនៅពេលដែល ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្លែងសន្ទរកថា ឬអ្នកសេដ្ឋកិច្ចជាតិ ជាពិសេសវិស័យធនាគារ ឡើងរាយការណ៍ពីការរក្សាទុក ការកើនឡើងឬថយចុះ នៃទុននេះជាប្រចាំខែ។ ហើយអត្ថបទនេះ នឹងលើកយកឧទាហរណ៍ខ្លី ពីវិបត្តិនៅក្នុងប្រទេសស្រីលង្កា។

អ្វីជាទុនបម្រុងបរទេស?

ទុនបម្រុងបរទេស (Foreign Exchange Reserves ឬពេលខ្លះគេហៅថា Foreign Reserves) គឺជាទ្រព្យសកម្មដែលរក្សាទុកដោយធនាគារកណ្តាលនិងស្ថាប័នហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀត ជារូបិយប័ណ្ណបរទេស ដើម្បីប្រើប្រាស់សម្រាប់ការវិនិយោគ ប្រតិបត្តិការ កាតព្វកិច្ចបំណុលអន្តរជាតិ ឬដើម្បីមានឥទ្ធិពលលើអត្រាប្តូរប្រាក់ក្នុងស្រុក។

ប្រសិនបើប្រទេសមួយ ត្រូវអស់ទុនបំរុងបរទេស វាអាចនឹងមានផលប៉ះពាល់យ៉ាងមហន្តរាយមួយ ដល់សេដ្ឋកិច្ជជាតិរបស់ប្រទេសនោះ។ ទោះបីជាប្រទេសមួយ នៅមានទុនបំរុងជាមាស ឬធនធានធម្មជាតិសំខាន់ៗផ្សេងទៀតក៏ដោយ ក៏ទំនិញប្រភេទទាំងនោះ មិនមែនជាសាច់ប្រាក់ដែលងាយស្រួលបង្វែរជាទុនបំរុងបរទេសនោះទេ។

ដោយសារ លុយដុល្លារ (USD) គឺជារូបិយប័ណ្ណដែលជួញដូរទូលំទូលាយបំផុតរបស់ពិភពលោក ប្រជាជាតិជាច្រើនត្រូវតែកាន់កាប់ទ្រព្យសម្បត្តិជាប្រាក់ដុល្លារ ដើម្បីរក្សាសេដ្ឋកិច្ចដែលកំពុងរីកចម្រើនជាលំដាប់ និងដើម្បីធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពជាមួយប្រទេសផ្សេងទៀតដែលប្រើប្រាស់រូបិយប័ណ្ណ។

ការថយចុះទុនបម្រុងបរទេសនេះ នឹងអាចបង្កឲ្យមានបញ្ហាដល់រដ្ឋាភិបាលក្នុងការចំណាយនិងទិញទំនិញ បានឆាប់រហ័ស ហើយអាចអង្រួនទំនុកចិត្តលើរូបិយប័ណ្ណជាតិ ធ្វើឱ្យមានអស្ថិរភាពទីផ្សារ និងប៉ះពាល់ដល់ ការដឹកនាំនយោបាយក្នុងប្រទេសផងដែរ។

វិបត្តិសេដ្ឋកិច្ចនៅស្រីលង្ការ

វិបត្តិសេដ្ឋកិច្ច និងនយោបាយនៅប្រទេសស្រីលង្កា ដែលបានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ 2022 បានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជុំវិញពិភពលោក រហូតដល់មានការតវ៉ា បង្ខំឱ្យប្រធានាធិបតីចុះចេញពីតំណែង។

ទុនបម្រុងរូបិយប័ណ្ណបរទេសត្រូវបានប៉ាន់ប្រមាណថា បានធ្លាក់ចុះមកនៅត្រឹមប្រហែល 50 លានដុល្លារ ដោយធ្លាក់ចុះ 99% ពី 7.6 ពាន់លានដុល្លារក្នុងឆ្នាំ 2019។ ប្រទេសនេះ បានខកខានការទូទាត់បំណុលរបស់ខ្លួននៅក្នុងខែឧសភា ហើយបច្ចុប្បន្នជំពាក់ម្ចាស់បំណុលចំនួន 51 ពាន់លានដុល្លារ នេះបើយោងតាម Visual Capitalist។

កាលណាខ្វះទុនបម្រុងបរទេស បាននាំឲ្យស្រីលង្កាមិនអាចទិញទំនិញចូលបានគ្រប់គ្រាន់ ដែលបង្កឲ្យទំនិញប្រើប្រាស់ប្រចាំថ្ងៃឡើងថ្លៃ បានរុញច្រានស្ថានការណ៍ឲ្យធ្លាក់ក្នុងវិបត្តិកាន់តែជ្រៅ៕