ទូរស័ព្ទដៃគឺជាឧបករណ៍អេឡិចត្រូចនិចមួយប្រភេទដែលកំពុងតែមានការពេញនិយមជាខ្លាំងក្នុងការប្រើប្រាស់នាពេលចប្ចុប្បន្ន ហើយមានមនុស្សចំនួនតិចណាស់ ដែលមិនមានទូរស័ព្ទដៃប្រើប្រាស់ផ្ទាល់ខ្លួន។ ទន្ទឹមនឹងនេះដែរវាក៏ជាឧបករណ៍មួយប្រភេទ ដែលអាចបង្កឥទ្ធិពលពីរផ្សេងគា្នទៅកាន់អ្នកប្រើប្រាស់ផងដែរ ពោលគឺប្រសិនបើអ្នកប្រើប្រាស់មិនបានត្រឹមត្រូវវានឹងបង្កជាផលប៉ះពាល់ ក៏ដូចជាផលអវិជ្ជមានផ្សេងៗជាច្រើន។
យើងសង្កេតឃើញថាមនុស្សមួយចំនួនធំបានចំណាយពេលវេលារបស់ខ្លួន ទៅលើការប្រើប្រាស់ទូរស័ព្ទដៃស្ទើរតែគ្រប់ពេលវេលា ដូចជាការលេងបណ្តាញសង្គមនិងការលេងហ្គេមជាដើម ដែលនេះគឺមិនមែនជាការល្អនោះទេ។ ដូច្នេះតើអ្នកគួរធ្វើយ៉ាងណាខ្លះដើម្បីផ្តាច់ខ្លួនចេញពីការលេងទូរស័ព្ទស្ទើរតែគ្រប់ពេលវេលា? ខាងក្រោមនេះគឺជាចំណុចល្អៗទាំង៥ក្នុងការជួយឱ្យអ្នកកាត់បន្ថយការប្រើប្រាស់ ទូរស័ព្ទដៃស្ទើរតែគ្រប់ពេលវេលា។
១) ត្រូវបែកចែកពេលវេលាឱ្យដាច់ក្នុងការប្រើប្រាស់

អ្នកត្រូវតែបែងចែកពេលវាឱ្យបានល្អនិងច្បាស់លាស់ក្នុងការប្រើប្រាសទូរស័ព្ទដៃ ពីព្រោះថាវាគឺជាចំណុចដែលអាចកំណត់បានថាតើអ្នកប្រើប្រាស់វាប៉ុន្មានម៉ោង និងប៉ុន្មានដងក្នុងមួយថ្ងៃ។ អ្នកត្រូវតែប្រាកដខ្លួនឯងថា ពេលណាត្រូវប្រើ ហើយពេលណាដែលមិនត្រូវប្រើដូចជាពេលសិក្សាក្នុងថ្នាក់អនឡាញ ពេលទំនេរ ឬក្នុងពេលវេលាដែលចាំបាច់ណាមួយជាដើម។ ការធ្វើដូចនេះអ្នកនឹងអាចគ្រប់គ្រងពេលវេលា ក៏ដូចជាដឹងពេលវេលាច្បាស់ ក្នុងការចំណាយពេលវេលាទៅលើការប្រើប្រាស់ទូរស័ព្ទប្រចាំថ្ងៃ។
២) រាល់ពេលចាប់កាន់ទូរស័ព្ទដៃត្រូវសួរខ្លួនឯងថា តើអ្នកនឹងប្រើក្នុងគោលបំណងអ្វី?

អ្នកត្រូវតែសួរខ្លួនឯងថាតើអ្នកប្រើវាដើម្បីអ្វី ហើយវាមានសារៈសំខាន់ដែរឬទេ? ប្រសិនបើវាជារឿងដែលចាំបាច់និងមានសារៈសំខាន់សម្រាប់អ្នក ដូចជាៈ ក្នុងការសិក្សា ក្នុងការស្រាវជ្រាវការកម្សាន្តនៅពេលទំនេរ ឬក្នុងការទំនាក់ទំនងផ្សេងៗ អ្នកគួរតែប្រើវាចុះ។ ផ្ទុយទៅវិញប្រសិនបើវាមិនមែនជារឿងដែលចាំបាច់ឬមិនបានជួយអភិវឌ្ឍខ្លួននោះទេ អ្នកគួរតែកាត់បន្ថយក្នុងការប្រើប្រាស់ទៅលើវា ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
៣) បិទសំឡេងនៃការជូនដំណឹងទៅលើកម្មវិធីមួយចំនួន

តើអ្នកធ្លាប់ដែរឬទេ នៅពេលណាដែលឮសំឡេងទូរស័ព្ទភ្លាមអ្នកតែងតែលូកដៃទាញទូរស័ព្ទមកបើកមើលគ្រប់ពេល បើទោះបីជាខ្លួនកំពុងតែរវល់ឬមួយក៏កំពុងតែរៀនក៏ដោយ? ច្បាស់ណាស់ អ្នកប្រាកដជាធ្លាប់។ សំឡេងនៃការជូនដំណឹងទាំងនោះអាចជាសំឡេងនៃកម្មវិធីដូចជា Facebook Messenger និង Instargram ជាដើម។ សំឡេងទាំងអស់នោះ នឹងទាញអារម្មណ៍អ្នកឱ្យចង់កាន់ ចង់បើកនិងចង់មើលទូរស័ព្ទគ្រប់ពេលវេលាតែម្តង។ ដូច្នេះអ្នកគួរតែបិទសំឡេងនៃការជូនដំណឹង ទៅលើកម្មវិធីមួយចំនួនដែលមិនចាំបាច់សម្រាប់អ្នក។
៤) ព្យាយាមធ្វើរឿងផ្សេងជំនួសវិញ

បើសិនអ្នកមានពេលទំនេរច្រើនហើយអ្នកចំណាយពេលវេលាទាំងអស់ទៅលើការលេងទូរស័ព្ទតែមួយមុខ វាមិនមែនជាការល្អនោះទេ ពីព្រោះថាវាអាចនឹងក្លាយជាទម្លាប់មិនល្អឬមួយក៏ធ្វើឱ្យអ្នកកាន់តែងប់ងល់នឹងការលេងជាដើម។ដូច្នេះជំនួសឱ្យការលេងទូរស័ព្ទតែមួយមុខ អ្នកអាចធ្វើរឿងល្អៗ និងមានប្រយោជន៍ដូចជាអានសៀវភៅ រៀនធ្វើម្ហូប ឬមួយក៏ធ្វើអ្វីដែលជាចំណង់ចំណូលចិត្តរបស់អ្នកជាច្រើនទៀត។វានឹងជួយឱ្យអ្នករីករាយ និងថែមទាំងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនថែមទៀតផង។
៥) សកម្មភាពដែលត្រូវធ្វើដំបូងគេក្រោយពេលភ្ញាក់ពីគេងគឺមិនត្រូវកាន់ទូរស័ព្ទនោះទេ

ពេលព្រឹកគឺជាពេលដែលអ្នកភ្ញាក់ពីគេងហើយសកម្មភាពទីមួយដែលអ្នកគួរតែធ្វើ គឺមិនគួរជាការលេងទូរស័ព្ទនោះទេ ពីព្រោះថាវានឹងបង្កជាទម្លាប់មិនល្អហើយវានឹងធ្វើឱ្យអ្នកកាន់តែមាអារម្មណ៍ខ្ជិល ពីមួយថ្ងៃទៅមួយថ្ងៃ។ ផ្ទុយទៅវិញអ្នកគួរតែធ្វើសកម្មភាពណាដែលផ្តល់ផលល្អដល់អ្នក ដូចជា ធ្វើលំហាត់ប្រាណទៅងូតទឹក និងរៀបចំបន្ទប់គេងជាដើម។
ជារួមមកវិញអ្នកគួរតែចំណាយពេលវេលា ទៅលើការប្រើប្រាស់ទូរស័ព្ទឱ្យបានត្រឹមត្រូវពីព្រោះថាវាគឺឧបករណ៍ ដែលអាចធ្វើឱ្យអ្នកឈ្លក់វង្វេងបាន ប្រសិនបើអ្នកប្រើប្រាស់មិនបានល្អ។ ម៉្យាងវិញទៀតប្រសិនបើអ្នកគិតថា ខ្លួនកំពុងតែស្ថិតនៅក្នុ្ងងស្ថានភាពដែលលេងទូរស័ព្ទដៃហួសកម្រិតអ្នកគួរតែអនុវត្តតាមវិធីសាស្រ្តទាំង៥ខាងលើ ពីព្រោះថាវានឹងជួយឱ្យអ្នកកាត់បន្ថយការលេងបានច្រើន៕